ស្លាប់ និង​របួសធ្ងន់​ស្រាល​ជិត​១៥០​នាក់​នៅ​ខេត្តស្ទឹងត្រែង

222

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣១​នាក់​បាន​បាត់បង់​ជីវិត និង​១១៦​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ និង​ស្រាល​ដោយសារ​ក​ក្តា​គ្រោះថ្នាក់​ចរាចរ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង នេះ​បើ​យោង​តាម​របាយការណ៍​សរុប​ពេញ​មួយ​ឆ្នាំ​របស់​ការិយាល័យ​ចរាចរ​ជើង​គោក ។

Loading...

លោក​ឧត្តមសេនីយ៍ត្រី អូត ស៊ី​វុ​ត្ថា ស្នងការ​រង​ទទួល​ផែន​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពេញ​មួយ​ឆ្នាំ​នេះ​គ្រោះថ្នាក់​ចរាចរ​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ និង​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​គ្រោះថ្នាក់​សរុប​ចំនួន​៧០​ករណី​ត្រូវ​បាន​កើតឡើង​បង្ក​ឲ្យ​មនុស្ស​ប្រុស​ស្រី​សរុប​ចំនួន​១៤៧​នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល ។

លោក​ថា ក្នុង​អត្រា​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​ក្នុង​រយៈពេល​ដូច​គ្នា​គឺ​មានការ​កើនឡើង​ចំនួន​១៤​ករណី ស្មើនឹង​២៥% ក្នុង​នោះ​ជន​រង​គ្រោះ​ប្រុស​ស្រី​ចំនួន​៣១​បាន​បាត់បង់​ជីវិត ចំណែក​អ្នក​របួសធ្ងន់ និង​ស្រាល​សរុប​១១៦​នាក់ ។ បញ្ហា​គ្រោះថ្នាក់​ខាងលើ​នេះ​ដែរ​បង្ក​ការ​ខូចខាត​ដល់​រថយន្ត និង​ទោចក្រយាន​យាន្ត​ចំនួន​១២៤​គ្រឿង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ថែម​ទៀត​ផង ។

លោក​ម៉ុម សា​រឿ​ន អភិបាល ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា​ថា​បញ្ហា​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ភាគច្រើន​បណ្តាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព និង​ការ​មិន​ប្រកាន់​ស្តាំ​ជាដើម ។

លោក​បន្ត​ថា​គ្រោះថ្នាក់​ចរាចរ​បាន​បង្ករ​ឱ្យ​បាត់បង់​អាយុជីវិត និង​ខូចខាត​ទ្រព្យ សម្បត្តិ​រដ្ឋ និង​ឯកជន​អស់​ជា​ច្រើន​ថ្លែង​បែប​នេះ​កាល​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​លើក​ទី​១៤​នៅ​ខាង​មុខ​សាលាខេត្ត ដោយ​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រធាន អនុប្រធាន​មន្ទីរ​គ្រប់​ស្ថាប័ន​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង