បុរសម្នាក់អុកឡុកក្នុង​គ្រួសារហើយ​ចង់​ដុត​ផ្ទះចោលថែមទៀត ផ្អើល​ពេញ​បុរី​​

រាជធានី​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ បាន​ចេញ​ទៅ​អន្តរា​គមន៍​ភ្លាម​ៗ​ ខណៈ​​ពេល​បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​អុកឡុក​ក្នុង​គ្រួសារ ​ដោយ​​គំរាម​​កំ​ហែង​ឪពុក​ម្ដ​ាយ​ និ​ង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាតអស់​​មួយ​ចំនួន​ ព្រមទាំង​​បំរុង​​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ថែម​ទៀត​ផង ព្រោះតែ​ខឹង​ឪពុក​ម្ដាយ​ហាមឃាត់​មិន​ឲ្យ​ទៅ​ជួប​ប្រពន្ធ​និង​កូន​ដែល​បាន​លែងលះ​គ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ ។​

ហេតុការណ៍​​ខាងលើ​នេះ​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្នុង​បុរី​ព្រី​ន​ថោ​ន ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​បុរស​ខាងលើ​​ឈ្មោះ​ជា ទិ​គា អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាង​ធ្វើសោ និង​ជាអ្នកបើកបរ​​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​នោះ ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កន្លង​មក​បុរស​ខាងលើ​នេះ​មាន​ប្រពន្ធ​ និង​មានកូន​ប្រុស​ម្នាក់​​ផង​​ដែរ ប៉ុន្តែ​ពុំ​ដឹង​ថា​មានរឿង​អ្វី​កើតឡើង​នៅ​ក្នុង​គ្រួសារ​ទេ ដោយ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ក៏​បាន​ឈាន​ដល់​ការ​លែងលះ​គ្នា​ ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ។ ​​ក្រោយ​​ពី​ការ​លែង​លះ​គ្នា ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​កូនប្រុស​ទៅ​រស់នៅ​ឯ​ភូមិ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​​ ។ ដោយ​ឡែក​នៅ​ប៉ុន្មាន​ថ្ងៃមុន​ពេល​កើតហេតុ​ បុរសខាងលើ​​នេះ​បាន​សុំ​ឪពុក​ម្ដាយ​ទៅ​លេង​ប្រពន្ធ​កូន ​ប៉ុន្តែ​ត្រូ​វ​បាន​ឪពុក​ម្ដាយ​ឃាត់​មិន​ឲ្យ​ទៅ​ឡើយ​ ព្រោះតែ​បុរសខាងលើ​និង​ប្រពន្ធ​បាន​​លែងលះ​គ្នា​ទៅ​ហើយ ទើប​​ឪពុក​ម្ដាយ​មិន​ចង់​ឲ្យ​ទៅ​​លេង​ទៀត​ទេ ខ្លាច​មាន​បញ្ហា​អាក្រក់​ផ្សេង​ៗ​កើតឡើង​។

តាម​ប្រភព​​ព័ត៌មាន​​បាន​ឱ្យ​ដឹង​បន្ត​​ថា ដោយសារ​តែ​បែប​នេះ ​ទើប​​ធ្វើ​ឲ្យ​បុរស​នេះ​ខាងលើ​មួរ​​ម៉ៅ​​ក្ដៅក្រហាយ​ក្នុង​ចិត្ត​ ហើយ​រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ​ ក៏​បាន​ធ្វើការ​អុកឡុក​វាយ​បំផ្លាញ​ទ្រព្យ​ស​ម្ប​ត្ត​ក្នុងផ្ទះ​ និង​ដុត​ផ្ទះ​បណ្ដាល​ឲ្យ​ឆេះ​វាំងននអស់​​បន្តិច​​ផងដែរ ​ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​នគរបាល​បុ​ស្តិ៍​កា​កាប​២ ចេញ​ទៅ​អន្តរាគមន៍​ពន្លត់​ទាន់ពេល​​វេលា ហើយ​​ខណៈនោះ​បុរស​ខាងលើ​​មាន​កាន់កា​បិត​ក្នុង​ដៃ​ផង​ដែរ​។​

តាម​ប្រភពព័ត៌មានបាន​ឱ្យដឹង​បន្តទៀត​ថា ពេល​នោះ​នគរបាល​ និង​អ្នក​ជិតខាង​បាន​លួងលោម​ឲ្យ​ចេញ​ក្រៅ​ និង​រក្សា​​ភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​បុរស​ខាងលើ​នេះ​មិន​ព្រម​ស្ដាប់​ឡើយ រហូត​នគ​នគរបាល​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​អស់​២​បំពង់ ​និង​ប្រើ​រយៈពេល​ជាង​១​ម៉ោង​ទើប​អាច​ចាប់ខ្លួន​បាន​។

​ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​បាន​នាំ​បុរស​ខាងលើ​​ទៅធ្វើការ​​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​២​ដើម្បី​កសាង​សំណុំរឿង ហើយ​មិន​ទាន់​ដឹង​ថា​ នគរបាល​ចាត់ការ​បែប​ណា​នៅឡើយ​ទេ ​ប៉ុន្តែបើ​តាម​​ជំហរ​របស់​ឪពុក​ម្ដាយ​គឺ​ចង់​ត្រឹម​ឲ្យ​នគរបាល​ជួយ​ធ្វើការ​អប់រំ​តែ​ប៉ុណ្ណោះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)