ជ័យជម្នះ​របស់ កីឡាការិនី កែ ឡេ​ង ពិបាក​​រក​អ្នក​ជំនួស

228

រាជធានី​ភ្នំពេញ ៖ ឱកាស​ដណ្ដើម​បាន​មេដាយ​កម្រិត​ពិភពលោក​ជា​ថ្មី បាន​ធ្វើ​ឱ្យ​កីឡាការិនី កែ ឡេ​ង ទទួល​បានការ​កោតសរសើរ​យ៉ាង​ភ្លូកទឹកភ្លូកដី ខណៈ​ដែល​អ្វី​អ្នកស្រី​ធ្វើ​បាន គឺជា​រឿង​ដែល​អ្នក​ជំនាន់​ក្រោយ​ពិបាកធ្វើ​តាម ។ អ្នកស្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាយ​ដល​នៅ​ក្នុង​វិស័យ​កីឡា​កម្ពុជា​ដែល​ពិបាក​រក​អ្នក​ស្នង​ជំនួស​បាន​។

Loading...

តាម​រយៈ​ជ័យជម្នះ​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ចូលរួម​អបអរ​ផង​ដែរ ។ នៅ​ក្នុងទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​បាន​សរសេរ​ថាៈ «​សូម​អបអរសាទរ វីរ​កីឡាការិនី កែ ឡេ​ង ដែល​បានការ​ពារ​មេដាយមាស​ពិភព លោក​ជា​លើក​ទី​៣ ដោយ​បាន​ផ្ដួល​កីឡាការិនី​ឡាវ Bivilak Thepphakan ដោយ​លទ្ធផល ៣៦-២២​ពិន្ទុ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ (Shooting) នា​រសៀល ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ។

នេះ​ជា​កិត្តិយស និង​ជា​មោទនភាព​ជាតិ ដែល​វីរ​កីឡាការិនី កែ ឡេ​ង ដណ្ដើម​បាន​មេដាយមាស​ពិភពលោក​ជា​លើក​ទី​៤ ជាប់​ៗ​គ្នា ខណៈ​មិន​ទាន់​មាន​កីឡាការិនី​ប្រទេស​ណា​អាច​ធ្វើ​បាន​ដូច​កម្ពុជា​ឡើយ ។

ចំពោះ​មេដាយមាស​ពិភពលោក អម​ជាមួយ​កំណត់​ត្រា​ប្រវត្តិសាស្ដ្រ​ដ៏​កម្រ​នេះ គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ ហើយ ៣​លើក​មុន ដែល​អ្នកស្រី កែ ឡេ​ង ដណ្ដើម​បាន គឺ​កាលពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ និង​ឆ្នាំ​២០១៧ នៅ​ប្រទេស​ចិន ។

អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ទស្សនា គាំទ្រ និង​លើកតម្កើង​វិស័យ​កីឡា​ជាតិ​របស់​យើង​»​។

ជាមួយនឹង​ការ​បង្ហោះ​លើ​ផេ​ក​សម្ដេច​តេ​ជោក៏​មានការ​អបអរ​ពី​មហាជន​ទូ​ទាំង​ប្រទេស​យ៉ាង​កក្រើក អម​ដោយ​ពាក្យ​សរសើរ​ថា ពិតជា​អាយ​ដល​តែ​មួយ​គ្មាន​២ មិនធម្មតា​មែន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)