តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងអនាគតដ៏វែងឆ្ងាយរបស់គាត់នៅ FC Barcelona មិនច្បាស់ កីឡាករ Luis Suarez បានប្រាប់ពីគោលដៅដែលអាចទៅរួច ប្រសិនបើគាត់ចាកចេញពី Camp Nou ។
Suarez បានបង្ហើបឲ្យដឹង កាលពីប៉ុន្មានសប្តាហ៍មុនថា គាត់គ្មានការព្រួយបារម្ភទេ ប្រសិនបើក្រុមយក្សកាតាឡាន់កំពុងតែស្វែងរកអ្នកស្នងតំណែងរយៈពេលវែងរបស់គាត់។ ខ្សែប្រយុទ្ធ Inter Milan និងអាហ្សង់ទីនគឺ Lautaro Martinez ត្រូវបានគេរាយការណ៍ថាជាអ្នកនាំមុខគេក្នុងនាមជាអ្នកជំនួសតំណែងវែងរបស់ Suarez ។

Suarez វ័យ៣២ឆ្នាំបានឈានចូលដំណាក់កាលចុងក្រោយនៃអាជីពរបស់គាត់ គាត់បានសារភាពថាការទៅក្លិបនៅលីគ Major League Soccer គឺជាទិសដៅមួយដែលធ្វើឱ្យគាត់ចាប់អារម្មណ៍ ។
ជើងចាស់នៅ Barcelona បានប្រាប់ថា៖ «លីគ MLS គឺជាលីគដែលរីកចម្រើនខ្លាំងនៅពេលប៉ុន្មានឆ្នាំនេះ ហើយយើងអាចឃើញថាកីឡាករក្មេងបានទៅលេងនៅទីនោះក្នុងរយៈពេល២ឆ្នាំមកនេះ។ នេះបង្ហាញថា លីគចង់លូតលាស់ និង នាំយកកីឡាករទាំងក្មេងៗ និងកីឡាករដែលគ្រោងនឹងចូលនិវត្តន៍ ដើម្បីឱ្យលីគកាន់តែប្រសើរ»។

គេបានបន្តថា៖ «ខ្ញុំមានកុងត្រាជាមួយ Barca ហើយខ្ញុំសប្បាយចិត្តណាស់នៅទីនេះ។ នៅថ្ងៃអនាគត ខ្ញុំមិនអាចដឹងមុនទេ ព្រោះវាគឺជាលីគគួរឱ្យចាប់អារម្មណ៍។ ដោយសារតែខ្ញុំមានសំណាងដែលបានទទួលជោគជ័យនៅកម្រិតកំពូលជាយូរមកហើយ អ្វីដែលខ្ញុំទន្ទឹងរង់ចាំ គឺស្ថិរភាពសម្រាប់គ្រួសារនិងសុខុមាលភាពរបស់កូនៗខ្ញុំ។ ពួកគេទាំងអស់ នឹងធ្វើការសម្រេចចិត្តតាមខ្ញុំ ព្រោះអាមេរិកគឺជាជម្រើសដ៏ល្អ» ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង