តើ​របរ​លក់​សម្ភារ​ប្រើប្រាស់​ចល័តអាច​ទ្រ​ទ្រង់ចិញ្ចឹម​ក្រពះ​បានទេ ​សព្វថ្ងៃនេះ?

1008

រាជធានី​ភ្នំពេញ​ ៖​ អ្នកលក់​សម្ភារ​ប្រើប្រាស់​ចម្រុះ​ដែល​ផលិត​ពី​ពី​ជ័រ ដែក និង​ទូ​ផ្ដៅ ព្រមទាំង​សម្ភារ​សម្រាប​់​ក្មេង​លេង​ចល័ត​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ ត្រូវធ្វើ​ដំណើរ​ត្រាច់ចរ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​ ​ដើម្បី​លក់​ជូន​អតិថិជន​ ដែល​ចង់ជាវ​យក​ទៅ​ប្រើប្រាស់​តាម​ផ្ទះ និង​តម្រូវការ ។

Loading...

ទោះបី​សព្វ​ថ្ងៃ សង្កេត​ឃើញ​ថា​សម្ភារៈ​ទាំងនេះ​មាន​ភាព​សម្បូរ​បែប​នៅ​តាម​ទីផ្សារ​ទូទៅ​ស្ទើរតែ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​យើង​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​ការ​លក់​ចល័ត​នេះ​នៅ​តែ​មាន​ហាងឆេង​កាក់កប ធ្វើ​ឲ្យ​អ្នក​ចាប់​យក​មុខ​របរ​មួយ​នេះ​ពេញចិត្ត​យ៉ាង​ខ្លាំង​ នូវអ្វី​ដែល​ជា​ការ​សម្រេចចិត្ត​និង​ការ​ខំប្រឹង​របស់​ពួក​គាត់ ។ ​ព្រោះ​អាច​រក​ប្រាក់​កម្រៃ​បាន​គួរសម ដោយមិន​ចាំបាច់​ចំណាកស្រុក​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅប្រទេស​ឡើយ ហើយ​អ្វី​ដែល​ពួក​គាត់​ពេញចិត្ត​បំផុត​នោះ ​ទោះ​​រកបាន​តិច​ឬ​ច្រើន ​ក៏​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​បស់​អ្នក​ដទៃ​។

ម្យ៉ាងទៀត​ អ្នក​ប្រកប​របរ​នេះ​ភាគច្រើន​ គឺ​មាន​គ្នា​២​នាក់​បងប្អូន ​ឬ​ប្ដី​-ប្រពន្ធ ហើយ​ក៏​មាន​អ្នកខ្លះ​ដៃជើង​ទ័ល​មានកូន ​តែ​គ្មាន​អ្នក​ជួយ​មើលថែបាន​បិទទ្វារ​ផ្ទះ​ចោល​រួច​ចេញ​ដើរ​លក់ ដោយ​នាំ​យក​កូន​តូច​១​នាក់​ឬ​២​នាក់​ទៅ​តាម​ថែម​ទៀត​ផង​។​ ចំណែក​ការ​ហូប​ចុក​បុក​ទំពារ ​គឺ​ដាំបាយ​ខ្លួនឯង និង​ទិញ​ម្ហូប​ ស្រាប់​ពី​កន្លែង​ដែល​មាន​លក់​ម្ហូប ​។

អ្នក​ដែល​ចាប់​យកមុខ​របរ​មួយ​នេះ ​ធ្វើ​ជា​មុខរបរ​អាជីព​របស់​ខ្លួន​បាន​ប្រាប់កោះសន្តិភាព​ដឹង​ថា ចំពោះ​ការ​លក់ដូរ​មាន​ថ្ងៃ​ខ្លះ​លក់​បាន​តិច ​និង​ថ្ងៃ​ខ្លះ​លក់​បាន​ច្រើន​ មិន​ទៀងទាត់​នោះ​ទេ គឺ​ទៅ​តាម​តំបន់​ដែល​មាន​អ្នក​និយម​ប្រើប្រាស់​សម្ភារៈ​ទាំងនោះ ​តិច​ឬ​ច្រើន​ដែរ​។ ប៉ុន្តែ​បើ​ថា​ឱ្យអត់​សោះ​នោះ ​គឺ​មិន​ដែល​អត់​ឡើយ ។ មិន​​តែប៉ុណ្ណោះ ថ្វី​ដ្បិតតែ​មានការ​នឿយហត់​បន្តិច​មែន តែ​ក៏​អាច​មាន​ពេល​ឈប់​សម្រាក​បាន​ដែរ​ នៅ​ពេល​មានការ​ហត់​អស់កម្លាំង​ខ្លាំង ឬ​មាន​ភ្លៀង​ផ្គរ​រន្ទះ​កើតឡើង ចង់​សម្រាក​ពេល​ណា​ក៏​បាន​ ។​

និយាយ​ឱ្យ​ខ្លី​ចង់​ឈប់​១​ម៉ោង​២​ម៉ោង​១​ថ្ងៃ​២​ថ្ងៃ ក៏​គ្មាន​អ្នកត្រួតត្រា​ពីលើ​ ឬ​ទទួល​ការ​ស្ដីបន្ទោស​ពី​បុគ្គល​ណាមួយ​នាំ​ឈឺក្បាល​ក្ដៅក្រហាយ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ដោយសារ​តែ​ចង់បាន​លុយ​ ពួក​គាត់​មិន​ដែល​ចំណាយពេល​ឈប់​សម្រាក​ឥតប្រយោជន៍​នោះ​ទេ គឺ​មាន​តែ​ការ​ខំប្រឹង​ប្រែង​អត់ធ្មត់​ស៊ូទ្រាំ​ជម្នះ​រាល់​ឧ​ប​ស័គ្គ​ទាំងឡាយ​ហើយ​ប្រយុទ្ធ​ប្រ​ឆាំ​ទៅ​និង​ភាព​ហត់នឿយ គ្រប់​បែប​យ៉ាង​លើកលែងតែ​ពេល​មាន​ជម្ងឺ​មិន​អាច​ចេ​គរ​កកើត​តែ​ប៉ុណ្ណោះ​។

ពួក​គាត់​បន្ត​ថា មុខរបរ​មួយ​នេះ​ អាច​រក​ប្រាក់​ចំណេញ​បាន​គួរសម ប៉ុន្តែ​ក៏​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ដែរ ហើយ​មិន​ត្រឹមតែ​មានការ​នឿយហត់​ប៉ុណ្ណោះ​ទេ ​នៅ​មានកា​ប្រឈម​ទៅ​និង​បញ្ហា​៣​យ៉ាង​ គឺ​ទី​១-មានការ​ភ័យ​ខ្លាច​ក្រុម​ក្មេង​ទំនើង ក្មេង​ហិតកាវ ​និង​ក្រុម​ក្មេង​សេព​គ្រឿងញៀន​ខ្លះ​ៗ​ផង​ដែរ ​ទោះ​ជា​កន្លង​មក ​មិន​ដែល​មាន​បញ្ហា​ជាមួយ​ក្រុម​ក្មេង​ទាំងនោះ​ក៏​ដោយ​។

​ព្រោះ​ការ​ស្នាក់​នៅ​ពេល​យប់​មិន​ទៀងទាត់​ ជួនកាល​សុំ​ព្រះសង្ឃ​ដេក​នៅ​ក្នុង​វត្ត និង​ជួនកាល​ទៀត​សុំ​អ្នក​ភូមិ​ដេក​នៅ​ក្នុង​ទីស្នាក់ការ​ភូមិ​ជាដើម និយាយ​ជា​រួម​យប់​ត្រង់​ណា​ដេក​ត្រង់នោះ​តែ​ម្ដង​។​ ទី​២-​គឺ​ត្រូវការ​ចូល​ជ្រៀត​ជ្រក​លក់​គ្រប់​ច្រកល្ហក​ទាំង​ផ្លូវ​តូច ​និង​ផ្លូវ​ធំ​ហើយ​មាន​ផ្លូវ​ខ្លះ​លំបាក​ត្រូវ​ជាប់ផុង​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិន​រួច ទំ​រាំ​តែ​ពឹងពាក់​អ្នកដំណើរ​ឬ​អ្នក​ភូមិ​ជួយ​រុញ​បាន​ម្ដង​ៗ​ មិនមែន​ងាយស្រួល​ប៉ុន្មាន​ឡើយ​។ ​ទី​៣-ការ​បើកបរ​ដឹក​ធ្ងន់​ប្រឈម​ទៅ​ និង​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ ដែល​មាន​ចរាចរណ៍​មមារ​ញឹក​ជាដើម​។

ដោយឡែក ​បុរស​ម្នាក់​ឈ្មោះ រិ​ទ្ធ អាយុ​២៦ រស់នៅ​ក្នុងភូមិ​ត្រោក ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រុំ ខេត្ត ស្វាយ​រៀង បាន​និយាយ​ថា​ លោក​ទើបតែ​ចាប់​យកមុខ​របរ​មួយ​នេះ ​បាន​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ​។ ដោយ​បើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺម៉​ក​ចេញ​ដើរ​លក់​គ្រប់​ទីកន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និងបានទៅ​ដល់​ខេត្​តកំពង់ស្ពឺ និង​ខេត្ត​កំពង់​ឆ្នាំ​​ផង​ដែរ​។ ​

លោកបាន​នាំ​ប្រពន្ធ​និង​កូនស្រី​តូច​អាយុ​ជាង​៨​ខែ​រួម​ដំណើរ​ជាមួយ​។​ ចំណែក​ផ្ទះ​ត្រូវ​បាន​បិទទ្វារ​ចោល​គ្មាន​អ្នក​មើល​នោះ​ទេ ព្រោះ​នៅផ្ទះ​របស់​លោក​ មាន​តែ​២​នាក់​ប្ដី​ប្រពន្ធ និង​កូនស្រី​តូច​នេះ​ប៉ុណ្ណោះ ចំណែក​ឪពុក​ម្ដាយ​រស់នៅ​ផ្ទះ​ផ្សេង​ រីឯ​បងប្អូន​សុទ្ធតែ​ជាប់រវល់​នៅ​ក្នុង​ការ​រក​សុ​ី​រៀង​ៗ​ខ្លួន​។

លោក​រិ​ទ្ធបាន​រៀបរាប់​ថា លោក​និង​ប្រពន្ធ​ទើប​រៀប​ការ​បាន​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ ហើយ​នៅ​មុន​និង​ក្រោយ​ពេល​រៀប​គឺ​លោក​ធ្វើ​ជា​កម្មករ​សំណង់ ចំណែកឯ​ប្រពន្ធ​លោក​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​។​ចំពោះ​រូប​ធ្វើ​សំណង់​តាំងពី​មិន​ទាន់​ចេះ ​រហូត​ដល់​ក្លាយទៅជា​ង​អាច​ធ្វើ​ជា​មេជាង​ក៏​បាន​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​រក​លុយ​បាន​សល់​ជា​ដុំ​កំភួន​សម្រាប់​ឲ្យ​មាន​ភាព​កក់ក្ដៅ​ក្នុង​គ្រួសារ​សោះ​។​ មិនតែប៉ុណ្ណោះ​ ដូច​ដឹង​ស្រាប់​ហើយ ​ការងារ​ជា​កម្មករ​សំណង់​ពិតជា​នឿយហត់ ​និង​លំបាក​ខ្លាំង​ណាស់ ហើយ​លោក​និង​ប្រពន្ធ​បាន​រួមដៃគ្នា​ធ្វើការ​ពី​១​ខែ​ ទៅ​១​ខែ​គ្រាន់តែ​បាន​ត្រឹម​១​គែ​ៗ​ប៉ុណ្ណោះ​ មិន​អាច​ចាយ​គ្រប់​និង​សល់​ខ្លះ​ឡើយ​។

​លោក​និង​ប្រពន្ធ​នាំ​គ្នា​រិះរក​មុខរបរ​ផ្សេង ហើយ​បាន​សម្លឹង​ឃើញ​អ្នក​ភូមិ​ជាមួយ​គ្នា​ ខ្លះ​រក​សុ​ី​មុខរបរ​លក់​សម្ភារ​ប្រើប្រាស់​ចម្រុះ​ច្រើន​មុខ​ផលិត​ពី​ជ័រ ដែក និង​របស់រប​ក្មេង​លេង​នេះ និង​ខ្លះ​ដឹក​តុ​កៅអី​លក់ មើល​ទៅ​ហាក់​មានការ​កាក់កប​នោះ ទើប​លោក​និង​ប្រពន្ធ​ក៏​បាន​សម្រេចចិត្តរ​កតាម​អ្នក​ភូមិ​ដែរ ​។ បុរស​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ការ​សម្រេចចិត្ត​រួច​លោក​បាន​រៀបចំ​ទិញ​កន្ទុយ​រ៉ឺ​ម៉ក​និង​ប្រើ​ម៉ូតូ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ដើម្បី​អូស និង​ទិញ​សម្ភារៈ​ប្រើប្រាស់​ចម្រុះ​ដែល​ផលិត​ពី​ជ័រ ដែក ផ្ដៅ និង​គ្រឿង​ក្មេង​លេង ព្រមទាំង​របស់របរ​ច្រើន​មុខ​ទៀត​ពី​ផ្សារ​ព្រែក​ក្ដាម ស្រុក​ពញាឮ ខេត្តកណ្ដាល រួច​ហើយ​ដឹក​ដើរ​លក់​។​ប៉ុន្តែ​អ្វី​ដែល​ជួប​ការ​លំបាក​ក្នុង​ពេល​ចាប់ផ្ដើម​រក​សុ​ី​ដំបូង​នោះ​គឺ​លោក​មានការ​ខ្វះខាត​ដើមទុន​មួយ​ចំនួន ព្រោះ​ទាំង​ម៉ូតូ រួម​ជាមួយ​កន្ទុយ​រ៉ឺ​ម៉ក​និង​ឥ​វាន់​ដាក់​លក់​ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ​។

ពេល​នោះ​លោក​និង​ប្រពន្ធ​បាន​សម្រេចចិត្ត​មិន​ខ្ចីប្រាក់​ពី​ធនាគារ​ឡើយ ព្រោះ​ខ្លា​ចរក​មិន​បាន​គ្មាន​ប្រាក់​សម្រាប់​បង់​ឲ្យ​ធនាគារ ក៏​ដាច់​ចិត្ត​ខ្ចីប្រាក់​ពី​បងប្អូន ខណៈនោះ​បងប្អូន​បាន​ឲ្យ​ខ្ចី​ដូច​បំណង​ពុំ​មានការ​ទើស​ទាល់​ឡើយ ។​ មិនតែប៉ុណ្ណោះ​ បាន​ជំរុញ​ឲ្យ​លោក​និង​ប្រពន្ធ​ចាប់​យកមុខ​របរ​មួយ​នេះ​ឲ្យ​ជាប់​កុំ​លែង​ឲ្យ​សោះ ហើយ​ទោះបី​បំណុល​ត្រូវ​តែ​មាន​សំណង​ក្ដី​ក៏​រូប​លោក​និង​ប្រពន្ធ​មានការ​រំភើប​និង​អរគុណ​បងប្អូន​របស់​លោក​យ៉ាង​ខ្លាំង​ដែល​បាន​ជួយ​ជ្រោមជ្រែង​និង​លើក​កម្លាំងចិត្ត​លោក​ឲ្យ​រក​សុ​ី​បែប​នេះ​។

លោក​រិ​ទ្ធ បាន​ប្ដេជ្ញា​ថា លោក​និង​យកមុខ​របរ​នេះ​ ធ្វើ​ជា​មុខរបរ​អាជីព​របស់​ខ្លួន​ជា​រៀង​រហូត​តែ​ម្ដង ​មិន​អាច​បោះបង់​ចោល​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​ ឬ​ឲ្យ​ប្រពន្ធ​ទៅ​ធ្វើការ​រោងច​ក្រ​វិញ​ឡើយ ​។ ​ព្រោះ​មុខរបរ​នេះ​កាក់កប​គួរសម​ ដែល​ថ្ងៃ​ខ្លះ​លោក​អាច​លក់​បាន​គិត​ទាំង​ដើម​និង​ចំណេញ​សរុប​២០​ម៉ឺន​រៀល​ និង​ថ្ងៃ​ខ្លះ​ទៀត​អាច​លក់​៣០​ម៉ឺន​រៀល ហើយ​ក្រោយ​ពី​ការ​ទូទាត់​ទៅ​លើ​ការ​ចំណាយ​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ​ទៅ​គឺ​នៅ​សល់​អាច​ទទួលយក​បាន​។​