ហ៊ី​ត្លែរ​ចាប់ផ្តើម​ក្លាយជា​មេ​ដឹក​នាម​ផ្តាច់​ការ

មួយ​ជំហាន​ម្តង​ៗ​ហ៊ី​ត្លែរ​បាន​កាន់កាប់​ត្រួតត្រា​ការងារ​របស់​ប្រទេស​ជាតិ ។ ហ៊ី​ត្លែរ​ធ្វើការ​វាយប្រហារ​យ៉ាង​ឃោរឃៅ​ទៅ​លើ​សហជីព ហើយ​អោយ​គេ​ធ្វើបាប​ឬ​ក៏​សម្លាប់​អ្នកដឹកនាំ​ថែម​ទៀត ។ គណ បក្ស​នយោបាយ​ទាំងអស់​លើកលែងតែ​គណបក្ស​ណា​ស៊ី ត្រូវ​ហ៊ី​ត្លែរ​ប្រកាស​ថា​មិន​ស្របច្បាប់​។​ហ៊ី​ត្លែរ​បាន​បំបាត់​មិន​អោយ​មាន​សេរីភាព​ក្នុង​ការ​និយាយស្តី​និង​សេរីភាព​សរសេរ​កាសែត​ឡើយ ។

Loading...

ហ៊ី​ត្លែរ​អនុញ្ញាត​អោយ​ប្រជាជន​អា​ល្លឺ​ម៉​ង់​អាន​ឬស្តាប់​តែ​អ្វី​ដែល​ហ៊ី​ត្លែរ​ចង់អោយ​អាន​ឬ​ស្តាប់​តែ​ប៉ុណ្ណោះ ។ គណបក្ស​ណា​ស៊ី​ក្តាប់​ការ​ផ្សាយរបស់​ស្ថានីយ​វិទ្យុ​ទាំងអស់ ហើយ​រឹបអូស​យក​កាសែត​ណា​ដែល​សង្ស័យ​ថា​ជា​កាសែត​ប្រឆាំង​ផង​ដែរ ។ ហ៊ី​ត្លែរ​កាន់កាប់​ត្រួតត្រា​រដ្ឋាភិបាល​តាម​ខេត្ត តុលាការ​និង​សាលារៀន ។ មាន​តែ​សមាជិក​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ណា​ស៊ី​ទេ​ដែល​អាច​កាន់​តំណែង​រដ្ឋការ​បាន​។

ទី​បញ្ចប់​ហ៊ី​ត្លែរ​បាន​ចាត់វិធានការ​ប្រឆាំង​នឹង​ពួក​ដែល​គាត់​ចាត់​ទុក​ថា​ជា​ការ​គំរាមកំហែង​ពី​ក្នុង​បក្ស​ថែម​ទៀត ដោយ​រាប់​ទាំង​មិត្តភក្តិ​ដ៏​ល្អ​របស់​គាត់​ឈ្មោះ អើ​នរូ​អែម ប្រធាន “​កង​កំទេច​”​ផង ។ ហ៊ី​ត្លែរ​ក៏​កំទេច​ចោល​កម្លាំង​ប៉ូ​លី​ស ដែល​មាន​លក្ខណៈ​ជា​ពួក​អ្នកលេង របស់​គណបក្ស​ណា​ស៊ី​ដែរ ។ នៅ​ថ្ងែ​៣០ មិថុនា ១៩៣៤ ហ៊ី​ត្លែរ​ខ្លួនឯង​បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​ការ​ពិឃាត​រូ​អែម និង​មនុស្ស​ប្រមាណ​១០០០​នាក់​ទៀត ក្នុង​នោះ​ក៏​មាន​សត្រូវ របស់​ហ៊ី​ត្លែរ​ផ្ទាល់​តាំងពី​ពេល​ដែល​គាត់​រស់នៅ​ក្នុង​សភាព​ក្រខ្សត់​នៅ​ទីក្រុង​មុ​យ​និ​ច​ម្ល៉េះ ។

ហ៊ី​ត្លែរ​មិន​ដែល​សុំ​ទោស​ចំពោះ​ភាព​ឃោរឃៅ​របស់​ខ្លួន​ឡើយ ។ ពេល​បាន​ក្តាប់អំណាច​ទាំងស្រុង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ហ៊ី​ត្លែរ​បាន​ប្រកាស​ជា​ចំហ​នូវ​អ្វី​ដែល​គាត់​ធ្លាប់​បានសរសេរ​ក្នុង​សៀវភៅ​ម៉េ​ន កាំ​(​ការ​តស៊ូ​របស់ខ្ញុំ​)​ថា “​ភាព​ឃោរឃៅ​ត្រូវ​គេ​គោរព ។ ភាពឃោរឃៅ​និង​កម្លាំងបាយ ។ មនុស្ស​ធម្មតា​គ្មាន​គោរព​អ្វី​ក្រៅពី​កម្លាំង​កំរោល និង​ភាព​អត់អាណិតអាសូរ​នោះ​ទេ ។ ….​បើ​ប្រជាជាតិ​មួយ​ក្លាយទៅជា​អ្នកមាន​សេរីភាព​បាន ចាំបាច់​ត្រូវ​មាន​មោទនភាព​និង​កម្លាំងចិត្ត ត្រូវ​ហ៊ាន​ងើបមុខ​តទល់ ត្រូវ​មានការ​ស្អប់ ការ​ស្អប់​និងការ​ស្អប់​” ។

នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ គោលដៅ​ចម្បង​របស់​ការ​ស្អប់​និង​ភាព​ឃោ​ឃៅ​របស់​ហ៊ី​ត្លែរ​គឺ​ពួក​ជ្វី​ហ្វ ។ ពេល​ឡើង​កាន់​អំណាច​ភ្លាម ហ៊ី​ត្លែរ​បានអោយ​គេ​អនុម័ត​ច្បាប់​បញ្ឈប់​លែងអោយ​ពួក​ជ្វី​ហ្វ​កាន់​តំណែង​ជា​អ្នក​រដ្ឋការ ឈប់​អោយធ្វើ​ការងារ​ផ្នែក​វិទ្យុផ្សាយសំលេង ភាពយន្ត អ្នកកាសែត គ្រូបង្រៀន​និង​កសិកម្ម ។ ក្រោយមក​ទៀត​ការ​ហាម​ក៏​កាន់តែ ពង្រីកថែម​ទៀត​គឺ​លែងអោយ​ធ្វើ​ការងារ​ផ្នែក​ច្បាប់​គ្រូពេទ្យ​និង​ផ្សារ​ហ៊ុន ។ ហាង​លក់​ម្ហូបអាហារជា​ច្រើន​មិន​ព្រម​លក់​អោយ​ពួក​ជ្វី​ហ្វ​ឱសថស្ថាន​មិន​ព្រម​លក់​ថ្នាំពេទ្យ​អោយ​ពួក​ជ្វី​ហ្វ ហើយ សណ្ឋាគារ​ក៏​មិន​ទទួល​អោយ​ពួក​គេ​ស្នាក់​នៅ​ដែរ ។ នៅ​ក្រុង​ខ្លះ​មាន​បិទ​បំរាម​ថា “​មិន​អោយពួក​ជ្វី​ហ្វ​ចូល​ដាច់ខាត​” ។ ពួក​ជ្វី​ហ្វ​រាប់​ពាន់​នាក់​ត្រូវ​គេ​ចាប់​ប​ញ្ចូ​ន​ទៅ​ដាក់ “​ជំរំ​ប្រមូល​ផ្គុំ​” ជា​ច្រើន​កន្លែង ក៏​ប៉ុន្តែ​ហ៊ី​ត្លែរ​មិន​ទាន់​លេង ធម៌​ក្តៅ​មែនទែន​ចំពោះ​ពួក​ជ្វី​ហ្វ​នៅឡើយ​ទេ ។

ពេល​នេះ​ហ៊ី​ត្លែរ​នៅ​រង់ចាំ​សិន ហើយ​និយាយ​ថា “​ពួក​ជ្វី​ហ្វ​ជា​ចំណាប់ខ្មាំង​សំខាន់​បំផុត​របស់ខ្ញុំ​” ។
មាន​ជន​អា​ល្លឺ​ម៉​ង់​តិច​ណាស់ ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​សកម្មភាព​របស់​ហ៊ី​ត្លែរ ។ ការ​ពិត​នោះ​មួយ​ចំនួន​ធំ​បែរជា​ពេញចិត្ត​ទៅ​វិញ ។ ម្យ៉ាងទៀត​ពី​ឆ្នាំ​១៩៣៣​ដល់​១៩៣៩ ប្រទេស​ជាតិ​មាន​សភាព​រីក​ចំរើន​សម្បូរ​សប្បាយ​ឡើង​វិញ ។ អ្នក​ដែល​គ្មាន​ការ​ធ្វើ​ត្រូវ​គេ​អោយ​ការងារ​ធ្វើ ោ​យ​ផលិត​យន្តហោះ រថក្រោះ​កាំភ្លើង និង​នាវាមុជទឹក ។ កងទ័ព​អា​ល្លឺ​ម៉​ង់បាន​កើនឡើង​យ៉ាង​លឿន ។ ផ្លូវលំ​សំរាប់​រថយន្ត​ក៏​រីក​ពាសពេញ​ប្រទេស ហើយ​មាន​រថយន្តម៉ាក​វ៉ុល​វ៉ា​ហ្កិ​ន​(​ឡាន​របស់​ប្រជាជន​)​ដែល​ផលិត​តាម​គំនិត​គាំទ្រ​របស់​ហ៊ី​ត្លែរ បើកបរ​តាមផ្លូវ​ទាំងនោះ​យ៉ាងច្រើន ។ កម្មករ​រាប់​ពាន់​នាក់​ដឹងគុណ​ហ៊ី​ត្លែរ ព្រោះ​មានការ​ងារ​ធ្វើ​ជាប់លាប់​ទោះជា​គេ​លែងអោយ​ធ្វើ​កូដកម្ម ទោះជា​ប្រាក់ខែ​និង​ម៉ោង​ធ្វើការ​របស់​កម្មករ​ត្រូវ​រដ្ឋាភិបាល​ជា​អ្នក​សំរេច​ទាំងអស់​ក៏​ដោយ ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ៖ សុឃាក់