មិត្ត​ដែល​មានគុណ​ធម៌

ពាក្យចាស់​ពោល​ថា ជួយ​គ្នា​ក្នុង​គ្រាក្រ​លំបាក ឬ​ក្នុង​ពេល​មានទុក្ខ ហេតុនេះ​កាលបើ​យើង​ឃើញ​មិត្ត​របស់​យើង​មាន​សេចក្តី​ទុក្ខ​ធុ​រ យើង​គួរ​ជួយ​មិត្ត​ដោយ​ផ្តល់​ធនធាន​ខ្លះ​ដើម្បី​សម្រាល​ជីវភាព​ឬ​ក៏​បបួល​គេ​ចូល​វត្ត​អារាម​ដូច​ជា ក្នុង​ថ្ងៃឧបោសថសីល​ជាដើម យើង​ក៏​ទៅ​បបួល​គេ​មក​អង្គុយ​ស្តាប់ធម៌​ដោយ​ស្ងប់ចិត្ត ឲ្យ​គេ​បាន​រៀន​អំពី​សេចក្តី​ពិត​នៃ​ជីវិត នឹង​បាន​ធូរ​ថយ​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ចិត្តបាន​ខ្លះ ។

ការ​ជួយ​មិត្តសម្លាញ់​ក្នុង​សភាព​បែប​នេះ​ជា​ការ​ជួយ​ដ៏​ពិតប្រាកដ ជា​ការ​ជួយ​យ៉ាង​ថាវរៈ​មាំមួន ធ្វើ​ឲ្យ​មិត្តភក្តិ​បាន​ទទួល​នូវ​វត្ថុ​ដ៏​ល្អ​ទុក​ក្នុង​បេះដូង​តទៅ ដូច្នេះ​ការ​ជួយ​មិត្តភក្តិ តាម​ផ្លូវ​បែប​សង្គ្រោះ និង​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​គឺជា​ការងារ​ដែល​គួរ​ធ្វើ ។

ការ​សាង​គុណធម៌​ឲ្យ​ចម្រើន​ក្នុង​ចិត្ត​របស់​ខ្លួន​ផង និង​ជួយ​ឲ្យ​អ្នក​ដទៃ​បាន​នូវ​គុណធម៌​ប្រចាំចិត្ត​ផង នេះ​គឺជា​ប្រយោជន៍​ដ៏​មាន​ខ្លឹមសារ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​យើង ។ (ដោយសាន សារិន)