ការ​រកស៊ី​របស់​កូរ៉េ​នៅ​កម្ពុជា​អាច​នឹង​កើនឡើង​បន្ទាប់​ពី​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រីកម្ពុ​ជានា​ពេល​ខ្លី​ខាង​មុខ

80

រាជធានី​ភ្នំពេញ​៖ ការ​វិនិយោគ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​កូរ៉េ​អាច​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​ក្រោយ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​កាន់​ប្រទេស​កួ​រ៉េ​នា​ចុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១ នៅ​ទីក្រុង​ប៊ូ​សាន សាធារណរដ្ឋ​កូរ៉េ ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

Loading...

ទស្សនកិច្ច​នោះ​នឹង​ក្លាយជា​ឪ​កាស​មួយ​សម្រាប់​កម្ពុជា​នៅ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​របស់​កូរ៉េ​មក​កាន់​ប្រទេស​កម្ពុជា ខ​ណះ​ដែល​សម្តេច​តេ​ជោ​គ្រោង​នឹង​ជួប ទ្វេរ​ភាគី​ផង​ដែរ​ជាមួយនឹង​ន​លោក មូ​ន ចែ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​កួ​រ៉េ​ខាងត្បូង​។

លោក ផាក ហ៊ឹង ខ្យ​ង់ ឯកអគ្គរដ្ឋទូត​កួ​រ៉េ​ខាងត្បូង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​មាន​តម្លៃ​ជា​ទឹកប្រាក់​១០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខ​ណះ​ដែល​ការ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ៥៨០០ លាន​ដុល្លារ ចាប់តាំងពី​ការ​បង្កើត​ទំនាក់ទំនង ការទូត​រវាង ប្រទេស ទាំង​ពីរ​តាំងពី​ឆ្នាំ ១៩៩៧ មក​ដោយ​ធ្វើ​អោយ​កូរ៉េ​ខាងត្បូង​ក្លាយជា​វិនិយោគិន​ធំ​ជាងគេ​បំផុត​ទី​ពីរ​នៅ​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន​។

លោក​ទូត​បានអោយ​ដឹងផង​ដែរ​ថា​សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​សំខាន់​មួយ​ដល់​កម្ពុជា​ផង​ដែរ​។ កូរ៉េ​ខាងត្បូង បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​មាន​តម្លៃ ជា​ទឹកប្រាក់​រហូត​ដល់​៧០០​លាន​ដុល្លារ​។ ខ​ណះ​ដែល​កម្មករ​កម្ពុជា​ជាង​៤០០០០​នាក់​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ មាន​ជនជាតិ​កូរ៉េ​១៥០០០​នាក់​រស់នៅ​និង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​មាន​ក្រុមហ៊ុន​កូរ៉េ​ចំនួន​២៥០​ដំណើរការ​រកស៊ី​នៅ​កម្ពុជា​។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ​ថ្ងៃ​ទី ២១ ខែវិច្ឆិកា​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ទាំង​ពីរ​ខាងលើ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ លោក​ប្រធានាធិបតី មូ​ន ចែ​អ៉ី​ន ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ភាគី រួម​ទាំង​ប្រធានបទ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ការ​យកចិត្តទុកដាក់ និង​ការ​បារម្ភ​រួម​។ បន្ទាប់​មក ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ផង​ដែរ​។

នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ចំនួន​ពីរ​ដង ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​៖ ១) ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ រយៈពេល​៣០​ឆ្នាំ និង​ទិស​ដៅ​អនាគត​ក្នុង​កិច្ច​ខិតខំ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមាហរណកម្ម​តំបន់ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​វិស័យ​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ និង ២) ការ​លើកកម្ពស់​កា​រត​ភ្ជាប់​។ ស្រប​ពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​ជាមួយ​ថ្នាក់ដឹកនាំ​ដទៃ​ទៀត នៃ​ប្រទេស​សមាជិក​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ ក៏​នឹង​អញ្ជើញ​ទស្សនា​ព្រឹត្តិការណ៍​សំខាន់​ចំនួន​ពីរ រួម​មាន ការ​បង្ហាញ​នៃ​ការ​ចាប់ផ្តើម​និង​វឌ្ឍនភាព​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​ការ​បង្ហាញ​នវានុវត្តន៍ អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០១៩​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​ផែនការ​ឆ្ពោះទៅ​មុខ ដែល​ស្រប​ជាមួយ​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​ជាមួយ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​មេគង្គ និង​សាធារណរដ្ឋ​កូរ៉េ ក៏​នឹង​អញ្ជើញ​ទស្សនាការ​តាំងពិព័រណ៍​ពិសេស ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ជីវៈចម្រុះ​រវាង​ប្រទេស​មេគង្គ និង​សាធារណរដ្ឋ​កូរ៉េ​។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​ប៊ូ​សាន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ទទួល​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​ដោយ លោក អូ កែ​-​ដុន (Oh Keo-don) អភិបាល​ទីក្រុង​ប៊ូ​សាន​។ សម្តេច​តេ​ជោ ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​កម្ពុជា សិស្ស​-​និស្សិត និង​ពលករ​កម្ពុជា ដែល​កំពុង​តែ​រស់នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ នឹង​គូសបញ្ជាក់​អំពី​ខួប​លើក​ទី​៣០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សា​ធារណ​រដ្ឋ​កូរ៉េ ហើយនឹង​កំណត់​ពី​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ពេល​អនាគត ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ដល់​កម្រិត​ថ្មី​ខ្ពស់​ជាង​មុន​។ លើស​ពី​នេះ កិច្ចប្រជុំ​កំពូល​ទាំង​ពីរ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បន្ថែម​ទៀត ដើម្បី​ជំរុញ​បន្ថែម​នូវ​ភាព​ជា​ដៃគូ​រវាង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​បណ្តា​ប្រទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ផលប្រយោជន៍ និង​វិបុលភាព​ពិតប្រាកដ​របស់​ប្រជាជន​ខ្លួន ៕ កែសម្រួលដោយ ៖ សុឃាក់