ជាន់ហ្គែរខ្លាំងពេក ខ្ទេចអស់របាំងថ្មកណ្តាល​ផ្លូវ​

70

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ស័យ​ជាន់​ហ្គែ​រ​រថយន្ត​ខ្លាំងពេក​​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​​ឱ្យ​បាក់​រលំ​អស់​ចំនួន​២​កង់ ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ។

Loading...

ស្ត្រី​ម្នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ជាង​៣០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិ​ស RX330 ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៣៤០៦ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ឡិច​ស៊ិ​ស RX330 បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​មានកូន​ក្មេង​ម្នាក់​រួម​ដំណើរ​ជាមួយ​ផង​នោះ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​នោះ​បាន​បើក​សន្សឹម​ៗ ដើម្បី​បត់​រថយន្ត​ឆ្លង​ទៅ​កាន់​ផ្លូវ​ម្ខាង​ទៀត ក្នុង​គោលបំណង​ឆ្ពោះទៅ​កាន់​ស្ពាន​អាកាស​ក្បាលថ្នល់​វិញ ប៉ុន្តែ​ដោយសារ​ពេល​បួង​ចង្កូត​នោះ ស្ត្រី​ជា​អ្នក​បើក​បាន​ជាន់​ហ្គែ​រ​ខ្លាំង​ពេក ជា​ហេតុ​ធ្វើ​អោយ​ជ្រុល​ចង្កូត​បួង​ទៅ​បុក​ផ្ទប់​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយរ​បាំង​ថ្ម​ចំនួន​២​កង់​ត្រូវ​បាក់​រលំ​ដាច់​ចេញពី​គ្នា​ចំនួន​២​កង់​រង​ការ​ខូចខាត​តែ​ម្តង ។ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​នគរបាល​ជំនាញ​បាន​ចុះ​វាស់វែង និង​អូស រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)