បុគ្គល​បរិសុទ្ធ​ឈ្មោះ​ថា​នៅ​ជិត​តថាគត

កាលបើ​ចិត្ត​របស់​បុគ្គល​មិន​បរិសុទ្ធ មិន​ប្រតិបត្តិ​តាម​ធម៌​វិន័យ បើ​ទោះជា​បុគ្គល​នោះ​ដើរ​តាម​តថាគត​ដោយ​កាន់​ដៃ ឬ​កាន់​ចីវរ​របស់​តថាគត​ក៏​មិន​ឲ្យ​ឈ្មោះ​ថា នៅ​ជិត​តថាគត​ដែរ តែ​សាវក​ទាំងឡាយ​ណា​ធ្វើ​តាម​ដំបូន្មាន​របស់​តថាគត និង​រក្សា​នូវ​ភាព​បរិសុទ្ធ​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ជា​និច្ច សាវ័ក​នោះ​បើ​ទោះជា​នៅ​ឆ្ងាយ​ពី​តថាគត​រាប់​ម៉ឺន​យោជន៍​ក៏​ឈ្មោះ​​ថា​ជា​អ្នក​នៅ​ជិត​តថាគត ។

មាន​អត្ថ​កថា​មួយ​កន្លែង​នៅ​ក្នុង​គម្ពីរ​ធម្មបទ​បាន​បំភ្លឺ​យ៉ាងនេះ​ថា កាលដែល​ព្រះ​អង្គ​ទើប​ត្រាស់​ដឹង​នូវ​ធម៌​ក្នុង​លោក ទ្រង់​បាន​ទូន្មាន​យើង​ឲ្យ​គោរព​នូវ​បុគ្គល​ដែល​គួរ​គោរព ដោ​យ​​​មិន​ចាំបាច់​គិតដល់​សាសនា ឬ​ជាតិ​សាសន៍​របស់​គេ​ទេ ដែល​សំខាន់​ឱ្យ​តែ​បុគ្គល​នោះ​មាន​ឥន្ទ្រិយ​សង្រួម​ល្អ​ហើយ ។

អ្នកមាន​ចរិយា​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវធម៌​វិន័យ មានចិត្ត​ស្ងប់រម្ងាប់​ចាក​មន្ទិល​ដែល​ជា​គ្រឿង​សៅហ្មង​ទាំងឡាយ​ក្នុង​លោក បុគ្គល​នោះ​ហើយ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ ។ (ដោយសាន សារិន)