តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho បានបង្ហើបពីកន្លែងដែលលោកគ្រោងចូលនិវត្តន៍។

លោក Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Spurs កាលពីថ្ងៃព្រហស្បតិ៍ដោយជំនួសលោក Mauricio Pochettino ដែលត្រូវបានបណ្តេញចេញពីភារកិច្ចបន្ទាប់ពីមានទម្រង់លេងមិនបានល្អ។ លោកបាននិយាយប្រាប់សារព័ត៌មាន FourFourTwo ថា៖ «ខ្ញុំពិតជាចង់ស្នាក់នៅជាច្រើនឆ្នាំ។ ខ្ញុំនិយាយជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំដឹងថាបាល់ទាត់ពិតជាបែបណា។»

លោក Mourinho ក៏បានបង្ហើបផងដែរថា លោកសង្ឃឹមថា នឹងអាចបញ្ចេញអស់ពីសមត្ថភាពនៅក្លិបមាន់ខ្នាយមាស មុនពេលលោកត្រឡប់ទៅកាន់ប្រទេសព័រទុយហ្កាល់វិញ ដែលនឹងទៅធ្វើជាគ្រូបង្វឹកក្លិប Vitoria Setubal មុនពេលចូលនិវត្តន៍។
លោកបានប្រាប់ថា៖ «ប្រសិនបើខ្ញុំអាចនៅបាន៥ឆ្នាំកន្លះទៀត វាពិតជាអស្ចារ្យណាស់ ព្រោះដល់ពេលនោះ ខ្ញុំនឹងមានអាយុ៦១ឆ្នាំ។ ក្លិប Vitoria Setubal នៅព័រទុយហ្កាល់ ប្រហែលជាក្លិបចុងក្រោយរបស់ខ្ញុំ។»
គួរបញ្ជាក់ផងដែរថា កន្លងមកលោក Mourinho ក៏រីករាយនឹងការគ្រប់គ្រងនៅក្លិប Porto, Inter Milan និង Real Madrid ផងដែរ ដោយបានឈ្នះពាន UEFA Champions League ជាមួយនឹងក្លិបនីមួយៗ៕ កែសម្រួលដោយ ៖ សុឃាក់