ល្បិច​ចាយ​លុយ​នៅ​ចុងឆ្នាំ​នេះ

ចុងឆ្នាំ​កាន់តែ​ខិត​ជិត​មក​ហើយ ស្រប​ជាមួយនឹង​រដូវ​កាល​លក់​បញ្ចុះតម្លៃ និង​ការ​ផ្សព្វផ្សាយ​ពី​កម្មវិធី​ដំណើរ​កម្សាន្ត​នានា ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ដែរ ។ កំឡុង​ពេល​ចុងឆ្នាំ​ជា​ពេល​ដែល​មនុស្ស​តែងតែ​ចំណាយ​លើ​ខ្លួនឯង ដើម្បី​លើកទឹកចិត្ត​ជួបជុំ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ឬ​សម្រាក​លំហែកាយ​បន្ទាប់​ពី​ការ​សិក្សា ឬ​ការ​ប្រកបការងារ​អស់​មួយ​ឆ្នាំ​ពេញ ។

តែ​វា​ក៏​ជា​ពេល​ដែល​មនុស្ស​ប្រព្រឹត្ត​កំហុសឆ្គង​ធំ​ៗ​ទាក់ទិន​នឹង​លុយ​ដែរ ។ កំហុសឆ្គង​ដែល​ធំ​ជាងគេ គឺ​ការ​ចាយវាយ​ដោយ​មិន​បាន​គិតគូរ​ពិចារណា​ដោយ​ល្អិតល្អន់ ព្រោះតែ​គិត​ថា វា​កើតឡើង​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ។ យ៉ាងណា​ក្តី​ចូរ​ចង​ចាំ​ថា ការ​ចាយវាយ​តែ​ម្តង​ក្នុង​មួយ​ឆ្នាំ ដូច​អ្នក​គិត​នេះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ចំណូល​កន្លះ​ឆ្នាំ ឬ​មួយ​ឆ្នាំ​របស់​អ្នក ។ ដូច្នេះ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជៀសវាង​កំហុសឆ្គង​នេះ ? អ្នកជំនាញ​មួយ​ចំនួន​បាន​ផ្តល់​យោបល់​ដូច​ខាងក្រោម​នេះ​៖

១. តាមដាន​ការ​ចាយវាយ
ជាដំបូង​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​បាន​កំណត់​ថវិកា​ប៉ុន្មាន​ឲ្យ​ច្បាស់ សម្រាប់​ការ​ចាយវាយ​នៅ​ចុងឆ្នាំ​នេះ ។ បន្ទាប់​មក អ្នក​ត្រូវ​តាមដាន និង​កត់ចំណាំ​រាល់​ការ​ចាយវាយ​ទៅ​លើ​អ្វី​ទាំងអស់​ដែល​អ្នក​សម្រេចចិត្ត​ទិញ ។ រៀង​រាល់​ពីរ​ទៅ​បី​ថ្ងៃ​ម្តង អ្នក​គួរ​បូក​ការ​ចាយវាយ​ចូល​គ្នា​ហើយ មើល​ថា​ចំនួន​នោះ​លើស​ថវិកា​ដែល​កំណត់​ឬ​នៅ ហើយ​អ្នក​នៅ​សល់​ថវិកា​ប៉ុន្មាន​ទៀត​សម្រាប់​ការ​ចាយវាយ​ក្នុង​កំឡុង​ពេល​នេះ ។

២. ទិញ​ទំនិញ​ឲ្យ​ឆ្លាត​វៃ

ហាង​ទំនិញ​នឹង​ឆ្លៀតឱកាស​ចុងឆ្នាំ​នេះ​ដើម្បី​រក​ចំណូល​ដូច្នេះ​អ្នក​មិន​គួរ​ចាញ់បោក​ល្បិច​របស់​អ្នកលក់​ឡើយ ។ ល្បិច​បោក​បញ្ឆោត​ទូទៅ​មាន​ដូច​ជា ការ​លក់​បញ្ចុះតម្លៃ ។ អ្នក​ត្រូវ​ដឹង​ថា ទោះជា​ហាង​មួយ​មាន​បិទ​ផ្លា​ក​លក់​បញ្ចុះតម្លៃ​ពណ៌​ក្រហម​ៗ​ពេញ​ហាង​ក៏​មិន​ប្រាកដ​ថា ទំនិញ​ទាំងនោះ​ត្រូវ​បាន​លក់​បញ្ចុះតម្លៃ​ពិតប្រាកដ​ឡើយ ។

៣. ប្រើ​ក្រដាសប្រាក់

ប្រសិនបើ​អ្នក​ពិតជា​ចង់​ឃាត់ខ្លួន​ឲ្យ​កាត់​បន្ថយ​ការ​ចាយវាយ​នៅ​ចុងឆ្នាំ​នេះ​មែន យុទ្ធសាស្ត្រ​មួយទៀត គឺ​ដាក់​តែ​ក្រដាស់ប្រាក់​ជាប់​ខ្លួន​ក្នុង​ចំនួន​មួយ ដែល​អ្នក​គិត​ថា គ្រប់គ្រាន់ រួច​ទុក​កាត​ធនាគារ​របស់​អ្នក​នៅផ្ទះ ។ ការ​ធ្វើ​ដូច្នេះ​នឹង​គ្រប់គ្រង​ការ​ចាយវាយ​របស់​អ្នក ព្រោះ​វា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទៅ​ដក​លុយ​បន្ថែម ឬ​ចាយវាយ​តាម​កាត​ដោយ​មិនដឹង​ខ្លួន​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់