លំ​ហាត់​ពង្រឹង​ផ្លូវចិត្ត និង​ជួយ​ឱ្យ​អ្នករក​លុយ​បាន​ច្រើន

បើ​អ្នក​ចង់​អាច​លើក​របស់​ធ្ងន់​បាន អ្នក​ត្រូវការ​កម្លាំងកាយ​បន្ថែម​ដោយ​ទៅ​ធ្វើ​លំ​ហាត់ប្រាណ​ជាដើម ។ តែ​បើសិនជា​អ្នក​ចង់បាន​កម្លាំង​ផ្លូវចិត្ត​វិញ ដើម្បី​ជួយ​ជំរុញ​ឲ្យ​អ្នក​ឆ្លងកាត់​ឧបសគ្គ​ធំ​ៗ តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា? ចម្លើយ គឺ​ដូច​ករណី​ដំបូង​ដែរ គឺ​អ្នក​ត្រូវធ្វើ​លំ​ហាត់​ពង្រឹងកម្លាំង​ផ្លូវចិត្ត​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ និង​រក​លុយ​បាន​កាន់តែ​ច្រើន​ដូច​ខាងក្រោម​នេះ ។

១. កែទម្រង់​គំនិត​អវិជ្ជមាន​៖
ប្រសិនបើ​អ្នក​ទម្លាប់​មានគំនិត​អវិជ្ជមាន​ដូច​ជា «​ខ្ញុំ​នឹង​បរាជ័យ​» នោះ​អ្នក​គួរតែ​ចាប់ផ្តើម​គិត​បែប​ពិត​និយម​វិញ​ដូច​ជា «​ប្រសិនបើ​ខ្ញុំ​ខិតខំ ខ្ញុំ​នឹង​មានឱកាស​ច្រើន​ដើម្បី​ជោគជ័យ​» ។ នរណា​ក៏​អាច​មាន​ថ្ងៃ​ដែល​ពួក​គេ​មានសំណាង​អាក្រក់​ដែរ ប៉ុន្តែ​ការ​គិត​បែប​ពិត​និយម​អាច​ជួយ​ឲ្យ​អ្នក​ដកខ្លួន​ចេញពី​ឥទ្ធិពល​ដែល​ជះ​ចេញពី​គំនិត​អវិជ្ជមាន​ខាងលើ ។

២. សម្រេច​កិច្ចការ​ដែល​ពិបាក​ៗ​យ៉ាងតិច​ណាស់​ឲ្យ​បាន​មួយ​ក្នុង​មួយ​ថ្ងៃ ៖
ការ​អភិវឌ្ឍន៍​ខ្លួន​មិន​អាច​កើត​មាន​ឡើង​ដោយ​ចៃដន្យ​ទេ ។ អ្នក​ត្រូវ​តែ​ជំរុញ​ខ្លួន​ជា​រៀងរាល់ថ្ងៃ និង​ស្គាល់​ពី​កម្រិត​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ។ ការ​សម្រេច​កិច្ចការ​ដែល​អ្នក​គិត​ថា​ពិបាក​ជា​រៀងរាល់ថ្ងៃ​នឹង​ជួយ​ជំរុញ​ទឹកចិត្ត​ឲ្យ​អ្នក​កាន់តែ​ក្លាហាន​ឡើង និង​ធ្វើ​ជា​មនុស្ស​ដែល​ល្អ​ជាង​ខ្លួនឯង​កាលពី​ថ្ងៃ​ម្សិល ។

៣. ពិបាក​មុន ស្រណុក​ក្រោយ​៖
ឧបសគ្គ ឬ​ភាព​លំបាក​ផ្សេង​ៗ​អាច​ធ្វើ​ឲ្យ​មនុស្ស​គេច​វែ​ស​ទៅ​រក​ផ្លូវ​កាត់​ដែល​មិនល្អ​សម្រាប់​ពួក​គេ ដូច​ជា​មើល​ទូរទស្សន៍​រាប់​ម៉ោង ឬ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​ជាដើម ។ ប៉ុន្តែ​ផ្លូវ​កាត់​ដែល​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស​ទាំងនេះ​មាន​តែ​បង្កើត​បញ្ហា​ក្នុង​រយៈពេល​វែង​ដល់​អ្នក​ប៉ុណ្ណោះ ។ រាល់ពេល​ដែល​អ្នក​ជួបនឹង​ឧបសគ្គ ឬ​ភាព​លំបាក អ្នក​គួរ​រំលឹក​ខ្លួន​ពី​អ្វី​ដែល​អ្នក​ចង់​សម្រេច​នៅ​ថ្ងៃ​មុខ​ព្រោះ​វា​នឹង​ជួយ​បង្កើន​ជំនឿ​ចិត្ត​អ្នក​ឲ្យ​សម្រេច​គោលដៅ​ខ្លួន ។

៤. រក​ការ​បកស្រាយ មិនមែន​ការ​ដោះសារ​ទេ​៖
តើ​អ្នក​បរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​មែន​ទេ? បើ​ដូច្នេះ​អ្នក​ត្រូវ​ត្រួតពិនិត្យ​មើល​មូលហេតុ​សា​ជា​ថ្មី ។ អ្នក​គួរតែ​រក​ការ​បកស្រាយ​ដែល​ជួយ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ល្អ​ជាង​មុន មិនមែន​រកតែ​ការ​ដោះសារ​ឲ្យ​រួចខ្លួន​ទេ ។ ប្រសិនបើ​អ្នក​គិត​ថា​អ្នកមាន​កំហុស អ្នក​គួរតែ​មាន​ទំនួល​ខុស​ត្រូវ តែ​កុំ​ស្តីបន្ទោស​ខ្លួនឯង ។ ការ​ទទួលស្គាល់​កំហុស​នឹង​ជួយ​ឲ្យ​អ្នករៀន​ពី​វា និង​អាច​ជៀសវាង​វា​បាន​នៅ​ថ្ងៃ​មុខ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់