រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងនោះ ទេថា កីឡាករ ចាន់ សំអាត ដែលគេស្គាល់ភាគ ច្រើនថាជាជើងខ្លាំង និងកីឡាករថៃ Khum Sen អាចដណ្ដើមពិន្ទុស្មើគ្នា ។ ការឡើងប្រកួតរបស់អ្នកទាំងពីរ ធ្វើឡើងកាលពីព្រឹកថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសង្វៀនស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។

ការប្រកួតជាមិត្តភាពដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករ នៅក្នុងស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ កីឡាករបង្គោល ក្រហមកម្ពុជា ចាន់ សំអាត ត្រូវប៉ះជាមួយ បង្គោលខៀវថៃ ដែលជាកីឡាករវ័យក្មេង និងមានថ្វីដៃមិនធម្មតាម្នាក់ ។ ការប្រកួតនេះម្នាក់ៗ មិនរំពឹងថា កីឡាករទាំងពីរនឹងស្មើគ្នានោះទេ ដោយសារតែម្ខាងៗគឺជាជើងខ្លាំង ហើយ ត្រូវគេឃើញវាយទៅវាយមក ធ្វើឲ្យគេគិតថាពិតជាមានខាងណាភ្លាត់ស្នៀត ហើយពិតជាមានម្ខាងទៀតមានសំណាង។

ម្នាក់ៗយល់ថា កីឡាករទាំង២ពិតជាមិនអាចស្មើគ្នាបានទេ ក្នុងពេលដែលកីឡាករបង្គោលក្រហម និងបង្គោលខៀវ សុទ្ធតែបញ្ចេញក្បាច់គុនបានល្អ ដើម្បីស្វែងរកឱកាសបំបាក់គ្នាទៅវិញទៅមក ឲ្យភ្លាត់ស្នៀតឲ្យខាងតែបានបែបនេះ ។
កីឡាករកម្ពុជា និងថៃ មិនធ្វើឲ្យអ្នកទស្សនាខកចិត្តនោះទេ ដោយសម្រុកវាយគ្នាបានល្អ ហើយប្រឹងសម្រុកវាត់កែងផង ម៉ាត់ផង ជង្គង់ផង ហើយបើទោះជាខាងបង្គោលក្រហមវាត់មួយកែងៗពិបាកទប់ ក៏កីឡាករម្ខាងទៀតសម្រុកចូល ធ្វើឲ្យការប្រកួតល្អមើល ។ មុនបញ្ចប់ការប្រកួត ម្នាក់ៗភ័យអរមិនតិចទេ ដោយ សារតែមិនដឹងថាអ្នកណានឹងភ្លាត់ស្នៀត នៅពេលប្រឹងសម្រុកគ្នាទៅវិញទៅមក ។

ក្រោយពីលទ្ធផលស្ដែងឡើងបានត្រឹមស្មើគ្នា ម្នាក់ៗសុទ្ធតែលាន់មាត់ថា អីយ៉ា កីឡាករកម្ពុជា ដ្បិតថាហាក់ធ្លាក់កូដ ប៉ុន្តែកម្លាំងនិងសមត្ថភាពរបស់គេគឺខ្លាំងល្អ ទោះជាគូប្រកួតដែលប៉ះជាមួយគេជាកីឡាករល្អកម្រិតណា ក៏គេនៅតែអាចទៅរួច ។ មានន័យថា មិនសូវទទួលឡើងសង្វៀន តែពេលបង្ហាញមុខម្ដងៗគឺនៅតែជាខ្លាចាស់មិនធម្មតា ។

សម្រាប់ ចាន់ សំអាត ដ្បិតតែរូបគេទទួលប្រកួតតិចជាងមុន ហើយមមាញឹកខ្លាំង នឹងការរកចំណូលខាងក្រៅ ប៉ុន្តែក៏មានវិធានការការពារកម្លាំងឲ្យឈានឡើងដើម្បីពង្រីកកេរ្តិ៍ ឈ្មោះ ។ ជាក់ស្ដែង រូបគេសកម្មនឹងការហាត់រត់កុំឲ្យឆាប់ហត់ និងរមែងហ្វឹកហាត់យ៉ាងហោច១សប្ដាហ៍យ៉ាងតិច រាល់មុនពេលឡើងប្រកួតនៅលើសង្វៀនម្ដងៗផង ទើបសមត្ថភាពឡើងប្រកួតទទួលបានការសរសើរបែបនេះ។ ក្នុងនោះការថែរក្សាសុខភាព និងវិធានការបង្វឹកផ្លូវដង្ហើមកុំឲ្យឆាប់ហត់ក៏មិនសូវប្រហែសដែរ ទើបធ្វើឲ្យការប្រកួតរបស់គេនៅតែរក្សាបាននូវកម្លាំង និងថាមពល ។
លោក ញាណ សុធី អ្នករៀបចំកម្មវិធីប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ថ្លែងថា កីឡា ករ ចាន់ សំអាត និងថៃ ដ្បិតតែជាកីឡាករធ្លាក់កូដ និងម្នាក់ជាកីឡាករមិនសូវមានមុខប្រ កួតនៅកម្ពុជា ប៉ុន្តែការប្រកួតរបស់កីឡាករទាំង២មិនធ្វើឲ្យអ្នកទស្សនាខកចិត្តនោះទេ ។

ហេតុផលដែលកីឡាករទាំង២មិនសូវបានឡើង សង្វៀន គឺដោយសារតែការប្រកួតដែលរៀបចំដោយសហព័ន្ធប្រដាល់តម្រូវឲ្យមានការផ្គូផ្គងវិលជុំ ដែលមានន័យថាទម្រាំដល់គឺអាចច្រើនខែ ។ ម្យ៉ាង មកពីអ្នកទាំងពីរមិនសូវល្បីខ្លាំងផង ទើបលោកយូរៗដាក់ឲ្យប្រកួតម្ដង យ៉ាងណាក៏ដោយ លោកនឹងដាក់ឲ្យប្រកួតឲ្យបានច្រើន ដើម្បីឲ្យអ្នកទាំងពីរងាយស្រួលកសាងកេរ្តិ៍ឈ្មោះ។
ការប្រកួតរវាងកីឡាករទាំងពីរ គឺជាជំនួបសាកល្បងសមត្ថភាព ដោយបង្គោលខៀវ អាចនិយាយបានថា ឡើងប្រកួតដើម្បីកសាងកេរ្តិ៍ ឈ្មោះក្នុងនាមជាកីឡាករត្រូវការកេរ្តិ៍ឈ្មោះនៅកម្ពុជា ។ ចំណែកបង្គោលក្រហម ត្រូវការបំផុតគឺដណ្ដើមប្រជាប្រិយភាពមកវិញ ទើបការប្រកួតមួយគូនេះល្អមើលតាំងពីដើមទី ។ មួយគូនេះ បើមើលមួយភ្លែត បង្គោលក្រហម សមនឹងឈ្នះច្រើនជាង ស្របគ្នាដែលគេក៏វាយចេញត្រូវចំគោលដៅបានច្រើន នៅពេលបើកការប្រកួតភ្លាមៗ ។

លោក ញាណ សុធី ថ្លែងថា បង្គោលខៀវ ទើបតែរកចំណុចខ្សោយបង្គោលក្រហមឃើញក្រោយពីបញ្ចប់ទឹកទី៣ប៉ុណ្ណោះ ដោយគេចាប់ ផ្ដើមទាត់ជើងក្រោម និងវាត់កែងម្ដងហើយម្ដងទៀត ទើបបង្គោលក្រហមចាញ់ប្រៀប ស្ដារបញ្ហាកាត់ពិន្ទុក្នុង៣ទឹកកន្លងមក ហើយបណ្ដាលឲ្យក្រោយបញ្ចប់ការប្រកួត គឺស្មើគ្នា ។ ការប្រកួតនៅក្នុងថ្ងៃនោះ ទាំងបង្គោលខៀវ និងក្រហម សុទ្ធតែបញ្ចេញសមត្ថភាពបានល្អ ហើយបើកុំតែបង្គោលខៀវវាយត្រូវចំណុចសំខាន់បណ្ដាលឲ្យបង្គោលក្រហមចាញ់ពិន្ទុ ក៏ប្រហែលជាមិនអាចរកចំណុចខ្សោយឃើញ ហើយប្រកួតបានស្មើគ្នាដែរ ។
លោកមានគម្រោងដាក់គូនេះឲ្យឡើងប្រកួតជាថ្មីម្ដងទៀត តែរង់ចាំឲ្យពួកគេទាំង២នាក់ បានត្រៀមខ្លួន និងមានពេលគ្រប់គ្រាន់ជាមុនសិន ៕ (កែសម្រួលដោយ ៖ បុប្ផា)








