ជាកណ្តាប់ដៃ​ប៉ូលិស​ខ្មែរ ធ្វើ​ឱ្យ​ក្រុម​នេះ​គេច​អត់​រួច

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​សង្ស័យ​ជា​ឧក្រិដ្ឋជន​៥​នាក់ ដែល​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​១០​ម៉ឺន​ដុល្លារ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួននិង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។

Loading...

ជនសង្ស័យ​ទាំង​៥ នាក់​មាន ១-​ឈ្មោះ wang zhaoling ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ២-​ឈ្មោះ yi Ming ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ ៣-​ឈ្មោះ GAO veihao ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ៤-​ឈ្មោះ liv da Meng ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។​និង​៥-​ឈ្មោះ lin ai gao ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ ពួក​គេ​ជា​ជនជាតិ​ចិន និង​បាន​មក​ស្នាក់​នៅ​សណ្ឋាគារ អ៊ិម​ភើ​រៀ បន្ទប់​៣០៣ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ក្នុង​សំណុំរឿង​នេះ​មាន​គ្នា​២​នាក់ ម្នាក់​ឈ្មោះ gong zhi Chang ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ feng xing bo ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ចិន​ដូច​គ្នា ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​អគារ ដឺ​ប្រ៊ី​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម ជា​ជនជាតិ​ចិន​មាន​គ្នា​៥​នាក់ បាន​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​២​នាក់​ខាងលើ រុញ​ចូល​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ដឹក​ចេញ​ទៅ​បាត់ ដែល​គេ​ចាត់ជា​អំពើ​ចាប់ជម្រិត​ទារប្រាក់ ។

ក្រោយ​កើត​មាន​ហេតុការណ៍​នោះ​ឡើង ឈ្មោះ ZHENG GUI HU ដែល​អះអាង​ថា ជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ដោយ​រៀបរាប់​តាម​ដំណើររឿង​ដែល​ជនសង្ស័យ​បាន​ចាប់​ជន​រង​គ្រោះ​នោះ ។ នៅ​ពេល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ករណី​ចាប់ជម្រិត​នោះ លោក​ឧត្តមសេនីយ៍ឯក ង៉ែ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់តាំង​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឲ្យ​ចុះ​សហការ​បើក​ការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​នោះ ។

លុះដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា កម្លាំង​សមត្ថកិច្ច​របស់​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង បាន​រក​ឃើញ​ទីតាំង និង​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ព្រមទាំង​រំដោះ​ជន​រង​គ្រោះ​ទាំង​២​នាក់ ដែល​ពួក​គេ​ចាប់​យក​ទៅ​បង្ខាំង​ទុក ដើម្បី​ជម្រិត​ទារប្រាក់​នោះ​ផង​ដែរ ។

ក្រោយ​ពេល​រំដោះ​ចេញពី​ចំណាប់ខ្មាំង​រួច​មក ជន​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​២​នាក់​ដូច​មានឈ្មោះ​ខាងលើ បាន​ចុះ​ពីលើ​អគារ ដឺ​ប្រ៊ី​ត ក្នុង​គោល​បំណង​ទៅ​ផ្សារ​ដើម្បី​រក​ទិញ​ម្ហូប ស្រាប់តែ​មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​ នាក់ បាន​ធ្វើ​សកម្មភាព​ចាប់​ពួក​គេ រុញ​ចូល​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ​១​គ្រឿង យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុង​សណ្ឋាគារ Imperial Garden ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដោយ​បាន​ធ្វើ​ទារុណកម្ម​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ហើយ​បង្ខំ​ឲ្យ​ពួក​គេ​សរសេរ​លិខិត​ថា បាន​លេងល្បែង​ចាញ់​ពួក​គេ​៥​នាក់ អស់ប្រាក់​២៧.៥០០​ដុល្លារ​អា​មេ​រិ​ក និង​បង្ខំ​ឲ្យ​ផិ្ដ​ត​មេដៃ​លើ​លិខិត​ជំពាក់​នោះ ក្នុង​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ដោយ​មានការ​គំរាមកំហែង​ធ្វើ​ទារុណកម្ម​បែប​នេះ ទើប​ពួក​ខ្លួន​ប្រគល់​កាត ATM ធនាគារ​ប្រទេស​ចិន ឲ្យ​ទៅ​ពួក​គេ​ដែល​ជា​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​យក​កាត ATM ទាំង​អស់នោះ ទៅ​ឆូត​នឹង​ម៉ាស៊ីន​ដក​យក​ប្រាក់​បាន​ចំនួន​៣២.០៦៣​ដុល្លារ​អា​មេ​រិ​ក និង​យក​សាច់​ប្រាក់សុទ្ធ​ពី​ខ្លួន​ពួក​គេ​អស់ ៥.១៦៧​ដុល្លារ​អា​មេ​រិ​ក​ទៀត ។

ជន​រង​គ្រោះ​បាន​បន្ត​ថា ក្រោយ​ពេល​បង្ខាំង​ទុក​ជម្រិត​ទារប្រាក់​អស់ពី​ខ្លួន​ហើយ ជនសង្ស័យ​មិន​បាន​ធ្វើការ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ​ទេ តែ​ជា​សំណាងល្អ បាន​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​បង្ក្រាប និង​រំដោះ​ទាន់​ពេលវេលា កុំ​អី​ពួក​គេ​មិនដឹង​ជា​ត្រូវ​រង​នូវ​អំពើ​ធ្វើ​ទារុណកម្ម​ធ្ងន់​ប៉ុន្មាន​ថ្ងៃ​ទៀត ឬ​ក៏​អាច​ក្រុម​ជន​សង្ស័យ​យក​ទៅ​សម្លាប់​ចោល​ក៏​ថា​បាន ព្រោះ​ក្រុម​ជន​នោះ​មាន​ភាព​សាហាវព្រៃផ្សៃ​ណាស់ ចាត់ទុកជា​ឧក្រិដ្ឋ​​ជន ។ បន្ទាប់​ពី​ស្តាប់​ចម្លើយ​ជន​រង​គ្រោះ និង​ដកហូត​វត្ថុ​តាង​បទល្មើស​ជាក់ស្តែង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​នេះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី នា​ព្រឹក​ម្សិលមិញ​រួចរាល់​​ហើយ ៕ ​