សុទ្ធតែ​ជើង​ខ្លាំង​ប៉ះ​គ្នា​លើ​សង្វៀន​អន្តរ​ជាតិ​​អាស៊ី​អាគ្នេយ៍​ នៅ​ថ្ងៃអាទិត្យ​

152

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រកួត​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ សង្វៀន​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ដោយ​មាន​វត្តមាន​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​សរុប​ចំនួន​៤​រូប​ប៉ះ​គ្នា ។

Loading...

កីឡាករ​កម្ពុជា​២​រូប​គឺ ឡុ​ង សុ​ភី ឬ នី សុ​ភី ដែល​ជា​កីឡាករ​ល្បីឈ្មោះ​ជើង​ចាស់​និង វង្ស វិ​ឆ័​យ ដែល​ជា​កីឡាករ​ឡើង​កូដ​មួយ​រូប រង់ចាំ​ស្វាគមន៍​កីឡាករ​ថៃ​ចំនួន​២​រូប​មក​ពី​ប្រទេស​ថៃ​។ ការ​ប្រកួត​២​គូ​នេះ ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ទាំង​កីឡាករ​កម្ពុជា​និង​ថៃ សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់ ។

ឡុ​ង សុ​ភី ដែល​ល្អ​ខាង​ប្រើ​កណ្ដាប់ដៃ​អម​ដោយ​បច្ចេកទេស ក្រោយ​ពី​ឡើង​កូដ​នៅ​ក្នុង​សង្វៀន​ប្រដាល់ និង​ជើង​ខ្លាំង​កំពុង​ឡើង​កូដ វង្ស វិ​ឆ័​យ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​២​រូប​នៅ​លើ​សង្វៀន​អន្តរជាតិ​នេះ ។ ពួក​គេ​ម្នាក់​ៗ​នឹង​ឡើង​ប្រកួត​ស៊ីសាច់​ហុត​ឈាម​ជាមួយ​កីឡាករ​ថៃ តែ​ក្នុង​លក្ខណៈ​មិត្ត ភាព​ដើម្បី​បង្ហាញ​កម្លាំង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ថ្លែង​ថា ឡុ​ង សុ​ភី គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​មក​ពី​ប្រទេស​ថៃ ទោះបី​មិន​ទាន់​មានឈ្មោះ​បោះ​សំឡេង​ក្តី ។ បើ​ទោះជា​រូបគេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។

ឡុ​ង សុ​ភី ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឆៀង ឆៃ ក្នុង​នាម​ជា​គូ​ឯក​សម្រាប់​ប្រដាល់​ជា​លក្ខណៈ​​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ដោយ​ភាគី​ម្ខាង​ៗ លោក​យល់​ថា​ពិតជា​ចង់​ឈ្នះ​ដាច់ខាត ខណៈ​ដែល​អ្នក​ណា​ឈ្នះ ក្រៅពី​បាន​មុខមាត់​និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ខ្ពស់​ជាង​ហើយ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​បន្ថែម​ទៀត ។ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ បែរជា​ចាញ់​ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ ។

យោង​តាម​ប្រវត្តិ​ប្រកួត​កន្លង​មក ឡុ​ង សុ​ភី ធ្លាប់​ប្រកួត​បាន​១៧១​លើក ឈ្នះ​១៣០​លើក ចាញ់​២៩​លើក និង​ស្មើ​១២​លើក ។ ឯ​កីឡាករ​ថៃ ឆៀង ឆៃ ប្រកួត​បាន​៨១​លើក ឈ្នះ​៥៩​លើក ចាញ់​២២​លើក ស្មើ​គ្មាន ។

សម្រាប់​ជើង​ថ្មី វង្ស វិ​ឆ័​យ ដែល​អ្នក​ស្នេហា​កីឡាប្រដាល់​ស្គាល់​ថា​ជា​កីឡាករ​មាន​សមត្ថ ភាព​មួយ​រូប និង​ជា​ម្ចាស់​ខ្សែក្រវាត់​ផង ត្រូវ​បាន គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ ថៃ ឈួ​ក ឆៃ ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថ្លែង​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយ សារ​កីឡាករ​ថៃ​ក៍​មិនធម្មតា ។

លោក​យល់​ថា​កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​​ប្រហាក់​ប្រហែល​គ្នា​។ វង្ស វិ​ឆ័​យ ធ្លាប់​ប្រកួត​បាន​៥៩​លើក ឈ្នះ​៥៣​លើក ចាញ់​៦​លើក ឯ​កីឡាករ​ថៃ ឈួ​ក ឆៃ ប្រកួត​បាន​៩១​លើក ឈ្នះ​៦៧​លើក ចាញ់​២១​លើក និង​ស្មើ​៣​លើក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)