បើករថយន្ត​វង្វេងផ្លូវ​ទៅ​ភ្នំពេញ បើក​បុក​រះ​បង្គោល​ភ្លើង ផ្ទាំង​ប៉ាណូ​បុណ្យ​ទន្លេ

110

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៣ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយសារ​តែ​រថយន្ត​ធុន​សណ្ដោង​មួយ​គ្រឿង​បាន​បុក​រះ​បង្គោល​ភ្លើង ផ្ទាំង​ប៉ាណូ បុណ្យ​ទន្លេ និង​ដាច់​ខ្សែភ្លើង​ជា​ច្រើន​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់​បាន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង ខណៈ​ដែល​ដែល​រថយន្ត​បើក​រត់​ដល់ទី​នោះ ជាប់​ទាំង​ផ្ទាំង​ប៉ាណូ​ខ្សែភ្លើង និង​ខ្សែ​ទូរស័ព្ទ​។

Loading...

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ពុំ​មាន​នរណា​រង​គ្រោះ​នោះ​ទេ ផ្ទះ​ប្រជាពលរដ្ឋ នៅ​តាម​ដងផ្លូវ ត្រូវ​បាន​ដាច់​ចរន្តអគ្គិសនី ដោយសារ​ដាច់​ខ្សែភ្លើង​ជាប់​ទៅ​តាម​រថយន្ត និង​ផ្សេង​ទៀត បាន​ដាច់​ធ្លាក់​ពេញ​ផ្លូវ​។ ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​ត្រពាំង​បី បាន​ឲ្យ​ដឹង​ថា​៖ នៅ​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ គ្រឿង​ដែល​មាន​ដឹក​ទំនិញ​យ៉ាង​ខ្ពស់​បាន​ចូល​មក​តាម​ផ្លូវ អែប​របង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញវត្ថុ​ខេត្ត លុះ​មក​ដល់​ចំណុច​កែង​ក្រោយ​ផ្សា​រលើ បាន​បត់​ទៅ​ជើង ពេល​នោះ​បាន​បុក​បាក់​ផ្ទាំង​ប៉ាណូ​បុណ្យ​ទន្លេ​មួយ​ផ្ទាំង​។

បន្ទាប់​មក​រថយន្ត​បាន​បើក​លើ​ផ្លូវ​ក្រាល​កៅស៊ូ ដោយ​បាន​ទាក់​ខ្សែ​របស់​ប្រជាពលរដ្ឋ​ដាច់​ជា​ច្រើន​កន្លែង តែ​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ ថែម​ទាំង​បុក បង្គោល​ភ្លើង​បំភ្លឺ​នៅ​តាម​ដងផ្លូវ និង​ទៅ​បុក​ផ្ទាំង​ប៉ាណូ​បុណ្យ​ទន្លេ​មួយ​កន្លែង​ទៀត ជាប់​លើ​រថយន្ត អូស​ជា​ច្រើន​រយ​ម៉ែត្រ បណ្តាល​ឲ្យ​ទៅ​ប៉ះ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​មួយ​គ្រឿង​ទៀត​។ រថយន្ត​បង្ក បាន​អូស​ទាំង​ខ្សែភ្លើង​ទាំង​ផ្ទាំង​ប៉ាណូ​បុណ្យ​ទន្លេ រហូត​ដល់​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារឆ្នាំង ទើប​សមត្ថកិច្ច​ចាប់​បាន​។

លោក មុ​យ អ៊ី​ម ប្រធាន​ផ្នែក​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ រថយន្ត​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ជា​ប្រភេទ​រថយន្ត​សណ្ដោង ពាក់​ស្លាក​លេខ​ភ្នំពេញ 3E- 2924 បើកបរ​ដោយ​បុរស​ឈ្មោះ អ៊ី ដា​វី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្ដាល​។ ប៉ុន្តែ​ឈ្មោះ​នេះ​ជា​ព្រូ​ទេ ចំណែក​អ្នក​បើករថយន្ត​ពិតប្រាកដ​គឺ​ឈ្មោះ សួន ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសារ​ងងុយដេក ទើប​ឲ្យ​ព្រូ​បើក​បើក​ជំនួស​។

លោក​បាន​ស្រង់​សម្ដី​របស់​អ្នកបើកបរ​ថា​ខ្លួន​មិន​ដែល​បាន​ស្គាល់ផ្លូវ​ច្បាស់​ទេ លុះ​មក​ដល់​ចំណុច កើតហេតុ​វង្វេងផ្លូវ រួច​ក៏​ចេះ​បើក​ទៅ​ទើប​បង្ក​បញ្ហា​បែប​នេះ​។ សេចក្តីរាយការណ៍​ដដែល​បញ្ជាក់​ថា ចំពោះ​ការ​ខូចខាត​គឺ​បាក​បង្គោល​ភ្លើង​បាក់ ១​ដើម ខ្លោងទ្វារ​បុណ្យ​ទន្លេ ២​ផ្ទាំង ខ្សែភ្លើង​ខ្សែ​ទូរស័ព្ទ ជា​ច្រើន​ខ្សែ ត្រូវ​បាន​កាត់​ផ្ដាច់​ខូចខាត​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង​។ ពុំ​មាន​នរណា​រងគ្រោះថ្នាក់​នោះ​ទេ​។ ប៉ុន្តែ​ជន​បង្ក​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ពៅ សុខ​ហ៊ាន