ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភា នគរនគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋាន បណ្ដុះបណ្ដាល កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននាំយករថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ មកប្រគល់ជូនសាលានគរបាលជាតិកម្ពុជាភូមិភាគ៦ ខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីនោះឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន មានប្រសាសន៍ថា រថយន្តមួយគ្រឿងនេះជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវដែលលោកបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការទិញ រថយន្ត សង្គ្រោះបន្ទាន់ មួយគ្រឿងនេះ មកឧបត្ថម្ភដល់សាលា នគរបាលភូមិភាគ៦ នៅពេលនេះ។ រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះផងដែរគឺបំពាក់ដោយសម្ភារបរិក្ខាទំនើបសម្រាប់ឲ្យសង្គ្រោះដល់ជនរងគ្រោះ បន្ទាន់មុនពេលទៅដល់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ត។

ក្នុងនាម ឯកឧត្តម តំណាងឲ្យសម្ដេចក្រឡាហោម ស ខេង សូមផ្ដាំផ្ញើដល់នាយកសាលាគ្រប់គ្រង ក៏ដូចជាអ្នកប្រើប្រាស់រថយន្តផ្ទាល់ សូមយកចិត្តទុកដាក់ថែរក្សាការពារឲ្យបានល្អ ដើម្បីប្រើប្រាស់ យូរអង្វែងសម្រាប់ជាប្រយោជន៍ក្នុងការដឹកសិស្សនាយនគរបាល នាយនគរបាលរង និងមន្ត្រីនគរបាលនៅក្នុងសាលា ដែលត្រូវការសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យឲ្យទាន់ពេលវេលា។

លោកវីរៈសេនីឯក តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់នៅពេលនេះ សូមគោរពជូនពរសម្ដេច និងលោកជំទាវជួបប្រទះតែសេចក្តីសុខនឹងពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ពៅ សុខហ៊ាន

