អភិបាលខេត្ត​ចុះ​អន្តរាគមន៍ សង្គ្រោះ​ដំណាំ​ស្រូវ​ដែល​ខ្វះខាត​ទឹក

ខេត្តកំពង់ចាម ៖ ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​សំរោង និង​ឃុំ​គរ ស្រុក​ព្រៃឈរ កំពុង​តែ​ជួប​បញ្ហា​កង្វះខាត​ទឹក​។ ហើយ​ត្រូវ​បាន​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​យកចិត្តទុកដាក់ និង​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​បញ្ជា​ឱ្យ​ជំនាញ​មន្ទីរ​ធនធានទឹក​ខេត្ត ចុះ​អន្តរាគមន៍ បូមទឹក​សង្គ្រោះ​ស្រូវ ជា​បន្ទាន់​ដើម្បី​ចៀសវាង​នឹង​បញ្ហា​ការ​ប្រឈម​ស្កក​។ ស្ត្រី​ឈ្មោះ ណៃ ភី អាយុ ៥៤​ឆ្នាំ នៅ​ភូមិ​ក្រោយ​វត្ត​ឃុំ​គរ បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទៃដី​ស្រែ​របស់​គាត់​ចំនួន​០.៥​ហិច​តា ដែល​ដាំ​ដំណាំ​ស្រូវ​ប្រភេទ​រាំង​ជ័យ កំពុង​តែ​ជួប​បញ្ហា​កង្វះខាត​ទឹក ដោយសារ​តែ​ប្រឡាយ​ត្រូវ​បាន​រីង​។

Loading...

ហើយ​គាត់​ក៏​ប្រឹង​មក​បូមទឹក​ពី​ក្នុង​ស្រះ​ដើម្បី​បញ្ចូល​ស្រែ​តែ​តាម​ការ​ពិនិត្យ​អាច និង​ខ្វះខាត​ទឹក​បន្តិច​។ ស្ត្រី​ឈ្មោះ ណៃ ភី ប្រាប់​បន្ត​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ ក្រុម​គ្រួសារ​របស់​គាត់​គឺ​បាន​ប្រកប​របរ ដាំ​ដំណាំ​ស្រូវ រួម​នឹង​ការ​ជួល​ដី​គេ​បន្ថែម​ដែល​មាន​សរុប​រហូត​ដល់​ជាង ២​ហិ​កតា​។ ហើយ​ផល​ដែល ទទួល​បាន​គឺ​អាច​ហូប​គ្រប់គ្រាន់​មិន​ខ្វះ​នោះ​ទេ​។ កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ​ទឹក​នៅ​តាម​ប្រឡាយ នៅ​ក្នុង​ចុងខែ​វិច្ឆិកា នៅ​មាន​ឡើយ​ហើយ​អាច​បូមទឹក​ស្រោចស្រព​ដាក់​ស្រូវ​បាន​គ្រប់គ្រាន់​មិន​ខ្វះ​។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​រៀន​ក្តៅ​បន្តិច​ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ប្រឡាយ​ត្រូវ​រីង​ដោយ​កន្លែង​។ ជាមួយ​នោះ​គាត់​ក៏​ស្នើ​សុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​សង្គ្រោះ ស្រូវ​របស់​គាត់​រួម​នឹង​ស្រូវ​របស់​បងប្អូន​ផ្សេង​ទៀត​ធ្វើ​យ៉ាងណា​ឱ្យ​មានទឹក​គ្រប់គ្រាន់ ហើយ​ស្រូវ​រាំង​ជ័យ នៅ​ក្នុង​ខែធ្នូ ២០១៩ ខាង​មុខ​នេះ​នឹង​ឱនដាក់គ្រាប់​ហុច​ផល​ហើយ​។ លោក ឡោ ចាន់​លី អភិបាលស្រុក​ព្រៃឈរ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៩​ថា ផ្ទៃដី​ដំណាំ​ស្រូវ​របស់ ប្រជាពលរដ្ឋ​ប្រមាណ ១.០០០​ហិ​កតា នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ព្រៃឈរ​ដែល​កំពុង​ជួប​កង្វះខាត​ទឹក សម្រាប់​ស្រោចស្រព​។

ជាមួយ​នោះ ត្រូវ​បាន​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​សហការី​បាន​ចុះ មក​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ស្ថានីយ​បូមទឹក​សម្ដេច​តេ​ជោ​សែន​ទី​១៥ ដោយ​បាន​ប្រើប្រាស់​ម៉ាស៊ីន បូមទឹក​ទម្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​មេ​ក្នុង​រវាង ១០​ទៅ​១៥ ថ្ងៃ​ខាង​មុខ​ទៀត​ផ្ទៃដី​ដំណាំ​ស្រូវ ប្រមាណ​១.០០០​ហិ​កតា​នោះ​នឹង​មានទឹក​គ្រប់គ្រាន់ លោក​អភិបាលខេត្ត​ក៏​បាន​ផ្ដល់​ប្រេង​សម្រាប់ ចាក់​ម៉ាស៊ីនបូមទឹក​មិន​ឲ្យ​ខ្វះ​នោះ​ទេ ទ​ង្វើ​ដ៏​ល្អ​ប្រពៃ​នេះ​ត្រូវ​បាន​ប្រជា​កសិករ​ប្រុស​ស្រី​មាន​សេចក្តី ត្រេកអរ និង​សប្បាយចិត្ត​គ្រប់​ៗ​គ្នា​។

លោក​អភិបាលស្រុក​ព្រៃឈរ បាន​បញ្ជាក់​ថា ចំពោះ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​គរ ដែល​ជួប​បញ្ហា​កង្វះខាត​ទឹក​នោះ​គឺជា​ផ្ទៃដី​ដំណាំ​ស្រូវ ដែល​នៅ​ចុង​ទី​គេ​។ ដោយ​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត រូប​លោក​នឹង​ចុះ​សហការ​ជាមួយ មន្ទីរ​ធនធានទឹក​ខេត្ត​ដើម្បី​សុំ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ខាង​ភូមិ​ក្រូច​ដែល​បង្កបង្កើន​ផល​ក្នុង​រយៈ ពេល​ដូច​គ្នា​ទៅ​នឹង​ប្រជាពលរដ្ឋ​នៅ​ឃុំ​គរ​ដែរ​។ ដោយ​សូម​ឲ្យ​អ្នក​នៅ​ផ្នែក​ខាង​ដើម​ទី ដែល​មានទឹក​ប្រភព​ចេញ​មក​ពី​ទឹកឆា​សូម​ផ្អាក​ប្រើប្រាស់​ទឹក ក្នុង​រយៈពេល​៣​ទៅ ៥​ថ្ងៃ ដើម្បី​ឲ្យ​ទឹក​ហូរ​តាម​ប្រឡាយ​ទម្លាក់​មក​ដល់​អ្នក​នៅ​ចុង​ទី​បាន​ប្រើប្រាស់​។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៨ កន្លង ទៅ​អ្នក​នៅ​ឃុំ​គរ ក៏​ធ្លាប់​ត្រូវ​បាន​រូប​លោក​ចុះ​អន្តរាគមន៍​ជួយ សង្គ្រោះ​ដំណាំ​ស្រូវ បាន​ទាំងស្រុង​ដោយ​អ្នក​នៅ​ផ្នែក​ដើម​ទី​បាន​ផ្អាក​ប្រើប្រាស់​ទឹក​រហូត​ដល់ មួ​យស​ប្តា​ហ៍​។ សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​រលក​កម្ដៅ​អែ​ល​នី​ណូ នឹង​ធ្វើ​ឲ្យ​តំបន់​មួយ ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​។ ជាមួយ​នោះ​លោក​អភិបាលខេត្ត​ក៏​បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​ប្រជា​កសិករ ដែល​បង្កបង្កើន​ផល ដំណាំ​ស្រូវ​ពីរ​ដង​សូម​ឱ្យធ្វើ​តែ​១​ដង​ដើម្បី​រក្សា​ទឹក​ទុក​ប្រើ ប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​មិន​ឲ្យ​ខ្វះ​៕
ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត