រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២០ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២២ វិច្ឆិកា ថា នេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតខ្ពស់និងជាលើកទី១ដែលកម្ពុជារៀបចំដើម្បីទាក់ទាញអ្នកទេសចរក៏ដូចជាក្នុងគោល បំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ ។ ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ខណៈការប្រណាំងធ្វើឡើងនៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤គឺកោះកុង ព្រះសីហនុ កំពត និងកែប ដែលមានចម្ងាយសរុបជាង៤៦៧គីឡូ ម៉ែត្រដោយមានកីឡាករជំនាញបរទេសប្រមាណ១០០នាក់មកពីច្រើនប្រទេសចូលរួមជាមួយកីឡាករជំនាញរបស់កម្ពុជាមួយក្រុមទៀតផង ។
លោកថា ប្រសិនបើយើងបើកទូលាយនោះនឹងមានបណ្តាប្រទេសជាច្រើនមកចូលរួមមិនខានព្រោះនេះជាព្រឹត្តិការណ៍ប្រណាំងលក្ខណៈអន្តរជាតិប៉ុន្តែយើងតម្រូវតែប៉ុន្មានប្រទេសប៉ុណ្ណោះ ដោយផ្អែកទៅលើលក្ខណៈសម្បត្តិរបស់កម្ពុជាដែលអាចទទួលបាន ។ យ៉ាងហោចណាស់ក៏មានប្រទេសប្រហែល២០ចូលរួមក្នុង១ប្រទេសមានគ្នាប្រមាណ១០នាក់រួមទាំងកីឡាករ៦នាក់ផង ដូច្នេះសរុប២០ក្រុមស្មើ២០០នាក់បូករួមអ្នកបច្ចេកទេសនិងអ្នកបម្រើសេវាផ្សេងៗ សរុបគឺមានចំនួនប្រមាណជាង៣០០នាក់ ។

លោក នី ផល្លី អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ឲ្យដឹងថា ការប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០នេះ នឹងរៀបចំធ្វើជា៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ដោយផ្តើមចេញដំណើរពីរមណីយដ្ឋានតារាសាគរនៅខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅកាន់ ទីរួមខេត្តកោះកុង ដែលមានចម្ងាយផ្លូវជាង ១៥០គីឡូម៉ែត្រ ។
ដំណាក់កាលទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីរង្វង់មូលរមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង (នៅត្រង់រង្វង់មូលវិថីសាយភូថង) ឆ្លងកាត់មកផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោនៃខេត្តកំពតដែលមានចម្ងាយជាង១៥០គីឡូម៉ែត្រ ។ ដំណាក់កាលទី៣ប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីជើងភ្នំបូកគោឆ្លងកាត់រង្វង់មូល ទុរេនខេត្តកំពតរួចបន្តទៅកាន់រង្វង់មូលសេះសនិងប្រណាំង៥ជុំក្នុងខេត្តកែបឆ្ពោះទៅកាន់រង្វង់មូលវិញនិងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយសរុបប្រមាណជាង១៥០គីឡូម៉ែត្រសរុបចម្ងាយផ្លូវទាំង៣ដំណាក់កាលមានប្រវែង៤៦៧គីឡូម៉ែត្រ។
សូមបញ្ជាក់ថា តាមគម្រោងផ្លូវរត់ក្នុងដំណាក់កាលទី៣លើកមុន គឺត្រូវបញ្ចប់នៅរង្វង់មូលតោពីរខេត្តព្រសីហនុ តែដោយសារបច្ចុប្បន្នក្រុងព្រះសីហនុកំពុងជួសជុលផ្លូវ ក៏បង្វែរមកបញ្ចប់នៅខេត្តកែបវិញ ។ លោកវ៉ាត់ ចំរើន បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកឆ្លងកាត់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះត្រូវបានសហព័ន្ធអន្តរជាតិចាត់ទុកជាផ្លូវការថា ជាការប្រកួតដែលកីឡាករទាំងអស់លើពិភព លោកអាចចូលរួមដើម្បីសន្សំពិន្ទុសម្រាប់ឡើង ចំណាត់ថ្នាក់ (Ranking) របស់កីឡាករម្នាក់ៗដែលចូលរួម ។
បើតាមតំណាងប្រឹក្សាយោបល់នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកឲ្យដឹងថា ការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ ដោយសារតែទើបចាប់ ផ្តើម និងមានរយ:ពេល៣ថ្ងៃបែបនេះ គឺស្ថិតនៅក្នុងកម្រិត ២.២ ដែលសហព័ន្ធអន្តរជាតិ UCI បានកំណត់ ។ លោកបន្តថា មកទល់នឹងពេលនេះយើងបានរៀបចំផ្លូវក៏ដូចជាកន្លែងស្នាក់នៅរបស់កីឡាករដែលចូលរួមគឺសម្រេចបាន៥០ភាគរយហើយ ។
មានប្រទេសជាង១០ហើយដែលបានចុះឈ្មោះចូលរួមក្នុងនោះយើងបានទទួលជាផ្លូវការគឺមានក្រុមអាជីពរបស់ប្រ ទេសម៉ាឡេស៊ីដែលជាក្រុមជើងឯកប្រចាំទ្វីបអាស៊ី។ចំណែកក្រុមមួយចំនួនទៀតកំពុងតែធ្វើការចុះឈ្មោះជាបន្តបន្ទាប់ដែលមានដូចជាឥណ្ឌូណេស៊ី ហ្វីលីពីន អូស្ត្រាលី ប៉ូឡូញ ហូឡង់ អាល្លឺម៉ង់ ជប៉ុន ចិន ហុងកុង ថៃ អាមេរិក បារាំង និងកូរ៉េ ក៏បានមកចុះឈ្មោះដែរ ដោយរង់ចាំតែការបញ្ជាក់ឯកភាពរបស់គណៈកម្មការរៀបចំតែប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ បុប្ផា)