បើក​វគ្គ​បណ្ដុះបណ្ដាល កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជាតិ​កម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ ថ្លែង​នៅ​ក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជាតិ​កម្ពុជា សម្រាប់​សិស្ស​នាយ នគរបាល​នាយ​នគរបាល​រង ក្នុង​ក្រប​ខណ្ឌ​ថ្មី នៅ​សាលា​នគរបាល​ជាតិ​ភូមិភាគ៦ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោ​សែន អនុប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​ដាល​បណ្ដុះបណ្ដាល​បាន​ថ្លែង​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​បាន​សម្រេច​ជ្រើសរើស​កងកម្លាំង ដើម្បី​បំពេញបន្ថែម​ក្នុង​ក្រប​ខណ្ឌ ជំនួស​ដោយ​មន្ត្រី ចាស់​ដែល​បាន​ចូល​និវត្តន៍​។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ បាន​បន្ត​ថា​៖ នេះ​ជា​វគ្គ​បណ្តុះបណ្តាល​ជា​ប្រវត្តិសាស្ត្រ​សំខាន់​ខ្លាំង​ណាស់ នៅ​ក្នុង​ឆាកជីវិត​របស់​ប្អូន​ៗ ដោយ​បាន​ផ្លាស់​ប្តូរ​ជីវភាព ការងារ​ពី​ជន​ស៊ី​វិល មក​ជា​កងកម្លាំង​នគរបាល​ជាតិ​។ សិស្ស​ដែល​អាច​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា និង​ប្រកាស​តាំង​ស៊ុប​ក្នុង​ក្រម​ខណ្ឌ​មន្ត្រី នគរបាល​ជាតិ​កម្ពុជា លុះត្រាតែ​ការ​សិក្សា​ទទួល​ជោគជ័យ​។ ប្អូន​ៗ​ដែល​មក​កាន់​សាលា​នគរបាល នៅ​ពេល​នេះ គ្រាន់តែ​ជា​ជន​ស៊ី​វិល​ធម្មតា​នោះ​ទេ ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​កងកម្លាំងប្រដាប់អាវុធ ក្លាយជា​នគរបាល​ជាតិ​បាន​លុះត្រាតែ​ប្អូន​ៗ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ គោរព​វិន័យ​សាលា និង​ប្រឡង​ជាប់ ទើបបាន​ប​ញ្ជូ​ល​តាំង​ស៊ុប​ជា​កងកម្លាំង​នគរបាល​ជាតិ​បាន​។

សូម​ចាំ​ថា នៅ​ទី​នេះ​គ្មាន​វប្បធម៌​អន្តរាគមន៍​ទេ ខ្លួន​ទីពឹង​ខ្លួន បើ​ប្រឹងរៀន​គឺ​ជាប់​មិន​ប្រឹងរៀន និង​មិន​គោរព​វិន័យ របស់​សាលា​គឺ​ធ្លាក់ ទោះ​ធំ​ថ្នាក់​ណា​ក៏​មិន​អាច​ជួយ​បាន​ដែរ នេះ​ជា​ក្រិ​ត្យ​ក្រម​របស់​សាលា នគរបាល​ជាតិ​កម្ពុជា ក្នុង​ការ​ហាត់ពត់លត់ដំ និង​បណ្តុះបណ្តាល​ឲ្យ​កងកម្លាំង មាន​សមត្ថភាព គ្រប់គ្រាន់ និង​រឹង​មាំ នៅ​ពេល​ត្រឡប់​ទៅ​បំពេញភារកិច្ច​តាម​អង្គភាព​វិញ​។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អនុប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា បាន​ផ្តាំផ្ញើ​ដល់​សិស្ស​នាយ​នគរបាល នាយ​នគរបាល​រង​ទាំងអស់​ថា​៖

សូម​ប្អូន​ៗ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ ហ្វឹកហាត់ និង​ត្រូវ​ចេះ​ស្វ័​យ​សិក្សា​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​, ត្រូវ​គោរព​វិន័យ​សាលា​ឲ្យ​បាន​ល្អ​ខ្ជាប់ខ្ជួន ,​ហាម​ដាច់ខាត​ចំពោះ​ការ​ប្រព្រឹត្ត​នូវ​សកម្មភាព​ខុសច្បាប់​នានា ពីព្រោះ​បណ្ឌិតសភា​មិន​មានការ យោគយល់ ឬ​លើកលែងទោស​ចំពោះ​សិស្ស​ណា​មិន​គោរព​វិន័យ​ឡើយ​, ជាង​នេះ​ទៅ​ទៀត ត្រូវ​គោរព​បទបញ្ជាផ្ទៃក្នុង បទ​ប្បញ្ញត្តិ និង​សេចក្តីសម្រេច​នានា របស់​បណ្ឌិត្យសភា ហើយ​ត្រូវ​ចង​ចាំ​ថា​៖ ត្រូវ​រៀន​ឲ្យ​ចេះ​មិនមែន​រៀន​ឲ្យ​ចប់​នោះ​ទេ​។ យោងសេចក្តី របាយការណ៍​ដែល​រាយការណ៍​ដោយ​លោក​វរសេនីយ៍ឯក តុង អាន នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៦ បាន​ឲ្យ​ដឹង​ថា​៖

សិស្ស​ដែល​បាន​ចូល​ក្នុង​វគ្គ​សិក្សា​ជំនាន់​ទី ១៤​មាន​ចំនួន ២១៦​នាក់ ក្នុង​នោះ​ស្រី​៤១ នាក់ ដែល​បាន​បញ្ជូន​មក​ពី​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ សៀមរាប បាត់ដំបង មណ្ឌលគិរី​បន្ទាយ​មាន​ជ័យ និង​រាជធានី​ភ្នំពេញ រយៈពេល​សិក្សា​ចំនួន ៤​ខែ​។ សូម​បញ្ជាក់​ថា ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោ​សែន អនុប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា បាន​ប្រគល់​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង ដែល​មាន​បំពាក់ សម្ភារ​បរិក្ខា សម្រាប់​សង្គ្រោះ​បន្ទាន់ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ ជូន​ដល់​សាលា​នគរបាល​ជាតិ ភូមិភាគ​៦​ផង​ដែរ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន