ប្រទេសអង់គ្លេស-វៀតណាម ៖ បណ្ដាជនអន្តោប្រវេសន៍វៀតណាមដែលរកឃើញក្នុងរថយន្តកុងតឺន័រក្លាសេមូយ កាលពីដំណាច់ខែតុលានៅជិតទីក្រុងឡុងដ៏ ត្រូវបានបញ្ជូនកាលពីថ្ងៃទី២៧វិច្ឆិកា ទៅប្រទេសវៀតណាមវិញហើយ ក្រោយការរង់ចាំចាប់តាំងពីច្រើនសប្ដាហ៍មកហើយ របស់សាច់ញាតិគ្រួសាររបស់ពួកគេ។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ VIETNAM AIRLINES ហោះមកពីអង់គ្លេសបានចុះនៅព្រលានយន្តហោះក្រុងហាណូយ ជាមួយមឈូសដាក់ជនអន្តោប្រវេសន៍១៦នាក់ដំបូងដែលបញ្ជូនមក មឈូសទាំងនេះត្រូវបានដឹកចេញបន្តតាមរថយន្តជាច្រើនគ្រឿងឆ្ពោះទៅកាន់ខេត្តផ្សេងៗនាភាគកណ្ដាលវៀតណាម ដែលពួកគេមានប្រភពនៅទីនោះ។ ចំណែកមនុស្ស២៣នាក់ទៀត ត្រូវបញ្ជូនមកនាប៉ុន្មានថ្ងៃខាងមុខ។
បុរស៣១នាក់ និងនារី៨នាក់ ក្នុងនោះមានក្មេងជំទង់អាយុ១៥ឆ្នាំ២នាក់ ត្រូវបានរកឃើញកាលពីថ្ងៃទី២៣ តុលា នៅក្នុងកុងតឺន័រមួយ នាតំបន់ឧស្សាហកម្ម GRAYS ខាងកើតក្រុងឡុងដ៏។ កុងតឺន័រនោះដឹកមកពីកំពង់ផែបែលហ្ស៊ិកមួយ។ ជនរងគ្រោះច្រើននាក់ក្នុងចំណោមជនរងគ្រោះទាំងនេះ មកពីតំបន់ក្រីក្របំផុតទាំងឡាយនាភាគកណ្ដាលវៀតណាម។ គ្រួសារពួកគេត្រូវខ្ទីលុយគេច្រើនពាន់ដុល្លារ ដើម្បីបញ្ជូនសាច់ញាតិម្នាក់ទៅកាន់អង់គ្លេស។
ចំពោះការបញ្ជូនមកប្រទេសវិញ អាជ្ញាធរបានឲ្យសាច់ញាតិ ជ្រើសរើសក្នុងចំណោមជម្រើស២ ៖ ជម្រើសទីមួយ ត្រូវបង់ប្រាក់១៧៧៤ដុល្លារ សម្រាប់នាំយកធាតុមកបញ្ចុះ ហើយជម្រើសមួយទៀត បង់ប្រាក់២៨៥៨ដុល្លារ សម្រាប់ការនាំជនរងគ្រោះមកដាក់ក្នុងមឈូស៕ (កែសម្រួលដោយ ៖ បុប្ផា)