រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកនាង ម៉េង វិមានរតនា ដែលជាអតីតតារាសម្តែង និងចម្រៀងល្បីឈ្មោះ បានរៀបចំពិធីមង្គលការដ៏ធំមួយដល់កូនស្រីជាទីស្រឡាញ់។ អ្នកនាងដែលពេលនេះ ឡើងឋានៈជាលោកជំទាវ បានសម្តែងនូវភាពរំភើបក្រៃលែង ព្រោះនោះជាបំណងដែលអ្នកនាង និងស្វាមី ប្រាថ្នាយូរមកហើយតាំងពីចាប់គូជាប្តីប្រពន្ធ។

ស្វាមីរបស់អ្នកនាង ម៉េង វិមានរតនា មានឋានៈផ្កាយ៣ មានឈ្មោះថា ឯកឧត្តម មែ សារឿន ។ ចំណែកកូនស្រីច្បងដែលចូលរោងការឈ្មោះ រឿន រតនាលីហ្សា វ័យ១៧ឆ្នាំ ។ មង្គលការរៀបចំយ៉ាងអឹកធឹក ក្រោមការចូលរួមពីភ្ញៀវ គ្រប់លំដាប់ និងតារាមួយចំនួន ដោយសរុបជាង១ពាន់នាក់ ឡើងផ្អើលអ្នកចាក់អង្រែ។ លើសពីនោះ គេឃើញមានវត្តមាន អ្នកនាង ម៉េង កែវពេជ្ជតា ចូលរួមដោយសារអ្នកទាំង២ក៏ជាសាច់ញាតិបង្កើតជាមួយគ្នាដែរ។

អ្នកនាង ម៉េង វិមានរតនា ដែលមានសំណាងខ្ពស់ក្លាយជាជំទាវ តែនៅរក្សាភាពសាមញ្ញ បានឱ្យដឹងថា អ្នកនាងពិតជារំភើបនៅ ពេលឃើញថា បំណងម្តាយឪពុក គ្រប់រូបសុទ្ធតែចង់អោយកូនៗមានអនាគត។ ដូចនេះអ្នកនាងបានសម្រេចរឿងមួយក្នុងជីវិតនៅសល់កូនស្រី២នាក់ទៀត។
តារាដែលស្អាតស្រគត់ស្រគំរូបនេះអោយដឹងទៀតថា ដូចដឹងហើយថា សង្គមយើងឥឡូវក្មេងៗ ពិបាកមើលណាស់ទាល់តែតាមដាន ហើយមានឪពុកម្តាយខ្លះក៏ពិបាកចិត្តរឿងកូនមិនតិចដែរ ។ លុះកូនដើរផ្លូវល្អ អ្នកណាមិនរំភើប។

ដោយឡែកសិល្បៈ វិញតាំងពីដើមមកមិនមាន ចិត្តចង់ឈប់ទេ តែស្វាមីហាមទើបត្រូវជ្រើសរើស ដើម្បីមើលថែគ្រួសារ។ ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ អាចបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ តាមកម្មវិធីណាមួយ ក្នុងន័យរំលឹកដានចាស់ខ្លះៗ ស្របពេលនឹករលឹកមហាជន និងអ្នកសិល្បៈ។ (កែសម្រួលដោយ ៖ បុប្ផា)








