ហ៊ី​ត្លែរ​លេង​សន្លឹក​បៀរ​វិបត្តិ​សេដ្ឋកិច្ច​ដើម្បី​អំណាច

ហ៊ី​ត្លែរ​ត្រូវ​ដោះ​លែង​ចេញពី​គុក​នៅ​ឆ្នាំ​១៩២៤ ។ ហ៊ី​ត្លែរ​ខិតខំ​កែ​លំអ​អាកប្បកិរិយា​និយាយ​ស្តី​ទៅ​កាន់​មហាជន​ព្រមទាំង​វិធី​ស្លៀកពាក់​ខោអាវ និង​ដំណើរ​ឬក​ពារ​ថែម​ទៀត​ផង ។ ពេល​ចេញ​មុខជា​សាធារណៈ​ម្តង​ៗ ហ៊ី​ត្លែរ​ខិតខំ​ធ្វើ​ម៉េច​អោយ​គេ​ឃើញ​ថា​ខ្លួន​ហ្មត់ចត់ និង​ត្រឹមត្រូវ ។ យូរ​ៗ​គេ​ឃើញ​ហ៊ី​ត្លែរ​ញញឹម​ម្តងម្កាល​ដែរ ។

Loading...

ក្នុង​រយៈពេល​៥​ឆ្នាំ​ពី​ឆ្នាំ​១៩២៤​ដល់​ឆ្នាំ​១៩២៩​ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​សភាព​រីក​ចំរើន​សម្បូរ​សប្បាយ ។ កំហឹង​របស់​ប្រជាជន​អំពី​សង្គ្រាម​ក៏​សាបរលាប​អស់ ។ សមាជិក​ក្នុង​គណ
បក្ស​“​ណា​ស៊ី​”​បាន​ថយ​ចុះ ក៏​ប៉ុន្តែ​ហ៊ី​ត្លែរ​នៅ​តែ​ជឿជាក់​ក្នុង​ខ្លួន​ថា ថ្ងៃ​ណាមួយ​សំណាង​មុខ
ជា​នឹង​មក​ដល់​មិន​ខាន ។

ហ៊ី​ត្លែរ​លេង​សន្លឹក​បៀរ​វិបត្តិ​សេដ្ឋកិច្ច​ដើម្បី​អំណាច

សំណាង​ក៏​មក​ដល់​ឆាប់រហ័ស​មែន​។​ឆ្នាំ​១៩២៩​ស្រាប់តែ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​បង្ក​ជា​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ មុន​ដំបូង​នៅ​សហរដ្ឋអាមេរិក បន្ទាប់​មក​ក៏​រីក​ពាសពេញ​អឺរ៉ុប ។ ដោយ​គ្មានប្រាក់​អោយ​ខ្ចី​ពី​អា​មេ​រិ​ក ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ទទួលផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត ។ មិនយូរ​ប៉ុន្មាន​ប្រជាជន​គ្រប់​វណ្ណៈ​ក៏​ត្រូវ​រង​គ្រោះ ។ ឆក់​ឱកាស​នេះ​ហ៊ី​ត្លែរ​បាន​ចេញ​ធ្វើការ​ឃោសនា​នៅ​ទូ​ទាំង​ប្រទេស ។

ចំពោះ​អ្នក​ដែល​អត់​ការងារ​ធ្វើ ហ៊ី​ត្លែរ​សន្យា​អោយ​ការងារ​ធ្វើ ។ ចំពោះ​វណ្ណៈ​កណ្តាល ហ៊ី​ត្លែរ​សន្យា​ថា​នឹង​រៀបចំ​អោយ​មាន​សណ្តាប់ធ្នាប់​និង​ស្ថិរភាព​សេដ្ឋកិច្ច ។ ចំពោះ​ទាហាន ហ៊ី​ត្លែរ​សន្យា​ថា​កសាង​កងកំលាំងប្រដាប់អាវុធ​របស់​អា​ល្លឺ​ម៉​ង់​អោយ​ខ្លាំងក្លា ។ ចំពោះ​អ្នករកស៊ី ហ៊ី​ត្លែរ​សន្យា​ថា​ទប់ស្កាត់​អំណាច​របស់​សហជីព ។ វិភាគទាន​ដល់​គណបក្ស​ណា​ស៊ីកាន់កាប់​កៅអី​ចំនួន​២៣០​ក្នុង​សភា​អា​ល្លឺ​ម៉​ង់ ហើយ​ក្លាយទៅជា​គណបក្ស​ធំ​ជាងគេបង្អស់​មួយ ។

នៅ​ចុងបញ្ចប់​គឺ​នៅ​ខែមករា​ឆ្នាំ​១៩៣៣​សមាជិក​គណបក្សប្រឆាំង​នានា​ក៏​ស្នើរ​អោយហ៊ី​ត្លែរ​ឡើង​ធ្វើ​ជា​អធិការបតី ។ ទោះជា​គណបក្សប្រឆាំង​ទាំងនោះ​ទាមទារ​អោយ​សមាជិកគណបក្ស​ឯទៀត​ៗ​ក្រៅពី​គណបក្ស​ណា​ស៊ី​មាន​សំលេង​ច្រើន​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ក៏​ដោយក៏​ហ៊ី​ត្លែរ​យល់​ច្បាស់​ណាស់​ថា ពេល​ឡើង​កាន់​អំណាច​ហើយ គាត់​ពិតជា​នឹង​ដឹង​ថា​ត្រូវ​លេងជាមួយ​ពួក​ប្រឆាំង​យ៉ាងម៉េច​ៗ​ខ្លះ​ហើយ ។ តាម​គេ​និយាយ​ថា ពេល​ដែល​បានដឹង​ថា​គេអោយធ្វើ​ជា​អធិការបតី ហ៊ី​ត្លែរ​យកដៃ​ទះ​តុ​ហើយ​និយាយ​ខ្លាំង​ៗ​ថា ឥឡូវ​គេ​នៅ​ក្នុង​ហោប៉ៅ​ខ្ញុំ​ហើយ !” ។

នៅ​យប់​ទី​៣០​ខែមករា​១៩៣៣ ប្រជាជន​ក្រុង​ប៊ែ​រ​ឡាំង​រាប់​ពាន់​នាក់​ដែល​មាន​ស្មារតី​ពុះកញ្ជ្រោល​បាន​នាំ​គ្នា​ស្រែក​អបអរ​ស្វាគមន៍​ក្បួន​ដង្ហែ​របស់​កង​កំទេច​របស់​គណបក្ស​ណា​ស៊ី​ដែល​កាន់​ចន្លុះ​ដើរ​ហែ​តាម​ដង​វិ​ថី​វី​លែ​ម ស្ត្រា​ស​ដ៏​ស្រស់​ប្រឹ​ម​ប្រិ​យ​នៃ​ទីក្រុង​ប៉ែរ​ឡាំង ។ អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ​ដែល​មាន​អាកប្បកិរិយា​ច្រងេងច្រងាង​និង​គ្មាន​ការ​ចេះ​ដឹង​អី​បន្តិច​សោះ​នោះ បាន​ក្លាយទៅជា​អធិការបតី​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ជា​ប្រទេស​មួយ​ដែល​មាន​អារ្យធម៌​និង​វប្បធម៌​ខ្ពស់​បំផុត​នៅ​អឺរ៉ុប ។ ឡើង​កាន់​តំណែង​បាន​តែ​១​ខែ ហ៊ី​ត្លែរ​បាន​ធ្វើ​សកម្មភាព​យ៉ាង​លឿន​ដើម្បី​កាន់កាប់​ត្រួតត្រា​ប្រទេស​អា​ល្លឺ​ម៉​ង់​ទាំងស្រុង​តែ​ម្តង ។ ជាដំបូង​ទោះជា​ពួក​ណា​ស៊ី​ខ្លួនឯង​ជា​អ្នក​ទៅ​ដុត​អគារ​បស់​សភា​ក៏​ដោយ ក៏​ហ៊ី​ត្លែរ​បែរជា​ដាក់​កំហុស​នេះ​ទៅ​លើស​ត្រូវ​របស់​ជាតិ​ទៅ​វិញ ។ ហ៊ី​ត្លែរ​បាន​ស្នើ​សុំ​អំណាច​ដើម្បី​កំទេច​ពួក​នេះ​ចោល ។

បន្ទាប់​មក​ទៀត​តាម​រយៈ​ការ​ប្រកា​សភាព​អាសន្ន ហ៊ី​ត្លែរ​បាន​ដកហូត​សិ​ទិ្ធ​ទាំងអស់ របស់​ប្រជាពលរដ្ឋ​អា​ល្លឺ​ម៉​ង់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។​ចាប់ពី​ពេល​នោះ​មក​ប្រជាជន​អា​ល្លឺ​ម៉​ង់​ណា​ម្នាក់​ក៏​អាច​ត្រូវ​គេ​ចាប់ខ្លួន​ដោយ​ស្របច្បាប់​ដែរ​ហើយ​ដាក់គុក​ដោយ​គ្មាន​ជំនុំ​ជំ​រះ​ទោស​ឬ​កាត់សេចក្តី​អ្វី​ឡើយ ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់