អាហារដែល​​មិន​អាច​ខ្វះ​បាន ​កំឡុង​អ្នក​ពេល​​មាន​ផ្ទៃពោះ

កំឡុង​ពេល​មាន​ផ្ទៃពោះ គឺជា​ស្ថានភាព​ដ៏​លំបាក​មួយ​សម្រាប់​ស្ត្រី​ដោយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ហើយ​ជៀស​មិន​ផុត​ពី​ការ​អនុវត្ត​តាម​បញ្ជា និង​ការ​ណែនាំ​ជា​ច្រើន​ដើម្បី​ប្រាកដ​ថា​អាច​សម្រាល​បាន​ជោគជ័យ​ឡើយ​។

ការ​រឹង​បន្តឹង​របប​អាហារ គឺជា​ចំណុច​ចម្បង​មួយ​ដែល​ស្ត្រី​ព្រួយបារម្ភ​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ ថ្វី​ត្បិត​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​បាន​ហាម​មិន​ឱ្យ​ទទួលទាន​អាហារ​ជា​ច្រើន​ប្រភេទ​ក៏​ដោយ ក៏​នៅ​មាន​អាហារ​មួយ​ប្រភេទ​ដែល​អ្នក​អាច​ទទួលទាន​បាន​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ និង​ថែម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ទៀត​ផង​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​ស្ត្រី​គួរ​ទទួលទាន​កំឡុង​ពេល​មាន​ផ្ទៃពោះ ៖

១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ទទួលទាន​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​កាល់ស្យូម​បន្ថែម​ដើម្បី​ការ​វិវឌ្ឍន៍​នៃ​កូន​ក្នុង​ផ្ទៃ​ល្អ​ប្រសើរ​។ ផលិត​ផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូច​ជា យ៉ា​អ៊ួ​រ គឺ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​មែនទែន​សម្រាប់​អ្នក។ ការ​ទទួលទាន​យ៉ា​អួរ​មិន​ត្រឹមតែ​ផ្ដល់​ជាតិ​កាល់ស្យូម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​ប្រូ​បាយ​អូ​ទិ​ក ក៏​ដូច​ជា​បាក់តេរី​ល្អ​ៗ​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ផង​ដែរ។

ការ​ទទួលទាន​អាហារ​មាន​ជាតិ​ប្រូ​បាយ​អូ​ទិ​ក ជួយ​កាត់​បន្ថយ​ទប់ស្កាត់​ផលវិបាក​មួយ​ចំនួន​ទៀត​ដូច​ជា​អា​ឡែក​ស៊ី ជំងឺ​ក្រឡាភ្លើង ការ​ឆ្លង​មេរោគ​ក្នុង​ទ្វារមាស និង​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ​។ ទោះជា​យ៉ាងណា​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ជ្រើស​យ៉ា​អួរ​សុទ្ធ​គ្មាន​ជាតិ​ស្ករ ឬ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​។

២. ពពួក​សណ្ដែក legumes ៖ ការ​ទទួលទាន​សណ្ដែក​ពពួក Legumes រួម​មាន​សណ្ដែកខៀវ ឬ​សណ្ដែកក្រហម​ជាដើម​កំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​ទារក​ក្នុង​ផ្ទៃ​។ នោះ​ក៏​ព្រោះតែ​សណ្ដែក​ទាំងនេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាល់ស្យូម ជាតិ folate ជាតិ​ស​សៃ ជាតិ​ដែក និង​ប្រូតេអ៊ីន​។

៣. ត្រី​សម្បូរ​ខ្លាញ់ ៖ នៅ​ចុង​ត្រីមាស​ដំបូង ខួរក្បាល​របស់​ទារក​ចាប់ផ្ដើម​លូតលាស់​អភិវឌ្ឍ​កាន់តែ​លឿន​ជាង​ផ្នែក​ដទៃ​ទៀត​នៃ​រាង​កាយ​។ ដូច្នេះ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង DHA គឺ​សំខាន់​ណាស់​ដើម្បី​ផ្ដល់​សារធាតុចិញ្ចឹម​ចាំបាច់​បន្ថែម​ជួយ​ក្នុង​ដំណើរការ​នេះ​។ ហើយ​ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​DHA​។ ទោះជា​យ៉ាងណា​ចំពោះ​ត្រី​សាល​ម៉ុ​ន អ្នក​មិន​គួរ​ទទួលទាន​ច្រើន​ជាង ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​ឡើយ​។

៣. ស៊ុត ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​រាង​កាយ​ត្រូវការ​។ លើស​ពី​នេះ​ទៅ​ទៀត ស៊ុត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ choline និង Folic acid ដែល​សំខាន់​ជួយ​ការ​អភិវឌ្ឍ​ខួរក្បាល និង​ឆ្អឹងខ្នង​របស់​ទារក​ក្នុង​ផ្ទៃ​។ ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ choline គ្រប់គ្រាន់​កំឡុង​ពេល​មាន​ផ្ទៃពោះ​ក៏​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​ស​សៃ​ប្រសាទ​របស់​ទារក​ផង​ដែរ​។

៤. ផ្កា​ខាត់ណា​ខៀវ និង​បន្លែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម សារធាតុ Folate ជាតិ​ស​សៃ ជាតិ​ដែក ប៉ូ​តា​ស្យូ​ម វីតាមីន A វីតាមីន C និង​វីតាមីន K​។ ហើយ​ពិត​ណាស់​ការ​ទទួលទាន​បន្លែ​បៃតង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ក៏​ដូច​ជា​ទល់លាមក​ដែល​កើតឡើង​កំឡុង​ពេល​មាន​ផ្ទៃពោះ​បាន​យ៉ាង​ប្រសើរ​។

៥. សាច់​គ្មាន​ខ្លាញ់ ៖ សាច់​គ្មាន​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ លើស​ពី​នេះ​ទៅ​ទៀត សាច់​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​កំឡុង​ពេល​មាន​ផ្ទៃពោះ​។

៦. ខ្លាញ់​ថ្លើម​ត្រី ៖ ខ្លាញ់​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ចាំ​បាច់​សម្រាប់​ការ​លូតលាស់​នៃ​ខួរក្បាល និង​ភ្នែក​របស់​ទារក​ក្នុង​គភ៌​។ ខ្លាញ់​ថ្លើម​ត្រី ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ដែល​ជួយ​កាត់​បន្ថយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ក្រឡាភ្លើង​ផង​ដែរ​។

៧. សូកូឡា ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួម​បញ្ចូល​ទាំង​សារធាតុ flavonoids សារធាតុ phenylethylamine សារធាតុ theobromine និង​សារធាតុ​រ៉ែ​ចាំបាច់​ជា​ច្រើន ព្រមទាំង ម៉ា​ញ៉េ​ស្យូ​ម ក៏​ដូច​ជា​ជាតិ​ដែក​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ចៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ ពិសេស​នោះ គឺ​ទប់ស្កាត់​ជំងឺ​ក្រឡាភ្លើង​។ ទោះជា​យ៉ាងណា​ក៏​មិន​ត្រូវ​ទទួលទាន​ច្រើន​ពេក​ដែរ ហើយ​បរិមាណ​ត្រឹម ៣០ ក្រាម​ក្នុង​មួយ​ថ្ងៃ គឺ​ប្រសើរ​បំផុត​!

៨. ផ្លែ​បឺ​រ ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ល្អ​ៗ សារធាតុ folate និង​ប៉ូ​តា​ស្យូ​ម ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ជាតិ​ខ្លាញ់​ល្អ​ៗ​ជួយ​បង្កើន​សុខភាព​ស្បែក ខួរក្បាល និង​ជាលិកា​របស់​ទារក​។ ជាតិ folate ទប់ស្កាត់​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​បញ្ហា​ស​សៃ​ប្រសាទ​។ ហើយ​ជាតិ​ប៉ូ​តា​ស្យូ​ម​វិញ ជួយ​បំបាត់​អាកា​រៈរ​មួល​ក្រ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)