ឃើញទំនងឆក់ភ្លែត ស្មានរួចខ្លួន មានអីក្របួចជាប់​

406

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បានក​ម្លាំ​ង​​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ​បន្ទាប់ពី​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ដៃ​បុរស​ម្នាក់​ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប ​បានសម្រេច​​ហើយ​​បំរុង​​ជិះ​ម៉ូតូ​​គេចខ្លួន ប៉ុន្តែ​ក៏​ត្រូវ​ជន​រង​គ្រោះ​ស្ទុះ​ទៅ​ចាប់​កន្ទុយ​ម៉ូតូ​ បណ្តាល​​ឱ្យ​ដួល ហើយសមត្ថកិច្ច​ក៏​ចាប់​ឃាត់ខ្លួន​តែម្តង ។

Loading...

ហេតុការណ៍​ខាងលើ​​ខាងនេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​ស្ថាន​ទូត​ចិន តាម​បណ្តោយ​​ផ្លូវ​ម៉ៅ​សេ​ទុង ​កែង​ផ្លូវ​លេខ​១៧៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យឈ្មោះ​សុខ ភក្ត្រា អាយុ​២៤​ឆ្នាំ ​ជា​បុគ្គលិក​ណេ​ត មាន​ទីលំនៅ​ផ្ទះ​លេខ B2 ផ្លូវ​បេតុង ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ​។ ​ចំ​ណែ​ក​បុរស​​​រង​គ្រោះ​ជា​ម្ចាស់កាបូប ឈ្មោះ លឹ​ម សុ​ផា​ន់​ណា អាយុ​៣៤​ឆ្នាំ មុខរបរ​វិស្វករ ស្នាក់​នៅផ្ទះ​លេខ​៦១ ផ្លូវ​លេខ ២១៩ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​ ។​ រីឯ​​ក្នុង​កាបូបដៃ​​របស់​ជនរងគ្រោះ​មាន​លុយ​ចំនួន​១០​ម៉ឺន​រៀល, អត្តសញ្ញាណ​ប័ណ្ណ១​សន្លឹក, កាត​គ្រី​រថយន្ត​១​សន្លឹក​, កាត​គ្រី​ម៉ូតូ​១​សន្លឹក និង​ប័ណ្ណ​ធនាគារ​ចំនួន​៣​សន្លឹក​ ។​

តាម​ប្រភពដដែល​បាន​ឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ គេឃើញ​បុរស​រង​គ្រោះ​ត្រូវ​បាន​បុរស​​ម្នាក់​ទៀត​ជា​មិត្ត​ភក្តិ​ឌុ​ប​តាម​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស្គូ​ពី ព៌​ណ​ស ពាក​់ស្លាក​លេខ​ ភ្នំពេញ​ ១BP-៦៣២៨ ដោយ​មាន​កាន់​កាបូប​ខ្មៅ​មួយ​ក្នុង​ដៃ​ រួចធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​

តាម​ប្រភព​ដដែល​បាន​​ឱ្យ​ដឹង​បន្ត​​ទៀត​​ថា លុះ​មក​ដល់​ចំណុច​ខាងលើ​ ​បុរសរងគ្រោះក៏​បាន​​ឈប់​ស្តុ​ប​ ខណៈនោះ​ស្រាប់តែ​លេចមុខ​ជន​ស​ង្ស័យ​ម្នាក់​​ខាងលើ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​​គី​និ​ច ពណ៌​សលាយ​លឿង ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ ១HZ-៦៤៨១ ធ្វើ​ដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​​គ្នា មក​ឈប់​អែប​ក្បែរ ​រួច​ធ្វើ​សកម្មភាព​ឆក់​យក​កា​​បូ​បពី​ដៃ​បុរស​ជន​រង​គ្រោះ​តែ​ម្តង​ ។ ​ភ្លាម​នោះ ជនសង្ស័យ​​​បំ​រុង​​បើកម៉ូតូគេចដែរ តែ​ក៏​ត្រូវ​បុរស​រង​គ្រោះ​ស្ទុះរ​ត់ទៅ​ចាប់​កន្ទុយ​ម៉ូតូ​ជាប់​ធ្វើ​​ឱ្យ​​ដួល ស្រប​ពេល​​នោះ​កម្លាំង​​ល្បាត​មក​ដល់​ជួយ​ធ្វើ​អន្តរាគមន៍​ចាប់ខ្លួន​​បាន​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កាបូបដៃ​ខាងលើ​ត្រូវ​បានសមត្ថកិច្ច​​ប្រគល់​ទៅ​អោយ​ម្ចាស់​វិញ​ ចំណែក​ជនសង្ស័យ និង​ម៉ូតូ​ ត្រូវបានសមត្ថកិច្ច​​នាំ​​កាន់​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

👍