ព្រះ​អានន្ទ​ប្រព្រឹត្ត​ខុស​៥​យ៉ាង

កាល​ព្រះ​អានន្ទ​មិន​ទាន់​បាន​សម្រេច​ធម៌​ជាន់ខ្ពស់​នៅឡើយ លោក​មិន​បាន​ប្រតិបត្តិ​ឱ្យ​បាន​បរិសុទ្ធ​គ្រប់​ជ្រុងជ្រោយ​ទេ ព្រះ​ថេរ​ទាំងឡាយ​បាន​លើកទោស​កំហុស​ប្រាំ​យ៉ាង​ដែល​ព្រះ​អានន្ទ​ប្រព្រឹត្ត​កន្លង ។ កំហុស​ទាំង​៥​ប្រការ​នោះ​គឺៈ

១- លោក​មិន​បាន​ទូល​សួរ ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ឯ​សិក្ខាបទ​ទាំងឡាយ​ដែល​តូច​ៗ​ដោយ​លំដាប់ គឺ​សិក្ខាបទ​ណាខ្លះ ។

២- ជាន់​ដេរ​សំពត់​វ​ស្សិកសា​ដក​(​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​)​របស់​ព្រះ​មាន​ព្រះ​ភាគ

៣- ឲ្យ​មាតុគ្រាម​ថ្វាយបង្គំ​ព្រះ​សរីរៈ​នៃ​ព្រះ​មាន​ព្រះ​ភាគ​មុនគេ កាលដែល​មាតុគ្រាម​ ។ទាំងនោះ​យំទួញសោក ធ្វើ​ឱ្យ​សរីរៈ​នៃ​ព្រះ​មាន​ព្រះ​ភាគ​ឲ្យ​ប្រឡាក់​ដោយ​ទឹកភ្នែក ។

៤- កាល​ព្រះ​មាន​ព្រះ​ភាគ​កំពុង​ធរមាន​នៅឡើយ លោក​មិន​បាន​អារាធនា​ព្រះ​មាន​ព្រះ​ភាគ​ថា សូម​ព្រះ​អង្គ​គង់នៅ​អស់​មួយ​កប្ប​ផែនដី ។

៥- ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ឲ្យ​មាតុគ្រាម​បាន​បព្វជ្ជា​ក្នុង​ធម្ម​វិន័យ ។

កំហុស​ទាំងអស់​ដែល​ព្រះ​ថេរៈ​ទាំងឡាយ​លើក​ឡើង​នេះ គ្រាន់តែ​ដើម្បី​ឲ្យ​ព្រះ​អានន្ទ​ទទួលស្គាល់​ថា​ជា​អំពើ​មិនល្អ​តែ​ប៉ុណ្ណោះ មិនមែន​ព្រះ​ថេរៈ​ទាំងឡាយ​ដាក់​ឲ្យ​ព្រះ​អានន្ទ​ត្រូវ​អាបត្តិ​ទុក្កដ នោះ​ទេ ។ (ដោយសាន សារិន)