បង្គោល​ខៀវ ព្រឿ​ង សុ​ជាតិ ឆ្ពោះទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

348

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៦ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ គេ​មិន​នឹក​ស្មាន​ថា ​កីឡាករ​បង្គោល​ខៀវ ព្រឿ​ង សុ​ជាតិ អាច​ឈ្នះ​គូប្រកួត ហើយ​ទម្លាក់​បង្គោល​ក្រហម​ល្បី​ឈ្មោះ សូត្រ ខេ​វិ​ន ដែល​ជា​ជើង​ខ្លាំង​ឲ្យ​ធ្លាក់​ឱកាស​ឡើង​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ​ទេ​។

Loading...

នេះ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ស្វែងរក​២​នាក់​ទៅ​វគ្គផ្ដាច់ព្រ័ត្រ ដែល​ជា​ការ​ប្រកួត​ដ៏​សំខាន់ ។ ជា មួយ​គ្នា​នេះ អ្នកគាំទ្រ​ក៏​សរសើរ​មិន​ដាច់​ពី​មាត់​ដែរ​ថា អ្នក​ទាំង​២​ខ្លាំង​ទម្រាំ​រក​ឃើញ​ចាញ់​ឈ្នះ ។ នៅ​ដើម​ទឹក​ទី​១ គេ​មើលឃើញ​ថា​កីឡាករ​បង្គោល​ខៀវ ព្រឿ​ង សុ​ជាតិ មិន​អាច​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ទេ ដោយ សារ​តែ​បង្គោល​ក្រហម​ក៏​ខ្លាំង ។

បង្គោល​ក្រហម សូត្រ ប៊ុ​ន​ធី ក៏​បញ្ចេញ​សមត្ថភាព​បាន​ខ្លាំង​មិន ធម្មតា​ដែរ ប៉ុន្តែ​មក​ពី​បង្គោល​ខៀវ​ក៏​ខ្លាំង​មិន ធម្មតា ហើយ​វាយ​ត្រូវ​គោលដៅ​ច្រើន​ជាង ទើប​គេ មានសំណាង​ដណ្ដើម​បាន​កៅអី​២​នាក់ ហើយ​ឡើង ទៅ​វគ្គ​បន្ត បន្ទាប់​ពី​វាយ​ឲ្យ​បង្គោល​ក្រហម​ចាញ់​ពិន្ទុ​ក្នុង​ការ​ប្រកួត​ក្រោយ​ពី​ចប់​ទឹក​ទី​៣ ។

កីឡាករ​បង្គោល​ខៀវ បង្ហាញ​អារម្មណ៍​លោតកញ្ជ្រោល​សប្បាយ​អរ​ចង់​ហោះ បន្ទាប់​ពី​ត្រូវ បាន​គណៈកម្មការ​ប្រកាស​ថា​ឈ្នះ ដោយសារ​តែ​មុន​ពេល​កំណត់​ថា​អ្នក​ណា​ឈ្នះ គឺ​សាមីខ្លួន​ផ្ទាល់​ក៏​ប្រកាស​ថា មិន​ចង់​ជឿ​ថា​ឈ្មោះ​របស់​ខ្លួន​នឹង​ជាប់​ទៅ​វគ្គ​២​នាក់​ដែរ ព្រោះ​គូប្រកួត​របស់​គេ​មិនធម្មតា ។ រូបគេ​បង្ហាញ​អារម្មណ៍​ភ័យ​ៗ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​ចុង​ក្រោយ ដោយ​មិន​ទាន់​ដឹង​ថា នឹង​មានសំណាង​បែប​ហ្នឹង​ម្ដងទៀត ឬ​ក៏​បាន​ត្រឹម​ជើងឯក​រង​នោះ​ទេ ។

កីឡាករ ព្រឿ​ង សុ​ជាតិ ដែល​ជា​អ្នក​ជំនា​ន់​ក្រោយ និយាយ​ថា ខ្លួន​អត់​មាន​រំពឹង​សូ​ម្បី​តែ​បន្តិច​នៅ​ពេល​ដឹង​ថា​ឈ្មោះ​របស់​ខ្លួន​ត្រូវ​ឡើង​ទៅ​ប៉ះ​ប្រកួត​ជាមួយ សូត្រ ប៊ុ​ន​ធី ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ហើយ​ក៏​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​ផង​នោះ ។ បើ​ទោះជា​មុន​ឡើង​រេញ រូបគេ​បាន​ហ្វឹកហាត់​ដិត​ដល់​និង​បាន​ចាក់​មើល​វី​ដេ​អូ​ឡើង​ប្រកួត​កន្លង​មក​របស់​កីឡាករ​ជា​គូប្រកួត ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​រៀមច្បង​រូប​នេះ​ក្តី តែ​រូបគេ​នៅ​អត់​សង្ឃឹម​សម្រាប់​ការ​ផ្ដួល​រៀមច្បង​រូប​នេះ​ឲ្យ​ធ្លាក់​ពី​វគ្គ​ដ៏​សំខាន់ ហើយ​អាច​បាន​ឡើង​ទៅ​វគ្គ​២​នាក់ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​ថ្លែង​ថា ការ​ប្រកួត​រដូវ​កាល​នេះ​នឹង​កាន់តែ​ល្អ​មើល​ហើយ ដោយសារ​ជា​វគ្គ​វគ្គ​ជម្រុះ​ក្នុង​ជុំ​ទី​៤ កីឡាករ​ដែល​បាន​ឈ្នះ​រួច​ហើយ​គឺ​សុទ្ធតែ​ល្អ​បើ​ផ្អែក​តាម​ការ​តាមដាន ។ សមាសភាព​នៅ​ក្នុង រដូវ​កាល​ទី​៦​នេះ គឺ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែល​ជា​ប្រភេទ​ស្រាល ដូច្នេះ​សម្រាប់ ​កីឡាករ​គឺ​មិន​ខុស​ពី​បណ្ដុះ​កីឡាករ​ក្មេង​ៗ ដើម្បី ត្រៀម​ទុក​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នោះ​ទេ ។

លោក​ប្រកាស​ថា បើ​កីឡាករ​ដែល​មានមុខ​ប្រកួត​ក្នុង​រដូវ​កាល​ទី​៦​ទាំងអស់​ប្រឹងប្រែង ហើយ​ត​ស៑ូ​ប្រកួត​ដោយ​កុំ​ប្រហែស​ខ្លួន គឺ​រង្វង់​៣​ទៅ​៤​ឆ្នាំ​ទៀត ពួក​គេ​នឹង​ក្លាយជា​កីឡាករ​ល្បី​ៗ ជំនួស​អ្នក​ចាស់ ដែល​ល្បី​នៅ​ក្នុង​ពេល​នេះ​។

លោក​សម្រេចចិត្ត​ជ្រើសរើស​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ព្រោះ​លោក​យល់​ថា គឺជា​ការ​បណ្ដុះ​ធនធាន​កីឡាករ​ក្មេង​ៗ​ស្នង​តំណែង ។ ការ​ប្រកួត​ក្នុង​វគ្គ​៤​នាក់​ជម្រុះ​យក​២​នាក់​នេះ លោក​អះអាង​ថា សម្រាប់​គូប្រកួត​ក្នុង​ស​ប្ដា​ហ៍​បន្ទាប់​នឹង​កាន់តែ​ល្អមើល ដោយសារ​តែ​ជា​វគ្គ​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ជើងឯក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)