អត្ថប្រយោជន៍​នៃ​ការ​សិក្សា​ព្រះធម៌

កាលបើ​ពុទ្ធបរិស័ទ​ពេញចិត្ត​ក្នុង​ការ​សិក្សា​ស្តាប់​នូវ​ព្រះធម៌​ជា​ប្រចាំ​ហើយ រមែង​បាន​ស្ងប់ចិត្ត​កើត​បីតិ​ដ៏​សមគួរ​ទៅ​តាម​ការ​យល់​ដឹង និង​រឹងរឹតតែ​យល់​ដឹង​ប្រយោជន៍​គឺ​សេចក្តី​ស្ងប់ចិត្ត​ក៏​រឹតតែ​ចម្រើន​ឡើង ។

ពុទ្ធបរិស័ទ​បាន​យល់​ដឹង​អំពី​ជីវិត ដែល​ចម្រើន​ទៅ​ដោយ​គុណធម៌ ព្រោះ​គុណធម៌ គឺ​មេត្តាករុណា​ក្តី សេចក្តី​សន្តោស​ក្តី សេចក្តី​ព្យាយាម​ក្តី សីល​ក្តី សមាធិ​ក្តី ខន្តី សេចក្តី​អត់ធន់​ក្តី រមែង​កើតឡើង​ចម្រើន​ក្នុង​ចិត្ត ដោយ​អាស្រ័យ​ការ​យល់​ដឹង​អំពី​សេចក្តី​ពិត​របស់​ជីវិត​ហ្នឹងឯង ។

ដើម្បី​ជា​ប្រយោជន៍​ធំ​ទូលំទូលាយ សូម​ពុទ្ធបរិស័ទ​កុំទៅ​វត្ត​តែ​ម្នាក់ឯង កុំ​សិក្សា​ស្វែង​យល់​តែ​ម្នាក់ឯង ត្រូវ​ដឹកនាំ ត្រូវ​បបួល​មិត្តសម្លាញ់ និង​អ្នក​ដទៃ​ផ្សេង​ទៀត​ឲ្យ​បាន​ចូល​ស្តាប់​ផង មិត្តសម្លាញ់ និង​អ្នក​ដទៃ​ហ្នឹងហើយ​ជា​គុណប្រយោជន៍​ដ៏​ធំ​ទូលាយ ។