រាជធានីភ្នំពេញ ៖ទស្សនិកជនបាត់ដំណឹង តារាសម្តែងស្រស់សោភា២នាក់បងប្អូន ធ្លាប់មានភាពលេចធ្លោផ្នែកសម្តែង គឺពេជ្រ សុវណ្ណភិជ្ជរ៉ា និងពេជ្រ រតនាទេវី បន្ទាប់ពីពួកនាងចាកឆ្ងាយពីអាជីព ។ យ៉ាងណាមិញចម្ងល់បានបង្ហាញឡើង ដោយអ្នកទាំង២បានប្រកាស ចូលពិភពសិល្បៈវិញ ក្រោយពេលសម្រាកជាយូរកន្លងមក ។
ទាំងពីរនាក់បងប្អូននេះបានសាងស្នាដៃសិល្បៈគួរឲ្យចាប់អារម្មណ៍ កាលពីច្រើនឆ្នាំមុន ។ ម្នាក់ៗបានសាងស្នាដៃដូចជាថតខ្សែភាពយន្តភាគ រឿងអប់រំ និងស្ប៉តពាណិជ្ជកម្ម ល្បីៗ។ ប៉ុន្តែភាពល្បីឈ្មោះបានបកក្រោយ ព្រោះអ្នកទាំង២បានដកឃ្លាចេញពីវិថីដែលនាំឲ្យទស្សនិកជនធ្លាប់តាមដានមានការងឿងឆ្ងល់ និងមិនគួរចោលឱកាសសាងស្នាដៃសិល្បៈ ដែលពិបាកទាញប្រជាប្រិយភាពណាស់ សម្រាប់តារា មួយដួងៗ។
កញ្ញាពេជ្រ រតនាទេវី បានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ចាប់ពីពេលនេះតទៅបងប្អូនត្រកូលពេជ្ររបស់នាង វិលមកទីលានសិល្បៈវិញដូចពីមុនហើយ ។ ព្រោះតែមានមូលហេតុការងារផ្ទាល់ខ្លួនមួយចំនួនអស់ពេលជាច្រើនឆ្នាំ គឺជាប់នៅក្រៅប្រទេសផង នោះទើបខកខានបង្ហាញស្នាដៃ ។ ពេលនេះទាំងនាង និងបងស្រីវិជ្ជរ៉ា សម្រេចចិត្ត ទទួលសម្តែងដូចពីមុនវិញ មិនថារឿង ឬថតស្ប៉ត និងច្រៀងគឺទទួលដូចដើម។ ពួកនាងមិនប្រជែងជាមួយរលកក្រោយនោះទេ មានតែខិតខំសម្តែងទៅតាមទេពកោសល្យដែលមានពីធម្មជាតិ និងធ្វើតាមនិស្ស័យដែលស្រឡាញ់សិល្បៈ ។
ដោយឡែកកញ្ញាពេជ្រ សុវណ្ណភិជ្ជរ៉ា ឲ្យដឹងថា នាងបាត់មុខមួយរយៈព្រោះ ជាប់ទៅសិក្សានាប្រទេសអូស្ត្រាលី ។ រហូតមកទល់ពេលនេះនាងទទួលបានសញ្ជាតិអូស្ត្រាលីហើយ។ នាងមានបងស្រីរស់នៅទីនោះ ទើបបានជាមានឱកាសទៅ-មកប្រទេសអូស្ត្រាលីញឹកញាប់។
ការវិលបកមកច្បាមអាជីពសិល្បៈម្តងទៀតនេះកញ្ញាពេជ្រ សុវណ្ណភិជ្ជរ រំពឹងថា ទស្សនិកជននឹងរង់ចាំស្នាដៃ ថ្មីៗរបស់នាង និងប្អូនស្រី ចែកជូនអ្នកគាំទ្រ ។
ពេជ្រ រតនាទេវី ជាតារាសម្តែងម្នាក់ធ្លាប់លេចមុខក្នុងរឿងភាគរបស់ផលិតកម្មអិលឌី បទចម្រៀងនៅសាន់ដេ បទរបស់ហង្ស ឧត្តមម៉ានីជាដើម ។ ចំណែកភិជ្ជរ៉ាជាបងស្រី ជាអតីតបវរកញ្ញាឯកទេសចរណ៍ឆ្នាំ២០០៨ ។ បន្ទាប់មកទៀតបង្ហាញស្នាដៃរឿងអប់រំនានា ដូចជាប្រឆាំងគ្រឿងញៀន និងជាតារាលេចធ្លោខាងបង្ហាញម៉ូដប្រចាំសាន់ម៉ូដែលផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)



