រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានបញ្ចូលមុខជំនាញថ្មី ២ បន្ថែមទៀត ទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់ដេប៉ាតឺម៉ង់ថ្មី និងមុខជំនាញថ្មី២ គឺបរិញ្ញាបត្រជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច (Business IT) ។

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាបានអះអាងថា ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច (Business IT) នេះ គឺជាជំនាញទាន់សម័យបំផុតដែលមានតម្លៃ និងតម្រូវការចាំបាច់ក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម៤.០ ។ ជំនាញសំខាន់ទាំង ២ នេះ ត្រូវបានលោកបណ្ឌិតនាយកវិទ្យាស្ថាន អះអាងថា សិក្សាចប់ត្រឹមឆ្នាំទី២ប៉ុណ្ណោះ និស្សិតនឹងមានឱកាសមានការងារធ្វើជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ភ្លាមៗ ។

លោកបណ្ឌិតបានមានប្រសាសន៍បន្តថា មូលហេតុដែលវិទ្យាស្ថានសម្រេចបង្កើតដេប៉ាតឺម៉ង់ថ្មី និងមុខជំនាញថ្មី២ បន្ថែមនេះដោយសារតែធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវការជំនាញនេះ ដើម្បីឲ្យនិស្សិតចូលរួមជួយអភិវឌ្ឍន៍ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យទៅជាធនាគារ ឌីជីថល ដែលមានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ។

លោកបណ្ឌិតមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ថ្នាក់ដឹកនាំនៃ ធនាគារ អេស៊ីលីដា នឹងទទួលយកអ្នកដែលបានសិក្សាជំនាញទាំង២នេះ នៅពេលរៀនចប់ឆ្នាំទី២ ឡើងទៅ គឺឲ្យចូលធ្វើការតែម្តង ។ ដូច្នេះ ជំនាញទាំង ២ នេះមានទីផ្សារធំធេងណាស់សម្រាប់ការអភិវឌ្ឍន៍លើវិស័យឌីជីថល ព្រោះថាមិនត្រឹមតែវិស័យធនាគារនោះទេ តែគ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធសឹងតែត្រូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ដើម្បីពន្លឿនការងារ និងមានលទ្ធផលប្រកបដោយប្រសិទ្ធភាពផងដែរ» ។

គួររំលឹកផងដែរថា បច្ចុប្បន្ននេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលជាថ្នាលអប់រំដើម្បីភាពជោគយក្នុងអាជីព មានទទួលបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សាជូនដល់សិស្ស-និស្សិតគ្រប់មជ្ឈដ្ឋានដូចជា៖
ថ្នាក់បរិញ្ញាបត្រ៖
-ហិរញ្ញវត្ថុ និងធនាគារ
-គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង
-គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
-ពាណិជ្ជកម្មអន្តរជាតិ
-បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)
-បច្ចេកវិទ្យាព័ត៌មានធុរកិច្ច (Business IT)
ថ្នាក់បរិញ្ញាបត្ររងឯកទេស៖
-ហិរញ្ញវត្ថុ និងធនាគារ
-ធានារ៉ាប់រង
-ចលនូបត្ថម្ភ
-គ្រប់គ្រងអាហរ័ណ-នីហរ័ណ



