ការ​ទល់​ទ្រ​ ជា​ភាព​ចាំបាច់​មួយ​ចំពោះ​ការ​​អភិ​ក្ស​ប្រាសាទបុរាណ

323

រាជធានី​ភ្នំពេញ ៖​ដោយសារ​កត្តា​ធម្មជាតិ ភ្លៀង ខ្យល់ កម្តៅថ្ងៃ រុក្ខជាតិ និង​អាយុកាល​នៃ​ថ្ម​បាន​ធ្វើ​ឱ្យ​ប្រាសា​ទបុរាណ​ជា​ច្រើន​បាក់បែក ដួល​រលំ ដូច្នេះ​ចាំបាច់​ត្រូវ​ទល់​ទ្រ ឬ​ជួសជុល​ឡើង​វិញ​ដើម្បី​អភិរក្ស​សំណង់​ប្រាសាទបុរាណ​ទាំងនោះ​បាន​ទាន់​ពេលវេលា ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ អាជ្ញាធរ​អប្សរា​បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ជា​អ្នក​បន្តវេន​នា​ពេល​អនាគត ។

Loading...

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា ផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៩​ថា ជាក់ស្តែង​វគ្គ​បណ្តុះបណ្តាល​អំពី​ការ​ទល់​ទ្រ​សំណង់​ប្រាសាទបុរាណ បាន​បង្ហាត់បង្រៀន​សិក្ខាកាម​ឲ្យ​យល់​ដឹង​ថា​ការ​ទល់​ទ្រ​ទ្រ​ល់​គ្រាន់តែ​ជា​សកម្មភាព​បណ្តោះអាសន្ន ប៉ុន្តែ​ចាំបាច់​ត្រូវ​តែ​ធ្វើ​បន្ទាន់​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​ប្រាសាទ អ្នក​ទស្សនា​ប្រាសាទ ឬ​កន្លែង​ណា​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​រក្សា​ទ្រង់ទ្រាយ​ដើម​ប្រាសាទ​ឱ្យ​នៅ​ដដែល និង​សម្រួល​ដល់​កិច្ចការ​ជួសជុល​នា​ពេល​អនាគត​។

ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ទល់​ទ្រ​វិញ​មាន​ចំនួន​២​ប្រភេទ​គឺ​ទល់​ទ្រ​ដោយ​ឈើ និង ទល់​ទ្រ​ដោយ​បេតុង ដោយ​អ្នកជំនាញ​ត្រូវ​សិក្សា​លើ​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប្រាសាទ​ខូច​ទ្រង់ទ្រាយ ពិនិត្យ​មើល​លើ​កម្លាំង​និង​ទម្ងន់​សង្កត់ សិក្សា​លើ​សម្ភារ​និង​បច្ចេកទេស​ទល់​ទ្រ​តាម​រូបមន្ត​វ៉ិ​ច​ទ័​រ ព្រមទាំង​ត្រូវ​រចនា​ការ​ទល់​ទ្រ​ឱ្យ​សម​ស្រប​ទៅ​តាម​ទម្ងន់ ចៀសវាង​គ្រោះថ្នាក់ ឬ​រំខាន​ដល់​ភ្ញៀវ​ទេសចរ ។

លោក​អៀន ធី សិក្ខាកាម​មក​ពី​ក្រុម​អភិរក្ស​ថ្ម បាន​លើក​ឡើង​ថា ខ្ញុំ​បាន​សិក្សា​ឈ្វេងយល់​ច្រើន​អំពី​របៀប​បច្ចេកទេស​នៃ​ការ​ទល់​ទ្រ​ថ្ម ការ​ថែទាំ​ថ្ម សម្ភារៈ​សម្រាប់​ប្រើប្រាស់ តើ​ត្រូវធ្វើ​របៀប​ម៉េច​ដើម្បី​ទល់​ថ្ម​ឱ្យ​ជាប ់​។ វគ្គ​សិក្សា​នេះ​ពិតជា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ខ្ញុំ ព្រោះ​វា​ជា​ជំនាញ​ថ្មី​មួយទៀត​ក្រៅពី​ជំនាញ​អភិរក្ស​ថ្ម​ដែល​ខ្ញុំ​មាន ។ ខ្ញុំ​នឹង​យក​ជំនាញ​នេះ​ទៅ​បង្ហាត់បង្រៀន​កូនក្រុម​របស់ខ្ញុំ​ឱ្យ​ចេះ​ពី​របៀប​ទល់​ទ្រ​ថ្ម​សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទ​ដ៏​វែង​ឆ្ងាយ​នៅ​ក្នុង​តំបន់​អង្គរ ។

ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​បន្តវេន​ទៅ​អនាគត​គឺជា​កិច្ចការ​អ​ទិ​ភាព​ដ៏​ចម្បង​មួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នា​ពេល​បច្ចុប្បន្ន ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ធ្វើការ​បណ្តុះ​បណ្តាល​​អ្នកជំនាញ​ជាតិ​ទាំង​ការ​អនុវត្ត​ផ្ទាល់​និង​ទ្រឹស្ដី ។ ទន្ទឹម​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​តែងតែ​សហការ​ជាមួយ​ដៃគូ អន្តរជាតិ​អញ្ជើញ​អ្នកជំនាញ​បរទេស ផ្សេង​ៗ ដែល​មានបទពិសោធន៍ ចំណេះដឹង​ខ្ពស់​ទៅ​លើ​ការងារ​អភិរក្ស អភិវឌ្ឍន៍​ទេសចរណ៍ ក៏​ដូច​ជា​ការងារ​អភិវឌ្ឍ​សង្គម ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​អ្នកជំនាញ​ជាតិ​ឲ្យ​កាន់តែ​មាន​មានចំណេះ​ដឹង​និង​ចំណេះធ្វើ​ទូលំ​ទូលាយ។

តាម​រយៈ​ការ​បណ្តុះបណ្តាល​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​កំពុង​ក្លាយជា​ស្ថាប័ន​នាំមុខ​គេ​អំពី​ការ​បណ្តុះបណ្តាល​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​លើ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ ជា​ពិសេស​ទៅ​លើ​ការ​អភិរក្ស​ថ្ម​និង​ប្រាសាទបុរាណ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)