ឥណ្ឌូនេស៊ី ៖ សម្រាប់អ្នកទេសចរដែលនិយមចូលចិត្តទស្សនាកម្សាន្តតាមតំបន់ដែលមានលក្ខណៈបែបវប្បធម៌ និងផ្សងព្រេងនោះ គឺ យុគយ៉ាការតា (Yogyakarta) ជាទីក្រុងដ៏ល្បីឈ្មោះមួយស្ថិតនៅលើកោះ ចាវ៉ា ( Java) របស់ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានគេស្គាល់ច្បាស់ដោយសារសិល្បៈវប្បធម៌ និងបេតិកភណ្ឌវប្បធម៌នៅទីនោះ ។

ចំណុចពិសេស គឺទីក្រុងនេះ មានរាជវាំងមួយដែលមានឈ្មោះថា ក្រាតុន (KRATON) ដែលបានកសាងឡើងនៅសតវត្សរ៍ទី ១៨ ដែលមានព្រះពន្លាបើកចំហរជាច្រើនសម្រាប់រៀបចំពិធីរាំរបាំជ្វាបុរាណ និងការប្រគំតន្ត្រីជាមួយឧបករណ៍ គង និង ឃ្មោះជាដើម ។


អ្នកទេសចរពីគ្រប់ទិសទីអាចចូលទស្សនារាជវាំង KRATON ដែលមានព្រះពន្លាដ៏ប្រណីតត្រូវបានសាងសង់ដោយផ្អែកលើជំនឿរបស់មនុស្សទាក់ទងនឹងព្រះ មនុស្សនិងអាណាចក្រធម្មជាតិ ។ KRATON សាងសង់ឡើងដោយបែរមុខទៅទិសខាងជើងឆ្ពោះទៅកាន់កំពូលភ្នំមេរ៉ាពី (Merapi) ។ ផ្នែកខាងត្បូងនៃរាជវាំងនេះប្រឈមនឹងមហាសមុទ្រឥណ្ឌា ។ ប្លង់គោលនៃអគារសំខាន់របស់ KRATON បានចាប់ផ្តើមស្ថាបនាក្នុងរជ្ជកាលស្តេច Sultan Hamengku Buwono I នៅឆ្នាំ ១៧៥៥ – ១៧៥៦ ។


សព្វថ្ងៃនេះ KRATON គឺជាបំណែកនៃប្រវត្តិសាស្ត្រ និងប្រពៃណីនៃការរស់នៅ ហើយនៅតែត្រូវបានប្រើប្រាស់ជាព្រះរាជដំណាក់របស់ស្តេច ស៊ុលតង់ ក៏ដូចជាសម្រាប់រៀបចំពិធីសំខាន់ៗនានានៅ យុគយ៉ាការតា ផងដែរ ។

អ្នកទេសចរនឹងចាប់អារម្មណ៍រាជវាំង KRATON ដែលនៅខាងក្នុងមានសារមន្ទីរ Hamengku Buwono IX ដោយមានតាំងនូវកម្រងវត្ថុអនុស្សាវរីយ៍នានា និងរបស់សំខាន់ៗជាច្រើនដែលជាកម្មសិទ្ធិរបស់ស្តេច Sultan Hamengku Buwono X ដែលជាអភិបាលនៃតំបន់ពិសេស យុគយ៉ាការតា រហូតដល់ថ្ងៃនេះ។ ក្រៅពីនេះអ្នកទេសចរក៏អាចទស្សនាសារមន្ទីរគំនូរ សារមន្ទីរគ្រឿងសម្គាល់របស់ស្តេច និងសារមន្ទីរសម្រាប់ព្រះទីន័ងផងដែរ ។

បន្ទាប់មកទៀតអ្នកទេសចរបន្តដំណើរទៅកាន់ប្រាសាទទឹក តាម៉ាន់សារី (Taman Sari) ដែលជាទីតាំងនៃអតីតសួនច្បាររាជវង្សនៃស្តេច ស៊ុលតង់ របស់ទីក្រុងយុគយ៉ាការតា ។ ប្រាសាទទឹកនេះ មានចម្ងាយប្រហែល ២គីឡូម៉ែត្រភាគខាងត្បូងនៃរាជវាំង KRATON ដែលត្រូវបានសាងសង់នៅពាក់កណ្តាលសតវត្សរ៍ទី ១៨ ។ តាម៉ាន់សារី មានមុខងារជាច្រើនដូចជាកន្លែងសម្រាក កន្លែងធ្វើសមាធិ និងជាតំបន់ការពារ ព្រមទាំងជាកន្លែងលាក់ខ្លួនផងដែរ ។

តាម៉ាន់សារី មាន ៤ តំបន់ដាច់ដោយឡែកពីគ្នា ដែលក្នុងនោះគឺមានស្រះទឹកសិប្បនិម្មិតធំមួយ, មានព្រះពន្លា និងមានកន្លែងស្រង់ទឹក ជាដើម ។ ចាប់តាំងពីឆ្នាំ ១៩៩៥ ឧទ្យានវិមានយុគយ៉ាការតា រួមទាំង តាម៉ានសារី ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ តាម៉ាន់សារី គឺជាកន្លែងប្រវត្តិសាស្ត្រមួយនៅ យុគយ៉ាការតា ដែលធ្លាប់ជាកន្លែងស្រង់ទឹកសម្រាប់គ្រួសាររបស់ស្តេច ។ ជារៀងរាល់ខែពិសេសគ្រួសាររបស់ស្តេចតែងតែស្រង់ទឹកក្នុងស្រះនេះ ។

ចេញពីរាជវាំង និងប្រាសាទ អ្នកទេសចរបន្តដំណើរនៅក្នុងទីក្រុង យុគយ៉ាការតា នេះដដែល ដើម្បីទៅទស្សនាកន្លែងធ្វើក្រណាត់ BATIK ដែលត្បាញដោយដៃដ៏ល្បីឈ្មោះនៅឯ Batik Winotosastro ។ នៅទីនោះ អ្នកទេសចរបានឃើញដោយផ្ទាល់ភ្នែកនូវការដំណើរការជាក់ស្តែងនៃការត្បាញ និងការជ្រលក់ពណ៌ក្រណាត់ BATIK ដោយដៃ ។

ជាងនេះទៅទៀតនោះ គឺអ្នកទេសចរថែមទាំងអាចធ្វើ BATIK នេះ ដោយផ្ទាល់ដៃទុកជាអនុស្សាវរីយ៍ពេលត្រឡប់មកវិញផងដែរ ។ Batik Winotosastro ជាផ្នែកមួយនៃប្រវត្តិសាស្ត្របុរាណក្នុងនាមជាអ្នកផលិត BATIK នៅជំនាន់ទី ៥ នៅទីក្រុងយុគយ៉ាការតា ។
ដើម្បីឱ្យកាន់ប្លែកអារម្មណ៍ថែមទៀតសម្រាប់អ្នកទេសចរនោះ គឺនាំគ្នាមកជិះរទេះសេះ ANDONG ដែលជាជម្រើសមួយសម្រាប់អ្នក ដើម្បីរីករាយជាមួយនឹងទេសភាពនៅក្នុងទីក្រុង យុគយ៉ាការតា ។

រទេះសេះ ANDONG អាចដឹងភ្ញៀវទេសចរបានចំនួន ៥ នាក់ ហើយការជិះរទេះសេះនេះ បានផ្តល់ឱ្យយើងនូវអារម្មណ៍ប្លែកនៃការធ្វើដំណើរជុំវិញទីក្រុង និងថែមទាំងធ្វើឱ្យយើងមានភាពសប្បាយរីករាយជាមួយទិដ្ឋភាពទូទៅ ក៏ដូចជាការស្តាប់សំឡេងជើងសេះដែលរត់នៅលើផ្លូវថ្នល់បញ្ចេញសំឡេងប្រៀបបាននឹងតន្ត្រីកំដរអារម្មណ៍មិនចេះធុញទ្រាន់ផងដែរ ។

បន្ទាប់ពីជិះរទេះសេះរួចមកអ្វីដែលធ្វើឱ្យអ្នកទេសចរគាន់តែជក់ចិត្តថែមទៀតនោះគឺ MALIOBORO STREET គឺជាផ្លូវដើរទិញទំនិញដ៏សំខាន់មួយនៅ យុគយ៉ាការតា ប្រទេសឥណ្ឌូនេស៊ី ។ ផ្លូវនេះ គឺជាចំណុចកណ្តាលនៃតំបន់ទេសចរណ៍ដ៏ធំបំផុតរបស់ យុគយ៉ាការតា ដែលព័ទ្ធជុំវិញដោយសណ្ឋាគារ ភោជនីយដ្ឋាន និងហាងជាច្រើននៅក្បែរនោះ ។

នៅតាមចិញ្ចើមថ្នល់សងខាងផ្លូវមានមនុស្សម្នាច្រើនកុះករដើរទៅមកដើម្បីទិញទំនិញតាំងពីព្រឹករហូតដល់រាត្រី ជាពិសេសទិញសម្លៀកបំពាក់ធ្វើពីក្រណាត់ BATIK ដ៏ពេញនិយមនៅតាមតូបលក់ទំនិញតូច-ធំជាច្រើនប្រភេទ ។

នៅពេលល្ងាច MALIOBORO STREET មានទិដ្ឋភាពស្រស់ស្អាតគួរឱ្យទាក់ទាញជាមួយនឹងការតាំងភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត និងមានហាងអាហារតាមចិញ្ចើមផ្លូវជាច្រើនទៀតផង ។ ក្រៅពីដើរទិញទំនិញហើយនោះអ្នកទេសចរជាតិ និងអន្តរជាតិថែមទាំងបានទស្សនាការប្រគំដន្ត្រីដ៏គួរឱ្យជាប់ចិត្តផងដែរនៅតាមដងផ្លូវដ៏ល្បីឈ្មោះនេះ ៕ សោម វិសាល (កែសម្រួលដោយ ៖ បុប្ផា)

