ខេត្តបាត់ដំបង ៖ ក្រុមអ្នកញៀនល្បែងស៊ីសងយ៉ាងតិចចំនួន៧នាក់ ក្នុងនោះមានទាំងមេកន្ទុយលេខផង ត្រូវបានកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋានខេត្ត ខណ:ដែលពួកគេកំពុងនាំគ្នាប្រព្រឹត្តល្បែងស៊ីសងយ៉ាងវក់វី(អាប៉ោង-ឆ្នោត) កាលពីរសៀលថ្ងៃទី២៣ វិច្ឆិកា នៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

លោកឧត្តសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសថា ក្រុមអ្នកលេងល្បែងទាំងនេះ ត្រូវបានបង្ក្រាបពេលដែលពួកគេកំពុងប្រព្រឹត្ត តែអ្នកលេងមួយចំនួនបានរត់រួច ហើយតំណាលគ្នានេះ កម្លាំងជំនាញក៏បានឆ្មក់ចូលបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែងផងដែរ ។
លោកស្នងការរងបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនក្រុមអ្នកលេងចំនួន៧នាក់ យើងក៏ប្រមូលវត្ថុតាងជាច្រើនផងដែរ ។ មានការកត់សម្គាល់ផងដែរថា ល្បែងស៊ីសងដែលជាពិសេសល្បែងកន្ទុយលេខ ហាក់កំពុងរីករាលដាលមិនថា នៅក្នុងក្រុងបាត់ដំបងទេ សូម្បីនៅតាមបណ្ដាស្រុកនានា ក៏កំពុងរីកដូចផ្សិតដែរ ។ រីឯការបង្ក្រាបរបស់សមត្ថកិច្ចហាក់មានសកម្មភាពតិចទូចបំផុតព្រោះច្រើនពេក ។

កន្លងមកនេះ មានមេកន្ទុយលេខដ៏ធំបានមកបើកទីតាំងម៉ៅការឆ្នោតគ្រប់ប្រភេទនៅក្នុងក្រុងបាត់ដំបង ដោយជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរ ។ បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ទីតាំងល្បែងឆ្នោតដ៏ធំនេះ ស្ថិតនៅក្នុងបូរីរោងចក្រ ក្នុងក្រុងបាត់ដំបង ដែលមានឈ្មោះ រដ្ឋា ជាអ្នកមើលខុសត្រូវជំនួសមេធំនៅរាជធានីភ្នំពេញដែលគេល្បីថា នៅច្បារអំពៅ ។ មុនពេលបោះទីតាំងធំនៅក្រុងបាត់ដំបង មេកន្ទុយលេខនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលជាការជូនដំណឹងពិសេសដល់មេកន្ទុយលេខនានា ដែលចង់លក់ឡើងកាតុងឲ្យក្រុមហ៊ុនខ្លួន ។
នៅក្នុងសេចក្ដីជួនដំណឹងនោះ គេនិយាយអំពីការលក់ឆ្នោត ការស៊ីសង និងការកាត់ទឹកដែលមានឆ្នោតសៀម យួននិងវត្ថុ ។ ជាមួយគ្នានេះ មេឆ្នោតធំនេះក៏បានអះអាងធានាដោះស្រាយចំពោះកូនការតុងរបស់ខ្លួនទាំងឡាយណាដែលត្រូវសមត្ថកិច្ចបង្ក្រាបទៀតផង ។

បើយោងលើខ្លឹមសារ នៃសេចក្ដីប្រកាសនេះ គេអាចសន្និដ្ឋានបានខ្លះៗថា មេឆ្នោតដ៏ធំដែលហ៊ានមកបើកទីតាំងសាខាប្រចាំខេត្តបាត់ដំបង អស់រយៈពេលជិត១ឆ្នាំកន្លងទៅនេះ អាចផ្អែមមាត់ផ្អែមកជាមួយសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាមុនរួចហើយ ទើបអាចបើកដំណើរការយ៉ាងរលូននិងមានអំនួតពីសុវត្ថិភាពរហូតមកដល់សព្វថ្ងៃនេះ ដោយមិនមានសមត្ថកិច្ចឬអាជ្ញាធរណាសួរនាំឬមានវិធានការទប់ស្កាត់ឬបង្ក្រាបឡើយ ប្រៀបដូចត្រូវ «ថ្នាំពុល» ។

បើតាមព័ត៌មានថ្មីៗនេះថា មេល្បែងកន្ទុយលេខដែលជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរខាងលើនេះ បាននិងកំពុងពង្រីកមាឌទៅតាមទីប្រជុំជនឆ្ងាយដាច់ស្រយាលនានា ដើម្បីជំរុញឲ្យមេកន្ទុយលេខតូចតាចតាមជនបទលក់ឆ្នោតឡើងកាតុងឲ្យខ្លួន ។
ទោះយ៉ាងណា ជុំវិញការបង្ក្រាបបនល្បែងខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្បែងស៊ីសង ពេលនេះលោកស្នងការខេត្ត បញ្ជាឲ្យមន្ត្រីជំនាញសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ឬក៏បញ្ជូនទៅស្រុក«កំពង់លែង»ក៏មិនទាន់ដឹងដែរ ៕
