លោក ថោ​ង ខុន បើក​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​​គណៈកម្មការ​ជំនាញ​ពិសេស​ចំនួន​6

130

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា លោក​រដ្ឋមន្ត្រី ថោ​ង ខុន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ គណៈកម្មការ​ជំនាញ​ពិសេស​ចំនួន​៦ ដែល​ជា​គណៈកម្មការ​ឈានមុខ​ដើម្បី​រៀបចំ​ផែនការ​ការងារ​របស់​ខ្លួន​ចាប់ពី​ដើមឆ្នាំ​២០២០​តទៅ ។

Loading...

មាន​ប្រសាសន៍​ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​CAMSOC បាន​ផ្តល់​ខ្លឹមសារ​រួម​ស្តី​ពី​កិច្ចប្រជុំ​នេះ​ថា គណៈ កម្ម​ការ​ជំនាញ​ចំនួន​៦​នេះ​មាន​រចនាសម្ព័ន្ធ​គ្រប់ គ្រង​របស់​ខ្លួន​រួចរាល់​អស់ហើយ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ការងារ និង​គម្រោង​ថវិកា សម្រាប់​ដំណើរការ ។

លោក​អគ្គលេខាធិការ បាន​លើក​ឡើង​នូវការ​ចង្អុលបង្ហាញ​របស់​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ដោយ​បែងចែក​ការងារ​ជូន​ដល់​គណៈកម្មការ​ជំនាញ​ទាំងនេះ និង​ត្រួតពិនិត្យ​សកម្មភាព​ការងារ​ជា​ប្រចាំ ។ កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​ការ​កំណ​ត់​លើ​ប្រភេទ​កីឡា ការ​កំណត់​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ ការ​រៀបចំ​គ្រោង​ពិធី​បើក​-​បិទ ការ​អប់រំ ផ្សព្វផ្សាយ​ទាក់ទង​ទៅ​នឹង​យុទ្ធនាការ​មួយ​ចំនួន ហើយ​ត្រូវ​យក​ទៅ​ឆ្លង​ថ្នាក់ដឹកនាំ ដោយ​ត្រូវ​ចាប់​ដំណើរការ​ពី​ឆ្នាំ​២០២០ ដើម្បី​ឆ្ពោះទៅ​ទទួល​រៀប ចំ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ ។

លោក វ៉ា​ត់ ចំរើន អះអាង​ទៀត​ថា ចាប់ពី​ដើមឆ្នាំ​២០២០​តទៅ គណៈកម្មការ​ជំនាញ​ទាំង នេះ នឹង​ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន​ដើម្បី​បំផុស​ចលនា​ផ្សព្វផ្សាយ​ស៊ី​ហ្គេ​ម​ផង និង​កំណត់​ផែនការអភិវឌ្ឍន៍​កីឡា​ផង ដែល​យើង​កំណត់​គោលដៅ​ថា ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៩​នេះ​គឺជា​ដំណាក់កាល​ទី១​នៃ​ការ​កំណត់​ប្រភេទ​កីឡា​គោល ត្រៀម​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ និង​ដាក់​ចេញ​នូវ​វិធានការ​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា បូក​ជាមួយនឹង​ផែនការអភិវឌ្ឍន៍​ឲ្យ​ដល់​ឆ្នាំ​២០២៣ ។

រីឯ​សម្រាប់​ដំណាក់កាល​ទី​២ ក្រោយ​ស៊ី​ហ្គេ​មនៅ​ប្រទេស​វៀតណាម​ឆ្នាំ​២០២១ នឹង​មានការ​រុះ​រើប​កែសម្រួល​បន្តិចបន្តួច ។ សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន CAMSOC បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​សិក្សា​ស្រាវជ្រាវ ដកស្រង់​បទ​ពិសោធន៍​នៃ​ការ​គ្រប់គ្រង​ដឹកនាំ​នៃ ការ​រៀបចំ​របស់​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៩​នេះ ហើយលោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ចង្អុលបង្ហាញ
ឲ្យ​មន្ត្រី CAMSOC ទាំងអស់​ត្រូវ​យក​បទ​ពិសោធន៍​ចំណុចខ្លាំង ចំណុចខ្សោយ មក​កែ សម្រួល​សម្រាប់​ការងារ​របស់​កម្ពុជា​យើង ។

លោក វ៉ា​ត់ ចំរើន បន្ថែម​ទៀត​ថា នៅ​ក្នុងកំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក កម្ពុជា បាន​ឯកភាព​គ្នា​លើ​កិច្ចការ​ជួយ​ជំរុញ​អភិវ​ឌ្ឍ​ប្រភេទ​កីឡា​ជាតិ​ទាំងអស់​ឲ្យ​មាន​មានការ​រីក​ចម្រើន ដើម្បី​ដើរ​ឲ្យ​ទាន់​គ្នា ស្រប​តាម​ផែនការមេ ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ប្រភេទ​កីឡា​ទាំងអស់​ដែល​ត្រៀម​នោះ មិន​ប្រាកដ​ថាប​ញ្ជូ​ល​ក្នុង​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ទាំងអស់​ទេ ដោយ​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​វាយតម្លៃ​ពី​ការ​ដឹកនាំ​គ្រប់គ្រង​របស់​សហព័ន្ធ​កីឡា​ជាតិ​នានា បូក​រួម​ទាំង​ស្តង់ដារ​បច្ចេកទេស​មាន​ភាព​ច្បាស់លាស់ ។

ដូច្នេះ ក្រោយ​ពី​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៩​នេះ​ទៅចំពោះ​ប្រភេទ​កីឡា​ណាខ្លះ ដែល​មិន​ទាន់​មានការ​អភិវឌ្ឍ ឬ​មាន​បញ្ហា​មិន​ប្រក្រតី​នៅ​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ នឹង​ត្រូវ​ចាត់​ចូល​ក្នុង​ប្រភេទ​កីឡា​បម្រុង ដោយ​នឹង​ទទួល​បានការ​ជួយ​ជ្រោ​មជ្រែង​បន្ថែម​ល្បឿន ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​មាន
ការ​រីក​ចម្រើន​សម្រាប់​ប្រភេទ​កីឡា​ចន្លោះ​ពី​៣០​ដល់​៣៥​ប្រភេទ​កីឡា​។

លោក​ស្នើ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កំណែទម្រង់​ស៊ី ជម្រៅ​នេះ​ទទួល​បាន​ជោគជ័យ ហើយ​ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​តែ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​មានការ​ចូលរួម លះបង់​នូវ​ផល​ប៉ះពាល់​ទាំងអស់ ដើម្បី​រួម​គ្នា​ទៅ​សម្រេច​ជោគជ័យ​សម្រាប់​ជាតិ​ទាំងអស់​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)