ប្រទេសកូរ៉េខាងត្បូង-ជប៉ុន ៖ ប្រទេសជប៉ុននិងកូរ៉េខាងត្បូងប្រកាសនាថ្ងៃទី២៣វិច្ឆិកា ពីការជួបពិភាក្សាគ្នាកម្រិតខ្ពស់មួយនាខែខាងមុខនេះ ជាការផ្ដួចផ្ដើមគំនិតមួយដែលនឹងអាចកែលម្អឡើងវិញ ទំនាក់ទំនងដែលពេលនេះកំពុងមានភាពតានតឹង ដោយសារជម្លោះប្រវត្តិសាស្ត្រមួយ ដែលចាប់តាំងពីពេលនោះមកនាំឲ្យផ្ទុះទំនាស់គ្នាខាងពាណិជ្ជកម្ម។
ការប្រកាសនេះត្រូវបានធ្វើក្នុងឱកាសនៃកិច្ចប្រជុំមួយរបស់រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសសមាជិកG20 នៅទីក្រុងណាហ្គោយ៉ាប្រទេសជប៉ុន បន្ទាប់ពីកាយវិការសុឆន្ទៈរបស់កូរ៉េខាងត្បូង ដែលសម្រេចនៅនាទីចុងក្រោយ ស្ដារឡើងវិញកិច្ចព្រមព្រៀងចែករំលែកព័ត៌៌មានស៊ើបការណ៍គ្នាជាមួយជប៉ុន។
ប្រភពនៃភាពតានតឹងរវាងប្រទេសទាំង២ ទាក់ទិននឹងបញ្ហានៃការទាមទារចេញសងការខូតខាតដោយកូរ៉េខាងត្បូង សម្រាប់ជនជាតិខ្លួនដែលរងគ្រោះដោយការចាប់បង្ខំឲ្យធ្វើការធ្ងន់ ក្នុងបណ្ដាសហគ្រាសជប៉ុនសម័យសង្គ្រាមលោកលើកទី២។ ជម្លោះនោះនាំឲ្យជប៉ុនប្រកាសតបតវិញ តាមរយៈការរិតត្បិតលើការនាំចេញសមាភាព៣ដែលសំខាន់ ដល់ផ្នែកអេឡិចត្រូនិក ជាផ្នែកសំខាន់បំផុតនៃសេដ្ឋកិច្ចកូរ៉េខាងត្បូង។
ខាងក្រៅកិច្ចប្រជុំG20រដ្ឋមន្ត្រីការបរទេសជប៉ុនលោកតូសីុមីតស៊ូម៉ូតេហ្ស៊ី ដែលជួបជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រីKANG KYUNG WHAថ្លែងថា ខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរទស្សនៈគ្នាដោយត្រង់បំផុត លើបណ្ដាបញ្ហាពលករនៃឧបទ្វីបកូរ៉េ ដែលជាបញ្ហាសំខាន់ និងបញ្ហាទ្វេភាគីដទៃៗទៀត។
សហរដ្ឋអាមេរិកបានស្នើដល់សម្ព័នមិត្តទាំង២ឲ្យបញ្ចប់ជម្លោះ ហើយអបអរការសម្រេចរបស់ក្រុងសេអ៊ូល បន្តរួមសហការជាមួយក្រុងតូក្យូ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងជាទូទៅ ស្ដីពីសន្តិសុខនៃការស៊ើបការណ៍យោធា៕ (កែសម្រួលដោយ ៖ បុប្ផា)