បុត្រីសែរាជវង្ស៣ព្រះអង្គ រួមជាមួយនាដការីជាច្រើននាក់ទៀត បានសម្តែងរបាំឧទ្ទិសថ្វាយមហាព្រះរាជកុសល និងជាការថ្វាយបង្គំលាជាលើកចុងក្រោយ ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាព្រះមេរុ ខាងមុខវត្តបទុមវតី ។

យោងតាមការបញ្ជាក់ពីផេកហ្វេសប៊ុករបស់ព្រះមហាក្សត្រកម្ពុជា បានបញ្ជាក់ថា បុត្រចំនួន៣ព្រះអង្គនោះ រួមមាន ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី ជាព្រះបុត្រី នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាព្រះបុត្រី នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា ជាព្រះបុត្រី នៃសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ។

លោក ហង់ ភូមិរ៉ា ប្រធានក្រុមយុវជនល្ខោនខោលជំនាន់ថ្មី បានឲ្យដឹងថា ការសម្តែងនេះមានការចូលរួមពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូអ្នកគ្រូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ សាលាមធ្យមវិចិត្រសិល្បៈ មន្ទីរវប្បធម៌វិចិត្រសិល្បៈរាជធានីភ្នំពេញ ក្រុមសិល្បៈសុភីលីន ក្រុមសិល្បៈយុវជនយុវជនល្ខោនខោលជំនាន់ថ្មី និងក្រុមសិល្បៈយុវនារីរបាំបុរាណជំនាន់ថ្មី ក្រុមសិល្បៈគ្រីស្នារៈ ក្រុមសិល្បៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងប្អូនៗ យុវជនយុវនារីស្ម័គចិត្ត ។

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នៅមុនការសម្តែងរបាំខាងលើនេះ ក៏មានរៀបចំព្រះពិធីសុំព្រះអគ្គី ក្រោមព្រះអធិបតីភាព ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី ជាព្រះបុត្រី នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើងខាងមុខវត្តបទុមវតី នៅថ្ងៃទី ២៥ ខែវិច្ឆិកា ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ។

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានយាងសោយទីវង្គតក្នុងព្រះជន្មាយុ ៧៦ ព្រះវស្សា នៅមន្ទីរពេទ្យនៅទីក្រុងបាងកកប្រទេសថៃ ដោយរោគាពាធ នៅវេលាម៉ោង ១២ កន្លះថ្ងៃត្រង់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុត ក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ។ ស្នាដៃដ៏ធំធេងសម្រាប់វប្បធម៌ខ្មែរ ដែលស្នាដៃដ៏ធំរបស់ព្រះអង្គម្ចាស់នរោត្តម បុប្ផាទេវី គឺការនាំឲ្យអង្គការយូណេស្កូ ដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ គ្រាដែល ព្រះអង្គ គង់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕ (កែសម្រួលដោយ ៖ បុប្ផា)


