បុណ្យ​សម្រេច​ទៅ​លើ​ចេតនា

ចេតនា​ហំ ភិ​ក្ខ​វេ បុ​ញ្ញំ វ​ទា​មិ ម្នាល់​ភិក្ខុ​ទាំងឡាយ តថាគត​ហៅ​ចេតនា​ហ្នឹងឯង​ជា​តួ​បុណ្យ ។ ក៏​ពាក្យ​ថា​បុណ្យ​ដៅ​ពិសេស​ទៅ​លើ​ចិត្ត ទៅ​លើ​ចេតនា កាលបើ​យើង​ត្រេកអរ​ចំពោះ​ទ​ង្វើ​សុចរិត​របស់​អ្នក​ដទៃ សេពគប់​នឹង​បណ្ឌិត ប្រព្រឹត្ត​តែ​អំពើ​ល្អ​ហ្នឹងហើយ​ជា​បុណ្យ​នោះ មិនមែន​ទាល់តែ​បរិច្ចាគ​ទាន​ច្រើន​ទើបបាន​បុណ្យ​នោះ​ទេ ធ្វើ​ទាន​ច្រើន តែ​មិន​ប្រកបដោយ​ធម៌​ក៏​ពុំ​សូវ​បាន​បុណ្យ​ដែរ ។

រឿង​ធ្វើ​ទាន​ដល់​ព្រះសង្ឃ ឬ​ផ្តល់​ទាន​ដល់​អ្នក​ដទៃ​ដ៏​ច្រើន​លើសលប់​សុទ្ធតែ​ជា​អំពើ​ល្អ តែបើ​ការ​ផ្តល់​ទាន​នោះ​សាមីទាន​មិន​បាន​គោរព​នៅ​ក្នុង​ទាន​(​សក្ក​ច្ចំ ទា​នំ ទេ​តិ​)​របស់​ខ្លួន​ទេ ផល​នៃ​ទាន​ក៏​បាន​តិច​ទៅ​តាម​ហ្នឹង​ដែរ ។

ផ្ទុយ​ទៅ​វិញ​បុគ្គល​គ្រាន់តែ​បរិច្ចាគ​ប្រាក់​តែ​បន្តិចបន្តួច​ដល់​ព្រះសង្ឃ ឬ​ទុរគត​ជន ប្រកប​ដោយ​ចិត្ត​ជ្រះថ្លា និង​ត្រេកអរ​រីករាយ​ចំពោះ​ទាន​របស់​ខ្លួន ការ​ឱ្យទាន​បែប​នេះ​នឹង​បាន​ផល​ច្រើន​ជាង ។

ហេតុនេះ​បុណ្យ ឬ​សេចក្ដី​បរិសុទ្ធ មិនមែន​ស្ថិត​នៅ​លើ​បរិមាណ​នៃ​វត្ថុ​ទេ គឺ​ស្ថិត​នៅ​លើ​ចិត្ត​របស់​បុគ្គល​ម្នាក់​ៗ​ដែល​ប្រកបដោយ​ចេតនា​ត្រេកអរ​រីករាយ​ក្នុង​ពេល​មុន​ឱ្យ​, ពេល​កំពុង​ឱ្យ និង​ពេល​ឱ្យ​រួច ការ​បរិច្ចាគ​ទាន​នោះ​នឹង​មាន​ផល​ច្រើន ឬ​លោក​ហៅ​ថា អប​មា​ណ​​បុណ្យ គឺ​បុណ្យ​មិន​អាច​ប៉ាន់​ប្រមាណ​បាន ។ (ដោយសាន សារិន)