ឡានយក្ស​បុកផ្ទាំងប៉ាណូបុណ្យទន្លេ និងដាច់ខ្សែភ្លើងធ្លាក់ពេញផ្លូវ​

475

​ខេត្តកំពង់ឆ្នាំង ៖ មានករណី​អ្នកបើកបរ​ងងុយដេក​បាន​ឱ្យ​បុរស​ជា​ព្រូ​បើក​រថយន្តធុនធំ​ជំនួស សង្ស័យវង្វេងផ្លូវ ក៏​​​បុក​រះ​បង្គោល​ភ្លើង និង​ផ្ទាំង​ប៉ាណូ​បុណ្យ​ទន្លេ ​បណ្តាល​ឱ្យ​​ដាច់​ខ្សែភ្លើង​ជា​ច្រើន​កន្លែង​ធ្លាក់ពេញផ្លូវ​ ​បន្ទាប់​មក​រថយន្ត​​បង្ក​បាន​បើកគេចទាំង​ជាប់​ផ្ទាំង​ប៉ាណូ និង​ខ្សែភ្លើង ហើយ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​បានតែម្តង ។ ក្នុង​ហេតុ​គ្រោះនេះ​ពុំ​មាន​នរណា​​ម្នាក់​រង​គ្រោះ​នោះ​ទេ ប៉ុន្តែ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​​បាន​ដាច់​ចរន្ត​អគ្គី​ស​នី ។

Loading...

ហេតុការណ៍​ខាងលើនេះបានកើតឡើង​កាលពីវេលាម៉ោង​​​៣​និង​​៣០នាទីចូលព្រឹកថ្ងៃទី​​​​​​២៤ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​​ឃុំកើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ ​នៅ​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្តធុន​មួយ​គ្រឿង​​ខាងលើ​មាន​ដឹក​ទំនិញ​យ៉ាង​ខ្ពស់​បាន​បើក​ចូល​មក​តាម​ផ្លូវ​អែប​របង​មន្ទីរ​សេដ្ឋ​កិច្ច និង​ហិរញវត្ថុ​ខេត្ត លុះ​មក​ដល់​ចំណុច​កែង​ក្រោយ​ផ្សា​លើ ក៏​បាន​បត់​ទៅទិស​ខាង​​ជើង ពេល​នោះ​បាន​បុក​បាក់​ផ្ទាំង​ប៉ាណូ​បុណ្យ​ទន្លេ​មួយ​ផ្ទាំង ។

តាមប្រភពដដែលបាន​​​ឱ្យដឹង​បន្ត​ថា បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​​តាម​ផ្លូវ​ក្រាល​កៅស៊ូ ​ក៏​​បាន​ទាក់​ខ្សែភ្លើង​របស់​ប្រជាពលរដ្ឋ​ បណ្តាល​ឱ្យ​ដាច់​ធ្លាក់​ជា​ច្រើន​កន្លែង ​ប៉ុន្តែ​រថយន្ត​បង្ក​​មិន​បាន​ឈប់​​នោះ​ទេ ថែម​ទាំង​បុក​បង្គោល​ភ្លើង​បំភ្លឺ​នៅ​តាម​ដងផ្លូវ និង​ទៅ​បុក​ផ្ទាំង​ប៉ាណូ​បុណ្យ​ទន្លេ​មួយ​កន្លែង​ទៀត ជាប់​លើ​រថយន្ត អូស​ជា​ច្រើន​រយ​ម៉ែត្រ បណ្តាល​អោយទៅ​ប៉ះ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​មួយ​គ្រឿង​ទៀត ។ ក្នុងពេលនោះដែរ ​រថយន្ត​បង្កបានបើក​​អូសទាំង​​​ផ្ទាំង​ប៉ាណូ​បុណ្យ​ទន្លេ ​និង​​ខ្សែភ្លើងដាច់ធ្លាក់​ពេញផ្លូវ រហូត​ដល់​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារឆ្នាំង ទើប​សមត្ថកិច្ច​ចាប់​បានតែម្តង ។

លោក មុ​យ អុីម ប្រធាន ផ្នែក​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា​៖ រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ជា​ប្រភេទ​រថយន្ត​សណ្ដោង ពាក់​ស្លាក​លេខ​ភ្នំពេញ ៣E-២៩២៤ អ្នកបើកបរ​​ឈ្មោះ សួន ម៉ៅ ភេទ​ប្រុស​ អាយុ២៥ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកព្រូ​​ឈ្មោះអុី ដា​វី ភេទប្រុស អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ។​

លោក​​ប្រធានផ្នែកនគរបាលចរាចរណ៍​ក្រុងកំពង់ឆ្នាំ​ង​បាន​ឱ្យ​ដឹង​បន្ត​ថា ដោយសារអ្នកបើកបរ​​ងងុយដេក ទើប​អោយ​ព្រូ​​​បើក​ជំនួស ។ បើតាមលោក​​ស្រង់​សម្ដី​របស់​បុរសជា​ព្រូដែល​អ្នកបើកបរ​រថយន្ត​​បង្ក​ខាងលើ​បាន​ឱ្យ​ដឹង​ថា​ ខ្លួន​មិន​បាន​ស្គាល់ផ្លូវ​ច្បាស់​នោះ​ទេ លុះ​មក​ដល់​ចំណុច​កើតហេតុ វង្វេងផ្លូវ រួច​ក៏​ចេះតែ​​បើកៗ​ទៅ​ ទើប​បង្កបញ្ហា​បែប​នេះតែម្តង ។

សេចក្តី​រាយ​ការណ៍​​ដដែល​​​បាន​បញ្ជាក់​ថា​ ចំពោះ​ការ​ខូចខាត​​ រួម​មាន​បាក់​បង្គោល​ភ្លើង​បាក់​១ដើម, ខូចខាត​ខ្លោងទ្វារ​បុណ្យ​ទន្លេ​២ផ្ទាំង, ដាច់​ខ្សែភ្លើង ​និង​ខ្សែកាប្លិ៍​ជា​ច្រើន​ខ្សែ ព្រមទាំង​ខូចខាត​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​ផងដែរ។

​ក្រោយពេលកើតហេតុ ទាំងអ្នកបើកបរ​ និង​ព្រូត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​​ ៕ (កែសម្រួលដោយ ៖ ធីតា​)