ពលរដ្ឋ​គួរ​ឈ្វេងយល់​ពី​ផល​ចំណេញ​យ៉ាងច្រើន​នៃ​ការ​ផ្ទេរ​ប្រាក់​ដែល​មិន​អស់​កម្រៃ​សេវា

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ ការ​ទូទាត់ ការ​ផ្ទេរ​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ លែង​ជា​បញ្ហា​សម្រាប់​ប្រជាពលរដ្ឋ​ទៀត​ហើយ ដោយ​ពួក​គេ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើសរើស សម្រាប់​ជា​មធ្យោបាយ​ក្នុង​ការ​ផ្ទេរ​ប្រាក់ ឬ​ទូទាត់​ប្រាក់​ពី​ចម្ងាយ​បាន ក៏​ប៉ុន្តែ​ក្នុង​ចំណោម​មធ្យោបាយ​ទាំងនោះ មាន​មធ្យោបាយ​ជា​ច្រើន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​សម្រាប់​ការ​ផ្ទេរ​ម្ដង​ៗ តែ​ក្នុង​នោះ​ដែរ​បច្ចុប្បន្ន​ក៏​មាន​មធ្យោបាយ​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​ដែល​មិន​អស់​កម្រៃ​សេវា​ផង​ដែរ ។ កត្តា​នេះ ពលរដ្ឋ​គួរតែ​សិក្សា​ឈ្វេងយល់​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​សេវាកម្ម​ផ្ទេរ​ប្រាក់​ដោយ​មិន​អស់​កម្រៃ​សេវា ដែល​ជា​ការ​ចំណេញ​មួយ​ចំណែក​ពី​ការ​ផ្ទេរ​ប្រាក់ ។

លោក ឈាន គឹ​ម​ហេ​ន នាយក​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី សាខា​ពោធិ៍​ចិន​តុង បាន​មាន​ប្រសាសន៍​ថា បើ​និយាយ​ពី​ការ​ផ្ទេរ​ប្រាក់ គឺ​មាន​ពីរ​ប្រភេទ គឺ​ការ​ផ្ទេរ​ប្រាក់​ក្រៅប្រទេស និង​ការ​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស តែ​ពេល​នេះ​សូម​លើកយក​ការ​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស​ដែល​កំពុង​ពេញ​និយម​មក​បកស្រាយ ដែល​ការ​ផ្ទេរ​ប្រាក់​នេះ​មាន​ច្រើន​របៀប ហើយ​មិន​អស់​កម្រៃ​សេវា ។

លោក​បន្ត​ថា ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ អេ​ស៊ី​លី​ដា ដែល​មិន​អស់​កម្រៃ​សេវា​នេះ គឺ​គេ​និយាយ​ពី​ការ​ផ្ទេរ​តាម អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត ដែល​ជា​មធ្យោបាយ​ថ្មី ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត ។ ការ​ផ្ទេរ​ប្រាក់​តាម​មធ្យោបាយ​នេះ គឺ​ទាមទារ​ឱ្យ​អតិថិជន​ត្រូវ បង្កើត​គណនី​នៅ​ក្នុង​ធនាគារ អេ​ស៊ី​លី​ដា ហើយ​ទាញ​យក​កម្មវិធី និង​ដំឡើង App របស់ អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត ពេល​នោះ​អតិថិជន​អាច​ធ្វើការ​ផ្ទេរ​ប្រាក់ និង​ទូទាត់​តាម​ប្រព័ន្ធ​ថ្មី​នេះ ដោយ​មិន​អស់​កម្រៃ សេវា​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន ។

លោក​បន្ត​ថា​៖ «​មុន​នឹង​ទាញ​យក និង​ដំឡើង App របស់ អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត អតិថិជន​ត្រូវ​មាន ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ សម្រាប់​សេវា​ថ្មី​របស់ ធនាគារ អេ​ស៊ី​លី​ដា ដែល​មានឈ្មោះ​ថា អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត នេះ អតិថិជន​អាច​ផ្ទេរ​ប្រាក់​រហូត​ដល់ ២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​អស់​កម្រៃ​សេវា​កម្ម​សូ​ម្បី​មួយ​សេន​ឡើយ ហើយ​ក្នុង​មួយ​ដង​គឺ​មាន​ទឹកប្រាក់​ដល់ ២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ក្រៅពី​ការ​ផ្ទេរ​ប្រាក់​តាម​រយៈ App របស់ អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត អតិថិជន​ដែល​ប្រើប្រាស់​ក៏​អាច​ទូទាត់​ការ​ចំណាយ​នានា​របស់​ខ្លួន​បាន​ផង​ដែរ ដូច​ជា​ការ​ទិញ​កាត​ទូរស័ព្ទ បង់ថ្លៃ​ទឹក​ភ្លើង និង​ការ​ទូទាត់​ទំនិញ​តាម​បណ្ដា​ហាង​ដែល​សហការ​ជាមួយ ធនាគារ អេ​ស៊ី​លី​ដា បាន​ថែម​ទៀត​ផង ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ក្រដាសប្រាក់​ឡើយ​» ។

លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ផ្ទេរ​ប្រាក់​ដោយ​មិន​អស់​ថ្លៃ​សេវា​តាម​ទូរស័ព្ទ​ដៃ​នេះ អាច​ផ្ទេរ​បាន​តាម​រយៈ​ពី​អ្នក​ដែល​មាន​ភ្ជាប់​កម្មវិធី​ទាន់ចិត្ត​រួច​ហើយ​ទៅ​អ្នក​ដែល​មាន​ភ្ជាប់​ដូច​គ្នា ។ មួយទៀត អាច​ផ្ទេរ​ពី​អ្នកមាន​ភ្ជាប់​កម្មវិធី​ទៅ​អ្នក​ដែល​មិន​ទាន់​ភ្ជាប់​កម្មវិធី​ទាន់ចិត្ត និង​មួយទៀត​នោះ អតិថិ​ជន​អាច​ផ្ទេរ​ពី​គណនី​ទាន់ចិត្ត របស់​ខ្លួន​ទៅ​គណនី​ធនាគារ​របស់​ភាគី​ម្ខាង​ទៀត ដែល​មិន​ទាន់​ទាញ​យក និង​ដំឡើង​កម្មវិធី App របស់ អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត ។ ទាំងនេះ គឺជា​មធ្យោបាយ​ដែល​អតិថិជន​អាច​ផ្ទេរ​ប្រាក់​ដោយ​មិន​អស់​កម្រៃ​សេវា​ដែល​អាច​ចំណេញ​ដល់​អ្នក​ប្រើប្រាស់ ។

លោក​បន្ថែម​ទៀត​ថា​៖ «​ដើម្បី​ឱ្យ​អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត បាន អតិ​ជិន​ត្រូវ​មាន​លិខិតឆ្លងដែន ឬ​អត្តសញ្ញាណ​បណ្ណ​ដែល​មាន​សុពលភាព ។ មួយទៀត​អតិថិជន​ត្រូវ​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើម្បី​ទាញ​យក​កម្មវិធី អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត »​។

លោក​បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រសាសន៍​កន្លង​មក​ថា ការ​ទូទាត់ ការ​ផ្ទេរ​ប្រាក់ តាម​មធ្យោបាយ​ថ្មី​នៃ អេ​ស៊ី​លី​ដា យូ​នី​ធី​ទាន់ចិត្ត គឺ​ពិតជា​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ ដូច​ជា​ការ​សន្សំ​សំចៃ​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​ទូទាត់​ដោយ​ផ្ទាល់ និង​ការ​ផ្ទេរ​នៅ​តាម​ភ្នាក់ងារ​ជាដើម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា​ធនាគារ​កម្ពុជា​តែ​មួយ​គត់​ជាប់​ជា​ធនាគារ​សុវត្ថិភាព​ជាងគេ​បំផុត​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​នឹង​ធ្វើ​ឱ្យ​ធនាគារ​មួយ​នេះ ក៏​ដូច​ជា​វិស័យ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​មានការ​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅប្រទេស​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)