ជន​ពិការ​ម្នាក់​អាយុ​៧០​ឆ្នាំ​ជា​ជនជាតិ​ព្នង ទទួល​បាន​ជំនួយ​មនុស្សធម៌

ខេត្តមណ្ឌលគិរី ៖ ដោយ​មានការ​គិតគូរ និង​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាល នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក ស៊ា​ង សឿ​ន និង​លោក ណ​យ ចន្ទ​តារា អនុប្រធាន​ស​.​ស​.​ក​ខេត្ត តំណាង​លោក ឈឹ​ម កាន ជា​ប្រធាន និង​លោក អែម ពិសិដ្ឋ អភិបាលរង​ស្រុក រួម​ទាំង​សមាជិក សមាជិកា​ស្រុក និង​ក្រុមការងារ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ជាង​១​លាន​រៀល ផ្តល់​ជូន​លោកពូ ជន​ពិការ​ម្នាក់​ឈ្មោះ ក្រែង ខាន អាយុ​៧០​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​រ៉ា​ប៉ែ​ត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

Loading...

នា​ឱកាស​នោះ លោក អនុប្រធាន បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រធាន (​ស​.​ស​.​យ​.​ក​) ខេត្ត ដែល​ជា​និច្ចកាល​លោក តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ លោក​បញ្ជាក់​ថា កន្លង​មក​ថ្នាក់ដឹកនាំ​ខេត្ត បាន​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក និង​ឃុំ ឲ្យ​យក​គាត់​ទៅ​វាស់​ដាក់​ជើង សិប្បនិម្មិត នៅ​ខេត្តក្រចេះ តែ​ដោយសារ​ក្រុម​គ្រួសារ​របស់​គាត់​ជាប់រវល់​ប្រមូល​ផល​ស្រូវ ទើប​មានការ​យឺតយ៉ាវ​។

លោក​បន្ថែម​ថា នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែវិច្ឆិកា​នេះ លោកពូ ក្រែង ខាន ដែល​ជា​ជន​ពិការ​ជើង​ខាងស្តាំ​នេះ គាត់​នឹង​ទៅ​ទទួល​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​នៅ​ខេត្តក្រចេះ ហើយ​ខាង​មន្ទីរ​សង្គមកិច្ច​ខេត្តមណ្ឌលគិរី ជា​អ្នករ៉ាប់រង (​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា​នៅ​ខេត្តមណ្ឌលគិរី មិន​មាន​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​ទេ​) តាម​រយៈ​ការ​ធ្វើ​ដំណើរ​ទៅ​ជាមួយ​លោកស្រី ម៉​ន ចាន់​ធី មេឃុំ​ក្រង់​តេះ​តែ​ម្តង​។

នា​ឱកាស​នោះ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​នាំ​យក​ថវិកា​ពី​សមាជិក សមាជិក ស​.​ស​.​យ​.​ក ខេត្ត​/​ស្រុក និង​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក រួម​មាន អង្ករ​៥០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ ១​យួរ និង​ត្រីខ ១​យួរ និង​ថវិកា​សរុប​ចំនួន ១.៣៤០.០០០​រៀល ផ្តល់​ជូន​លោកពូ​ឈ្មោះ ក្រែង ខាន ដើម្បី​ជួយ​សម្រួលការ​ដោះស្រាយ​នូវ​ជីវភាព រស់នៅ​របស់​គាត់​។ ហើយ​ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្ត បាន​អំពាវនាវ​បន្ថែម​ដល់​សប្បុរសជន ទាំងអស់ ដែល​ចង់​ជួយ​ជា​សម្ភារ និង​ថវិកា​ផ្សេង​ៗ អាច​ទាក់ទង​មក​គាត់​ផ្ទាល់ ដែល​មាន​ទីលំនៅ នៅ​ភូមិ​ពូ​រ៉ា​ប៉ែ​ត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​៕ ដោយ ៖ សាយ ករុណា