ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តភាគច្រើនកំពុងចាប់យកយុគសម័យរថយន្តអគ្គិសនី ក្រុមហ៊ុនជប៉ុន Toyota ហាក់បីដូចជាយឺតយ៉ាវក្នុងការប្រឡូកក្នុងរឿងនេះ ព្រោះតែបានផ្តោតសំខាន់តែទៅលើរថយន្ត Hybrid។ នៅថ្ងៃនេះ Lexus UX300e នឹងក្លាយទៅជារថយន្តត្រកូលប្រណិត ដែលមានម៉ាស៊ីនអគ្គិសនីក្នុងម៉ូដែល Lexus។
ការបង្ហាញខ្លួននៅឯពិព័រណ៍រថយន្តក្វាងចូវនៅប្រទេសចិន រថយន្ត Lexus UX 300e នៅតែរក្សានូវម៉ូតរបស់ UX ធម្មតារួមទាំងសំណាញ់ខាងមុខធំ ប៉ុន្តែម៉ាស៊ីនចំហេះត្រូវបានជំនួសដោយម៉ូទ័រអេឡិចត្រិចដែលផលិតកម្លាំង ២០១ សេះនិងកម្លាំងបង្វិល ២២១ ផោន-ហ្វីត។ នៅផ្នែកខាងក្រោម គឺជាអាគុយដែលមានសមត្ថភាពខ្ពស់ ៥៤.៣គីឡូវ៉ាត់ម៉ោង ដែលធ្វើឱ្យរថយន្តមានលំនឹងល្អនៅលើផ្លូវ និង អាចបើកបរបាន ២៤៨ម៉ាយរាល់ការសាកថ្មម្តង។ ដើម្បីទ្រទម្ងន់បន្ថែមដែលបានមកពីអាគុយ Toyota បានបន្ថែមភាពរឹងមាំដល់គ្រឿងក្រោមនៃរថយន្ត។

Lexus បានប្រើប្រាស់បទពិសោធន៍របស់ខ្លួនដែលទទួលបានពីម៉ូដែល Hybrid ដូចជា សេរ៊ី UX Hybrid ដើម្បីអភិវឌ្ឍប្រព័ន្ធថាមពលអគ្គីសនីដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដែលដំណើរការនៅសីតុណ្ហភាពទាបនិងខ្ពស់។ ដោយប្រើឆ្នាំងសាកលឿន ៥០គីឡូវ៉ាត់ ការសាកថាមពលថ្មត្រូវចំណាយពេល ៥០នាទីដើម្បីសាកពេញ។ ប្រសិនប្រើឆ្នាំសាកធម្មតាថាមពល ៦.៦គីឡូវ៉ាត់ គេត្រូវចំណាយពេលប្រហែល ៧ម៉ោង ទម្រាំតែសាកពេញ។
Lexus បានអះអាងថា នៅក្នុងរថយន្ត UX300e មិនមានសម្លេងរំខានអ្វីទាំងអស់ ព្រោះតែវាមានសម្លេងស្ងាត់បំផុតនៅក្នុងត្រកូល។ ខណៈដែលរថយន្តអគ្គិសនីមានសម្លេងស្ងាត់តាំងពីដើមមកហើយ Lexus បានបន្ថែមអ៊ីសូឡង់ការពារសម្លេងពីខាងក្រៅ ដូចជាសម្លេងខ្យល់ និង សម្លេងកកិតសំបកកង់។

Lexus ក៏បានអនុវត្តនូវអ្វីដែលវាហៅថាប្រព័ន្ធត្រួតពិនិត្យសំឡេងសកម្ម ដែលបញ្ជូនសំឡេងព័ទ្ធជុំវិញដោយធម្មជាតិ ដើម្បីអនុញ្ញាតឱ្យអ្នកបើកអាចដឹងពីស្ថានភាពបើកបរ។ តាមរយៈការភ្ជាប់ទៅនឹងស្មាតហ្វូនដោយប្រើកម្មវិធី LexusLink អ្នកបើកបរអាចពិនិត្យមើលស្ថានភាពថ្មនិងកម្រិតបើកបរ។ Lexus UX 300e នឹងដាក់លក់នៅប្រទេសចិននិងអឺរ៉ុបនៅឆ្នាំ ២០២០ និង ជប៉ុននៅដើមឆ្នាំ ២០២១ ប៉ុន្តែ Lexus មិនបាននិយាយថាតើខ្លួនគ្រោងនឹងលក់វានៅអាមេរិកដែរឬអត់នោះទេ ៕
ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង