ប្រទេសកូឡុំប៊ី ៖ កងយោធានិងកងកម្លាំងប៉ូលិសត្រូវបានដាក់ពង្រាយកាន់តែច្រើន គុណនឹង៤ នៅទីក្រុងបូហ្គោតារដ្ឋធានីកួឡុំប៊ី កាលពីថ្ងៃទី២៣វិច្ឆិកា ក្រោយការដាក់បំរាមគោចរទាំងស្រុងពេញមួយយប់ ដែលនោះជាវិធានការដំបូងពុំធ្លាប់មាន ចាប់តាំងពីជាង៤០ឆ្នាំំមកហើយក្នុងរដ្ឋធានីកូឡុំប៊ី ដែលកំពុងជួបប្រទះនឹងអំពើហិង្សានិងបាតុកម្មដ៏ធំ ប្រឆាំងប្រធានាធិបតីលោកIVAN DUQUE។
ប៉ូលិសនិងទាហានប្រមាណជា១៣.០០០នាក់ ជួយទ្រទ្រង់ដោយឧទ្ធម្ភាគចក្រ បានល្បាតតាមរថយន្តពាសដែកនិងម៉ូតូឬដើរ ក្នុងសង្កាត់ទាំងឡាយនៃរដ្ឋធានីដែលមានប្រជាជន៧លាននាក់ ដែលនៅទីនោះអំពើហិង្សានិងការអុកឡុកប្លន់យកឥវ៉ាន់កើតមាន ហើយមនុស្សប្រមាណជាង៣០០នាក់ត្រូវចាប់ខ្លួន។

ប្រធានាធិបតីលោកIVAN DUQUEដែលប្រឈមមុខនឹងបាតុកម្ម ប្រឆាំងនយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ចព្រមទាំងសន្តិសុខរបស់លោក ចាប់តាំងពីថ្ងៃទី២១វិច្ឆិកាមកថ្លែងថា ការល្បាតទាំងនេះគឹចាំបាច់ ហើយលោកអះអាងថានឹងស្ដារភាពស្ងប់ស្ងាត់ឡើងវិញសម្រាប់ពលរដ្ឋ។ ប៉ុន្តែទោះបីយ៉ាងណានាថ្ងៃទី២៣វិច្ឆិកា ដែលក្រុងបួហ្គោតាក្លាយជាទីក្រុងស្ងាត់ជ្រងំ ក្រោយបំរាមគោចរក្នុងគ្រប់សង្កាត់ ចាប់ពីម៉ោង២១មោ៉ងក្នុងស្រុកទៅរហូតដល់ម៉ោង៦ព្រឹក បាតុកម្មតវ៉ាមានមនុស្សចូលរួមច្រើនពាន់នាក់កើតមានទៀត។
បាតុកម្មថ្ងែនោះក៏ពោរពេញដោយហិង្សា ជាមួយការលុកចូលអុកឡុកនិងប្លន់ក្នុងធនាគារមួយ និងមានការលុកលុយចូលបណ្ដាទីតាំងប៉ូលិស។
មុននេះកាលពីថ្ងៃទី២២វិច្ឆិការដ្ឋមន្ត្រីការពារប្រទេសកូឡុំប៊ី លោកCARLOS HOLMES TRUJILLO ប្រកាសថា អំពើបំផ្លិចបំផ្លាញនិងប្លន់ត្រូវបានត្រួតត្រានិងថា បំរាមគោចរត្រូវបានគោរព៩០% ក្នុងរដ្ឋធានីដែលពុំធ្លាប់ជួបប្រទះវិធានការបែបនេះចាប់តាំងពីបាតុកម្មឆ្នាំ១៩៧៧មក។
សរុបមនុស្ស៣៣១នាក់ហើយបានត្រួវចាប់ខ្លួន ពីបទហែក្បួនបាតុកម្មមិនគោរពបំរាមហាមឃាត់ ដែលក៏ដាក់ផងដែរនៅទីក្រុងកាលីជាទីក្រុងធំទី៣របស់ប្រទេស។ ពីថ្ងៃទី២១វិច្ឆិកាមកបាតុកម្មហិង្សានៅកូឡុំប៊ី បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់និងជាង២៧០នាក់រងរបួស ដោយពុំគិតពីតុល្យការនៃការប៉ះទង្គិចគ្នាថ្មីនាថ្ងៃទី២៣វិច្ឆិកាផងទេ៕ (កែសម្រួលដោយ ៖ បុប្ផា)