រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានបរាជ័យក្នុងការចូលស្រុកវិញ កាលពេលកន្លងមកនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជាក្រសួងមហាផ្ទៃបានកោត សរសើរចំពោះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចធ្វើការទប់ស្កាត់ និងធ្វើឲ្យបរាជ័ យនៅឧបាយកលដ៏ពិសពុលរបស់ទណ្ឌិត សម រង្សី និងបក្សពួកដែលបានប្រមាថព្រះមហាក្សត្រ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ នៅកោះពេជ្រ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «សូមថ្លែងនៅការកោតសរសើរចំពោះ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ដែលបានចូលរួមជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការទប់ស្កាត់ និងធ្វើឲ្យបរាជ័យនៅឧបាយកលដ៏ពិសពុលរបស់ពួកក្បត់ដឹកនាំដោយទណ្ឌិត សម រង្សី និងបក្សពួកដែលបានប្រមាថព្រះ មហាក្សត្រជាទីសក្ការៈ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលថ្មីៗនេះ» ។
សម្ដេច អះអាងថា រាជរដ្ឋាភិបាលបន្តរក្សា បានរឹងមាំនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនប្រទេសជាតិ និងបង្កលក្ខណៈដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងក្លាបន្តលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងសកម្មភាពធុរកិច្ចគ្រប់ផ្នែកកាន់តែមានភាពប្រសើរថែមទៀត ។
សូមរំលឹកថា ក្រុមឧទ្ទាមដឹកនាំដោយលោក សម រង្ស៊ី បានកំណត់យកថ្ងៃទី៩ វិច្ឆិកា ចំថ្ងៃនៃការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែន ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា ។ ក៏ប៉ុន្តែផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី នៅថ្ងៃ៩ វិច្ឆិកា បានទទួលបរាជ័យទាំងស្រុង៕ កែសម្រួលដោយ ៖ សុឃាក់