ខេត្តស្ទឹងត្រែង ៖ ក្រោមការយកចិត្តទុកដាក់ថែរក្សាសម្បត្តិវប្បធម៌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានរៀបចំចុះបញ្ជីបន្ថែមនូវទួលប្រាសាទកំណប់ និងស្រះទឹកបុរាណ ដើម្បីអភិរក្សមរតកនេះទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងឈានទៅបង្កើតជារមណីយដ្ឋានវប្បធ៌មទេសចណ៍នៅឆ្នាំ២០២០ខាងមុខនេះ។

លោកស្រីញើត សារឿន ប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា តំបន់ប្រាសាទចំនួន៧កន្លែងបានចុះបញ្ចីជាផ្លូវការរួចរាល់ហើយ ក្នុងនោះរួមមាន ប្រាសាទបាដើម, ប្រសាទបាចុង, ប្រាសាទ៩ល្វែង, ប្រាសាទគូ, ប្រាសាទភ្នំធាតុ, ប្រាសាទព្រះគោ និងទួលប្រាសាទជាដើម ។

លោកស្រីប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្ត បានបន្តថា បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធបានឯកភាពគ្នាចុះបញ្ជីទួលប្រាសាទកំណប់មួយទៀតដើម្បីអភិរក្សទុក ព្រោះជាមរតកដូនតាយើងនៅសេសសល់ពីសម័យដើមមកដែរ ។ លោកស្រីបន្ថែមថា ទីតាំងបុរាណនេះគឺដោយបានការចូលរួមសហការពីលោកអភិបាលស្រុក ហើយកំណត់តំបន់ចំណុចនិយាមការឱ្យបានជាក់លាក់ ដើម្បីធ្វើការចុះបញ្ជី ដូច្នេះទាក់ទិននឹងផលប៉ះពាល់ផ្សេងៗទាំងអស់ សំណូមពរឱ្យលោកអភិបាលស្រុកផ្ទាល់ជួយដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា។

លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានគាំទ្រចំពោះកិច្ចសហការនេះ ព្រោះនៅពេលអភិរក្ស ហើយវាបានផ្តល់នូវសក្តានុពលថ្មីមួយទៀត បង្កលក្ខណៈឱ្យផ្នែកជំនាញរៀបចំជាតំបន់រមណីយដ្ឋានទេសចរណ៍បែបវប្បធ៌ម សម្រាប់ភ្ញៀវមកទស្សនានៅក្នុងភូមិនេះ ។ លោកបន្តថា អាជ្ញាធរបានពិគ្រោះជាមួយម្ចាស់ដីនៅជាប់តំបន់នេះ ដើម្បីឱ្យពួកគាត់បរិច្ចាគផ្ទៃដីមួយចំនួនធ្វើជាតំបន់អភិរក្សប្រាសាទនេះរួចហើយនូវទំហំ៥០ម៉ែត្របួនជ្រុង ។ ដោយឡែកយើងប្រទះឃើញមានស្រះមួយចំនួននៅខាងក្រោយទៀត យើងនឹងសុំបរិច្ចាគពីប្រជាពលរដ្ឋ ដើម្បីឱ្យគាត់ចូលរួមអភិរក្សវប្បធម៌ជាកំណប់វប្បធម៌ដល់កូនចៅជំនាន់ក្រោយ។

លោក សំចាន់ ថន ប្រជាពលរដ្ឋភូមិហាងសាវ៉ាត ជាម្ចាស់ដីនៅជាប់ទួលប្រសាទនេះបានអះអាងថា លោកមិនទំទាស់នឹងការស្នើសុំនេះទេ តែសូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយផ្នែកកម្លាំងពលកម្មណាមួយឱ្យសមស្របជូនមកពួកគាត់ជាកសិករផង។

លោក ខៅ ម៉ន មេភូមិហាងសា វ៉ាត បានគាំទ្រការស្នើសុំនេះតែបងប្អូនប្រជាពលរដ្ឋគួរគិតពីផលប្រយោជន៍រួមវិញ ព្រោះពេលយើងរៀបចំជារមណីយដ្ឋានទេសចរណ៍វប្បធម៌ មានភ្ញៀវមកទស្សនាច្រើន បងប្អូនអាចរកប្រាក់ចំណូលបានជាអចិន្ត្រៃយ៍ពីការលក់ដូរ ហើយនៅភូមិយើងក៏មានភាពអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
