ចង្រិតចិញ្ចឹមនាសព្វថ្ងៃ​នេះ…កំពុងមាន​ទី​ផ្សារ​​​ខ្ពស់​ណាស់

338

ខេត្តបាត់ដំបង​ ៖ នេះ​មិនមែន​ជា​លើក​ដំបូង​ទេ សម្រាប់​ការ​ប្រមូល​ផល​ចង្រិត​ចិញ្ចឹម​របស់​លោក​ជីវ ជឿន ដើម្បី​លក់​ឲ្យ​ម៉ូយ​ធំ​ៗ​នៅ​លើ​ទីផ្សារ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក​ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ញញឹម​បិទ​មាត់​មិន​ជិត​នាពេល​នេះ គឺ​ចង្រិត​ច​ិញ្ចឹ​ម​របស់​គាត់​កំពុង​មាន​ទីផ្សារ​ល្អ ជាង​ការ​ប្រមូល​ផល​លើក​មុន​ៗ ខណៈ​ដែល​ចង្រិត​ចិញ្ចឹម​របស់​គាត់ ​ក៏​ដល់​ពេលវេលា​ត្រូវ​ប្រមូល​ផល​លក់​ឱ្យ​​ម៉ូយ​ល្មម​ ។

Loading...

លោក​ជីវ ជឿន ហាក់​បង្ហាញ​នូវ​ទឹកមុខ​យ៉ាង​រីករាយ​បំផុត នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ ខណៈ​ដែល​គាត់​កំពុង​ប្រមូល​ចង្រិត​ថ្លឹង​គីឡូ​លក់​ឲ្យ​ម៉ូយ​នៅ​ក្នុង​កសិដ្ឋាន​របស់​គាត់ ។ នៅ​ក្នុង​ស្ថានភាព​ខ្លួន​ទទេ​រស្អាត ស្លៀក​​តែ​ខោខ្លី កសិករ​រូប​នេះ បាន​និយាយ​លាយឡំ​នឹង​សំណើច​ក្អះ​ក្អា​យ បញ្ចេញ​កាយវិការ​ខ្លះ​ៗ​ផង យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ចិញ្ចឹម​ចង្រិត​រយៈពេល​២​ឆ្នាំ​ហើយ មិន​ដែល​លក់​បាន​តំលៃ​ខ្ពស់​ដូច​លើក​នេះ​ទេ​ ។ លើក​នេះ​ចង្រិត​ខ្ញុំ​លក់​ឲ្យ​ម៉ូយ​ក្នុង​តំលៃ​១​ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម ដែល​ខុស​ពី​ការ​ប្រមូល​ផល​មុន​ៗ លក់​បាន​ត្រិ​ម​តំលៃ​ចន្លោះ​ពី​៧,០០០​រៀល ដល់​៨,៥០០​រៀល​ប៉ុណ្ណោះ​។ ដូច្នេះ​នេះ​ ជា​ការ​ផ្ដល់​កម្លាំងចិត្ត​ដ៏​ធំធេង​មួយ នៅ​ក្នុង​មុខរបរ​ចិញ្ចឹម​ចង្រិត​របស់ខ្ញុំ ក្នុង​រយៈ​២​ឆ្នាំ​កន្លង​ទៅ​នេះ​»​។

លោក​ជីវ ជឿន អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​នរិន្ទ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។ ក្រៅពី​មានមុខ​របរ​ចិញ្ចឹម​ចង្រិត គាត់​ក៏​មានមុខ​របរ​ប្រចាំ​ថ្ងៃ​លក់​ទឹកកក បោះ​ដុំ​និង​លក់រាយ​យ៉ាង​មមារញឹក​នៅ​ក្នុង​មូលដ្ឋាន​ដែរ​។ គាត់​និយាយ​ថា ការ​ចាប់​មុខរបរ​ចិញ្ចឹម​ចង្រិត​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ ហាក់​មិន​ទាន់​មានការ​ខាតបង់​ទេ បើ​ទោះជា​កន្លង​មក​ទីផ្សារ​ចង្រិត​ទាប​ជាង​ពេល​នេះ​ក្ដី​ ។ ដំបូង​ឡើយ​គាត់​មាន​ធុង​ចិញ្ចឹម​ចង្រិត​ត្រិ​ម​តែ​៣​ទៅ​៤​ធុង​ប៉ុណ្ណោះ តែ​ដោយ​ការ​ចិញ្ចឹម​ចេះ​តែ​សមប្រកប ទើប​គាត់​ពង្រីក​កសិដ្ឋាន​ឲ្យ​កាន់តែ​ធំ​រហូត​ពេល​នេះ គាត់​មាន​ធុង​ចិញ្ចឹម​ចង្រិត​ដល់​ទៅ​ចំនួន​១០​ធុង​ហើយ​។

ជាមួយនឹង​ការ​ចាប់​យកមុខ​របរ​ចិញ្ចឹម​ចង្រិត​របស់​ពលរដ្ឋ​នេះ បើ​តាម​មន្ត្រី​មូល​ដ្ខា​នបាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំមួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​មានការ​ចាប់​អារ​ម្ម​ណ៍ខ្លាំង ទៅ​លើ​មុខរបរ​ចិញ្ចឹម​ចង្រិត​ ។ ព្រោះ​មុខរបរ​នេះ ​ហាក់​មាន​ភាព​ងាយ​ស្រូល មាន​រយៈពេល​ខ្លី​ក្នុង​ការ​ប្រមូល​ផល និង​ចំណាយ​ទុន​តិច តែ​ទ​ទូល​បាន​ប្រាក់​ចំណេញ​ច្រើន​ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ការ​កត់សម្គាល់ ដំបូង​មាន​ប្រហែល​ពី​៥​ ទៅ​៦​ទីតាំង​ប៉ុណ្ណោះ ដែល​មាន​កសិករ​ចិញ្ចឹម​ចង្រិត ​។ ជា​ពិសេស ​នៅ​ក្នុង​ឃុំ​ព្រែក​នរិន្ទ តែ​សព្វថ្ងៃ​ មាន​កសិករ​ចិញ្ចឹម​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ក្នុងស្រុក​ឯក​ភ្នំ​។

លោក​ជីវ ជឿន ក៏​បាន​ទ​ទួល​ស្គាល់​ដែរ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ឯក​ភ្នំ ជា​ពិសេស​ ពលរដ្ឋ​នៅ​ឃុំ​ព្រែក​នរិន្ទ ដែល​កំពុង​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង ​ទៅ​លើ​មុខរបរ​ចិញ្ចឹម​ចង្រិត​នេះ​។ លោក​បាន​បញ្ជាក់​ប្រាប់​ដូច្នេះ​ថា «​បើ​តាម​ខ្ញុំ​ដឹង សព្វ​ថ្ងៃនេះ ​មាន​អ្នក​ចិញ្ចឹម​ចង្រិត​កើនឡើង​យ៉ាងតិច​ជិត​៣០​កន្លែង ដែល​ភាគច្រើន​នៅ​ក្នុង​ឃុំ​ព្រែក​នរិន្ទតែ​ម្ដង​»​។ ប៉ុន្តែ​គាត់បាន​អះអាង​ថា អ្នក​ដែល​ទើប​ចាប់ផ្ដើម​ទាំងនោះ មិន​ទាន់​មាន​លក្ខណៈ​ធំដុំ​ទេ ​។ ពួក​គេ​មាន​ធុង​ចិញ្ចឹម​ចង្រិត​ពី​៣ ​ទៅ​៤​ធុង​ប៉ុណ្ណោះ ហើយ​មាន​តែ​ទីតាំង​របស់​លោក​ទេ ដែល​ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ធំដុំ​ជាងគេ ព្រោះ​ពួក​គេ​ខ្លះ​ទើប​ចាប់ផ្ដើម​។

ពាក់ព័ន្ធ​នឹង​ដំណើរការ​នានា​នៃ​ការ​ចិញ្ចឹម​ចង្រិត កសិករ​សម្បុរ​ស្រអែម មាឌធំ​ក្រអាញ​រូប​នេះ បាន​បង្ហើប​ពី​បច្ចេកទេសនៃ​ការ​ចិញ្ចឹម​ខ្លះ​ៗ​បែប​នេះ​ថា «​សត្វ​ចង្រិត​ងាយ​ស្រួល​ចិញ្ចឹម​បំផុត បើ​យើង​ចេះ​រៀបចំ​ធុង​ចិញ្ចឹម និងទីតាំង​ឲ្យ​បាន​ស្អាត​ល្អ​។ ចង្រិត​ស៊ី​ចំណី​ច្រើន ស៊ី​មិន​ឈប់​ឲ្យ​តែ​មាន​ចំណី​។ យើង​អាច​យក​កន្ទក់​លាយ​ជាមួយ​ចំណី​មាន់​ដែល​លក់​លើ​ទីផ្សារ​ដាក់​ឲ្យ​វា​ស៊ី និងស្លឹក​រុក្ខជាតិ ដូច​ជា​ស្លឹក​ឆាយា ស្លឹក​ផ្ទី ស្លឹក​ក​ន្ធំ​ថេ​ត ស្លឹកចេក ។​ល​។ ប៉ុន្តែ​អ្នក​ចិញ្ចឹម​ត្រូវ​មើលថែ​ឲ្យ​ខ្ជាប់ខ្ជួន​បំផុត​គឺ​ទឹក​ដែល​ត្រូវ​ដាក់​ឲ្យ​វា​ផឹក​មិន​ឲ្យ​ដាច់​ឡើយ ព្រោះ​ចង្រិត​ច​ញ្ចឹ​ម​ត្រូវការ​ទឹក​ខ្លាំង​បំផុត​»​។

លោក​ជីវ ជឿន បាន​បញ្ជាក់​ដែរ​ថា ការ​ចិញ្ចឹម​ចង្រិត​មាន​រយៈពេល​ចន្លោះ​ពី​៤០​ ទៅ​៤៥​ថ្ងៃ​ប៉ុណ្ណោះ អាច​ចាប់​លក់​បាន​ហើយ ​។ ចំពោះ​ទីផ្សារ​វិញ ចង្រិត​ច​ញ្ចឹ​ម​ធ្លាក់​ថ្លៃ​ក្រោម​១​ម៉ឺន​រៀល នៅ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង ដោយសារ​រដូវ​នោះ ​សំបូរ​ចង្រិត​ព្រៃ ដែល​គេ​ដាក់​អំ​ពូ​ល​ភ្លើង​ចាប់​តាម​ព្រៃ ឬតាម​ស្រែ​។ ប៉ុន្តែ​សម្រាប់​រយៈពេល​នេះ ចង្រិត​ច​ញ្ចឹ​ម​មាន​តំលៃ​ខ្ពស់ ព្រោះ​គ្មាន​ចង្រិត​ព្រៃ ​។ គាត់​បាន​ប្រាប់​ថា ចិញ្ចឹម​ចង្រិត​មិន​ក្ស​ត់​ម៉ូយ​ទិញ​ទេ​ឲ្យ​តែ​មាន គឺ​គេ​ទ​ទូល​យក​ទាំងអស់​មិន​ថា រដូវ​ក្រ​ចង្រិត​ឬ​សំបូរ​ចង្រិត​ឡើយ​។ បច្ចុប្បន្ន​ ម៉ូយ​ដែល​កំពុង​ទ​ទួល​ទិញ​ភាគច្រើន មក​ពី​ខេត្តបន្ទាយមានជ័យ​។

ទោះ​យ៉ាងណា ជាមួយនឹង​ការ​ប្រមូល​ផល​ចង្រិត នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ លោក​ជីវ ជឿន បាន​ឲ្យ​ដឹង​ដែរ​ថា «​ការ​ប្រមូល​ផល​ចង្រិត​លើក​នេះ​ បាន​ប្រហែល​ជាង​១៥០​គីឡូក្រាម ហើយ​បើ​កាត់កង​ទៅ​លើ​ទុន​ចំណាយ ខ្ញុំ​អាច​ចំណេញ​បាន​ប្រាក់​ប្រមាណ​៧០% ដែរ​។ ខ្ញុំ​គិត​ថា នេះ​ជា​ភាព​ជោគជ័យ​មួយ នៃ​មុខរបរ​ចិញ្ចឹម​ចង្រិត​​របស់​ខ្មុំ​។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​មាន​ផែនការ​ពង្រីក​កសិដ្ឋាន​ច​ញ្ចឹ​ម​ចង្រិត​នេះ ឲ្យ​កាន់តែ​ធំ​ជា​នេះ​បន្ថែម​ទៀត នា​ពេល​ខាង​មុខ​នេះ​» ៕