នាវាមួយគ្រឿងនាំភ្ញៀវ​ជាង​២ពាន់​នាក់​ចូលចតកំពង់ផែក្រុងព្រះសីហនុ​

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ឈ្មោះ AIDA BELLA បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២.០០០​នាក់​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​១​ថ្ងៃ មុន​នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ ។

Loading...

តាម​មន្ត្រី​ច្រក​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍ AIDA BELLA ជា​របស់​ប្រទេស​អុី​តា​លី មាន​បណ្ដោយ​២៣០​ម៉ែត្រ ទទឹង​៣២​ម៉ែត្រ ជម្រៅ​ទឹក​៧,៣០​ម៉ែត្រ មាន​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ចម្រុះ​ជាតិ​សាសន៍​ជាង​២.០០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​២.០៥៦​នាក់ (​ស្រី​១.០៥៧​នាក់​) និង​មាន​នាវិក​សរុប​ចំនួន​៦២៨​នាក់ (​ស្រី​១១៨​នាក់​) ។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា នាវា​ទេសចរណ៍ AIDA BELLA នាំ​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​ប្រទេស​វៀតណាម​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នាវា​នេះ​មាន​គម្រោង​ចាក​ចេញពី​ដែនទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ ។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ AIDA BELLA ច្រើន​ជាងគេ មាន​ដូច​ជា ភ្ញៀវ​ទេសចរ​ជនជាតិ​អា​ល្លឺ​ម៉​ង់​ចំនួន​១.៨៨០​នាក់​, ភ្ញៀវ​ទេស​ចរ​ជនជាតិ​ស្វី​ស​ហ្សឺ​ឡែ​ន​ចំនួន​៧០​នាក់ និង​ភ្ញៀ​ង​ទេស​ជនជាតិ​អូស្ត្រាលី​ចំនួន​៤៥​នាក់ ។ ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត ទីប្រជុំជន​ផ្សារ មាត់សមុទ្រ និង​តំបន់​នេសាទ​ទំនប់​រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

សូម​បញ្ជាក់​ថា ចាប់ពី​ខែ​ខែវិច្ឆិកា​ឆ្នាំ​២០១៩ មាន​នាវា​ទេសចរ​បរទេស​បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ ទស្សនកិច្ច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ខេត្ត​ព្រះ​សីហ​នុ ព្រោះ​វា​ជា​រដូវប្រាំង ការ​ធ្វើ​ដំណើរ​តាម​នាវា មិន​មាន​ជួប​នូវ​ហានិភ័យ​នូវ​ព្យុះ ភ្លៀង ដូច​​រដូវវស្សា ៕ (កែសម្រួលដោយ ៖ ធីតា​)