ប្រទេសអ៊ីរ៉ាក់ ៖ ប្រភពព័ត៌មានប៉ូលិសនិងមន្ទីរពេទ្យរាយការណ៍កាលពីថ្ងៃទី២៤វិច្ឆិកាថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបាញ់លើពួកបាតុករដែលប្រមូលផ្ដុំគ្នា នៅក្រុងបាដាដនិងក្នុងមូលដ្ឋានជាច្រើននាភាគខាងត្បូងប្រទេស បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៩នាក់និងរបួសច្រើនសិបនាក់។
ឧប្បត្តិហេតុទាំងនេះកើតមានក្នុងរដ្ឋធានីដែលនៅទីនោះ មនុស្ស២នាក់ស្លាប់នាពេលយប់ នៅទីក្រុងណាស៊ីរីយ៉ាមានអ្នកស្លាប់៤នាក់និងក្នុងតំបន់ជុំវិញក្រុងកំពង់ផែOUMM KASRមានអ្នកស្លាប់៣នាក់ក្នុងការប៉ះទង្គិចគ្នា។ នៅណាស៊ីរីយ៉ាកងកម្លាំងសន្តិសុខបានបាញ់គ្រាប់ពិតនិងប្រើឧស្ម័នបង្ហួរទឹកភ្នែក ដើម្បីបំបែកពួកបាតុករ ដែលប្រមូលផ្ដុំគ្នានៅលើស្ពាន៣នៃទីក្រុងនោះ។

មនុស្សយ៉ាងតិច៣៣៩នាក់ហើយបានត្រូវស្លាប់នៅអ៊ីរ៉ាក់ តាំងពីចាប់ផ្ដើមបាតុកម្មតវ៉ាពីដើមខែតុលាមក ដែលជាចលនាតវ៉ាដ៏ធំពុំធ្លាប់មានពីមុនមក ចាប់តាំងពីការដួលរលំនៃរបបលោកសាដាមហ៊ូសេនពីឆ្នាំ២០០៣មក។
នេះបើយោងតាមតួលេខដែលរ៉យទ័រប្រមូលបាន ពីបណ្ដាប្រភពមន្ទីរពេទ្យនិងសន្តិសុខ។ ចំណែកក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានផ្ដល់តួលេខអ្នកស្លាប់១១១នាក់ ទាំងបាតុករទាំងសមាជិកកងកម្លាំងសន្តិសុខ តែពុំបញ្ជាក់ពីដំណាក់កាលឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)