Pirelli បង្កើត​សំបក​កង់​ឡាន​ឆ្លាត​វៃ​ដែល​មាន​ប្រព័ន្ធ 5G ដំបូង​គេ​លើ​លោក

ក្រុមហ៊ុន​ផលិត​សំបក​កង់​អ៊ី​តា​លី Pirelli បាន​បង្កើត​សំបក​កង់​ឆ្លាត​វៃ​ដំបូង​គេ​លើ​ពិភពលោក ដែល​មានឈ្មោះ​ថា​«Cyber Tire» ដែល​អាច​បញ្ជូន​ទិន្នន័យ​ពីលើ​ផ្លូវ​ដោយ​ប្រើ​បណ្តាញ 5G ។ ដើម្បី​បង្កើត​បច្ចេកវិទ្យា​ថ្មី​ដ៏​ឆ្លាត​វៃ​នេះ​បាន Pirelli, Ericsson, Audi, Tim, Italdesign និង KTH បាន​ចូលរួម​គ្នា បង្កើត Pirelli Cyber Tire សម្រាប់​បំពាក់​លើ​រថយន្ត ហើយ​ភ្ជាប់​ទៅ​នឹង​បណ្តាញ 5G ដែល​អាច​បញ្ជូន​ព័ត៌មាន​ស្ថានភាព​ផ្ទៃ​ផ្លូវ ទៅ​ឱ្យ​រថយន្ត​ខាងក្រោយ​។

Loading...

នេះ​អាច​ធ្វើ​ទៅ​បាន​ដោយសារ​តែ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេ​ត 5G ដែល​មានការ​ភ្ជាប់​បាន​ល្អ និង ល្បឿន​មិន​ទាក់​។ ការ​ធ្វើតេស្ត​បង្ហាញ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី «​វិ​ថី 5G ក្នុង​ការ​ទំនាក់ទំនង​ពី​យានយន្ត​ទៅ​កាន់​អ្វី​គ្រប់យ៉ាង​ផ្សេង​ទៀត» ដែល​ត្រូវ​បាន​រៀបចំ​សមាគម​រថយន្ត 5GAA​។

សំបក​កង់ Pirelli Cyber Tire ជា​ចំណុច​តែ​មួយ​គត់​នៃ​ការ​ទំនាក់ទំនង​រវាង​យានយន្ត​និង​ផ្លូវ ហើយ​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ចាប់​សញ្ញា​ខាងក្នុង ដែល​អាច​ប្រមូល​ទិន្នន័យ​ពី​ផ្ទៃ​ផ្លូវ​។ នៅ​ពេល​អនាគត សំបក​កង់​រថយន្ត​នេះ ក៏​នឹង​អាច​ប្រាប់​អ្នកបើកបរ​ថា តើ​ពួក​គេ​បាន​បើកបរ​ចំនួន​ប៉ុន្មាន​ម៉ា​យល៍ សមត្ថភាព​នៅ​សល់​របស់​សំបក​កង់ និង រក​មើល​គ្រោះថ្នាក់​ដែល​អាច​នឹង​កើត​មាន​ឡើង ដូច​ជា​ទឹក ឬ ទឹកកក ដែល​អាច​ធ្វើ​ឱ្យ​សំបក​កង់​រអិល​បាន​។

សំបក​កង់​ឆ្លាត​វៃ​នេះ ក៏​នឹង​អាច​ធ្វើការ​ជាមួយ​ប្រព័ន្ធ​ជំនួយ​បើកបរ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព ផាសុកភាព​នៃ​ការ​បើកបរ និង ល្បឿន​បត់បែន​លើ​ផ្លូវ​។ ព័ត៌មាន​ដែល​សំបក​កង់​ទទួល​បាន នឹង​ផ្ញើ​ទៅ​រថយន្ត​ផ្សេង​ៗ​ទៀត ដើម្បី​ឱ្យ​អ្នកបើកបរ​ផ្សេង​ទៀត ដឹង​ពី​ស្ថានភាព​ផ្លូវ​។

នេះ​មិនមែន​ជា​បច្ចេកវិទ្យា​សំបក​កង់​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​នេះ​ទេ ព្រោះថា Pirelli បាន​ធ្វើ​បទ​បង្ហាញ​ពី​បច្ចេកវិទ្យា​សំបក​កង់ Italia Track Adrenaline របស់​ខ្លួន ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​រថយន្ត​ប្រណាំង ដោយ​មាន​សេន​ស័​រ​ប្រាប់​ពី​សម្ពាធ​ខ្យល់ និង សីតុណ្ហភាព​ក្នុង​សំបក​កង់ ដើម្បី​ជួយ​ដល់​ការ​បើកបរ​លើ​ផ្លូវ​ប្រណាំង ៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង