មនុស្សយើងគប្បីយកចិត្តទុកដាក់ចំពោះការងារ ព្រោះថា មនុស្សអត់ការងារជាមនុស្សអន់ ជាមនុស្សទ្រមក់ ប៉ុន្តែបើមានការងារអាក្រក់ ទុច្ចរិតទៅវិញនោះ លោកចាត់ថាជាមនុស្សគម្រក់ពេកណាស់ ដេកនៅឱ្យស្ងៀមទៅប្រសើរជាង។
ពិតណាស់ការងារបែងចែកមនុស្សលោកឲ្យខ្ពង់ខ្ពស់ ឬថោកទាបទៅតាមលំដាប់ ដូច្នេះសូមមនុស្សលោកទាំងឡាយ ខំប្រឹងប្រែងលះបង់នូវការងារណាដែលសៅហ្មង ដើម្បីឲ្យខ្លួនឯងបានសណ្ដករបូតរួចផុតអំពីភាពនៃបុគ្គលថោកទាប ហើយខំប្រឹងប្រែងព្យាយាមក្នុងការងារណាដែលបរិសុទ្ធ ប្រាសចាសទោស ដើម្បីឱ្យបានជាមនុស្សឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់ រស់នៅដោយក្ដីស្ងប់ រីករាយជានិច្ចព្រោះបានឃើញអំពើបរិសុទ្ធរបស់ខ្លួន ។
ហេតុនេះបុគ្គលត្រូវតែយកចិត្តទុកដាក់ចំពោះការងារ ជាពិសេសគឺការងារដែលខ្លួនកំពុងធ្វើ បើការងារនោះប្រាសចាកនូវទោសហើយ ទោះជាការងារអ្វីក៏ដោយ កុំឲ្យមើលងាយថា អន់ឬថោកទាបឲ្យសោះ ត្រូវចេះស្រលាញ់ការងារនោះ ព្រោះមិនមានអ្នកណាម្នាក់គាំទ្រយើងឲ្យខ្ពង់ខ្ពស់ ក្រៅអំពីខ្លួនឯងដែលគោរពនូវការងាររបស់ខ្លួនឯងឡើយ ។ (ដោយសាន សារិន)